នៅក្នុងវេទិកាប្រចាំឆ្នាំមួយដែលរៀបចំឡើងនៅក្នុងទីក្រុងប៉េកាំង អ្នកជំនាញការចិនបានជំរុញឲ្យអ្នកដែលពាក់ព័ន្ធគាំទ្រការបង្កើតនូវចង្កោមខ្សែចង្វាក់ផ្គត់ផ្គង់ដ៏រឹងមាំមួយដោយខ្លួនឯង ដើម្បីត្រៀមខ្លួននៅពេលដែលអាមេរិកដាក់ចិនឲ្យនៅឯកោរ បើទោះបីមកដល់ពេលនេះ ខ្សែចង្វាក់ផលិតកម្មនៅលើពិភពលោក ពិបាកនៅក្នុងការសម្រេចបាននូវផលិតកម្មមួយដែល មិនពឹងពាក់គេក៏ដោយ ។
អតីតអភិបាលក្រុង ឆុងឈីង គឺ ហួង ឈីហ្វាន (លោក Huang Qifan) បានប្រាប់វេទិកាប្រចាំឆ្នាំកម្រិតខ្ពស់ក្នុងទីក្រុងប៉េកាំងនោះថា ចិនត្រូវការជាចាំបាច់នូវការកែសម្រួលយុទ្ធសាស្រ្តដើម្បីជៀសវាងរបាំងពន្ធចំពេលមានសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននៅតែស្ថិតនៅក្នុងស្ថាន ភាពមិនប្រាកដ។
លោក បានប្រាប់អ្នកដឹកនាំធុរកិច្ច និងអ្នកបង្កើតគោលនយោបាយនៅវេទិកាអភិវឌ្ឍន៍ចិន ថា ក្រុមហ៊ុនបរទេសប្រហែល ៦០% ដែលបានចុះបញ្ជីថ្មីនៅក្នុងប្រទេសថៃ ឬវៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺជាកម្មសិទ្ធិរបស់ចិន ដើម្បីធ្វើពិពិធកម្មនៃខ្សែចង្វាក់ផលិតកម្ម ។
បើតាមការលើកឡើងរបស់ លោក Huang Qifan រោងចក្រឧស្សាហកម្មទាំងនេះ គឺកំពុងតែផលិតយ៉ាងសកម្មនូវផលិតផលជាច្រើនរាប់ចាប់តាំងពីសម្លៀកបំពាក់ គ្រឿងបង្គំអេឡិចត្រូនិក ខ្សែរភ្លើង អគ្គីសនី ...។ល។
លោកបានបញ្ជាក់ថា “ តម្រូវការចាំបាច់បំផុតរបស់ចិននៅពេលនេះ គឺការកសាងចង្កោមឧស្សាហកម្មដ៏រឹងមាំ “ ។
សូមបញ្ជាក់ថា ដោយសារតែសង្រ្គាមពាណិជ្ជកម្ម និង ការរីករាលដាលនៃមេរោគកូវីដ ១៩ ប្រមាណជា ជិត ៣ ឆ្នាំ បស្ចឹមប្រទេសក៏កំពុងតែព្យាយាមបញ្ឈប់ការពឹងផ្អែកលើចិនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Apple និង Dell ជាដើម កំពុងផ្លាស់ប្តូរប្រតិបត្តិការផលិតរបស់ពួកគេពីចិនទៅកាន់រោងចក្រនៅអាស៊ីអាគ្នេយ៍ និង ឥណ្ឌា ៕