ជាមួយគ្នានោះដែរ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវកិច្ចប្រឹងប្រែងជាច្រើនរបស់កម្ពុជា ដើម្បីដោះស្រាយវិបត្តិដែលកំពុងជាប់គាំងនៅមីយ៉ាន់ម៉ា ក៏ដូចជាជំហរក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន ជាដើម។
សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី១២ ខែឧសភា ក្នុងដំណើរអញ្ចូលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក បានចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយនឹងមេដឹកនាំអាស៊ាន និងសមាជិកសភាអាមេរិក ដែលរៀបចំឡើងដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិក។ នាឱកាសនោះ ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ពីទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក និងលើកអំពីការខិតខំព្យាយាមរបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយសភាពការណ៍ នៅមីយ៉ាន់ម៉ា។ សម្ដេចក៏បានចែករំលែកនូវអ្វី ដែលជាការងាររបស់សម្ដេច ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការខិតខំទាំងឡាយ ធ្វើយ៉ាងណាកុំឱ្យមានអំពើហិង្សាបន្តទៀត។ ជាពិសេស ជំរុញឱ្យមានបទឈប់បាញ់ ក៏ដូចជាជំរុញឲ្យមានជំនួយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលសម្ដេចចាត់ទុកជាការខិតខំរបស់អាស៊ាន ក៏ដូចជាការខិតខំរបស់ប្រធានអាស៊ាន និងអគ្គលេខាធិការអាស៊ាន។
ក្រៅតែពីលើកអំពី កិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាហើយនោះ ក្នុងនាមប្រធានអាស៊ាន សម្តេចចង់ឃើញអាមេរិក បន្តដើរតួនាទីសំខាន់ក្នុងការងារអាទិភាពមួយចំនួន ដូចជាបរិស្ថាន ការប្រែប្រួលអាកាសធាតុធាតុ ការជួយទៅដល់វិស័យសុខាភិបាល ជាពិសេសបញ្ហាកូវីដ១៩ កន្លងមកសហរដ្ឋអាមេរិក បានផ្ដល់ជំនួយវ៉ាក់សាំង ក៏ដូចជាជំនួយផ្សេងទៀត ដល់បណ្ដាប្រទេសសមាជិកអាស៊ាន។ ជាមួយគ្នានេះ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ក៏សង្ឃឹមថានឹងមានការពង្រឹង និងពង្រីកសេដ្ឋកិច្ច រវាងសហរដ្ឋអាមេរិក និងអាស៊ានកាន់តែប្រសើរឡើងថែមទៀត ដោយសារកន្លងមកនេះ អាស៊ាន-សហរដ្ឋអាមេរិក មានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលជាកិច្ចព្រមព្រៀងក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងគ្នាផងដែរ។
ក្រៅពីជំនួបអាហារថ្ងៃត្រង់ជាមួយមេដឹកនាំប្រទេសអាស៊ាន និងសមាជិកសភាអាមេរិក ដែលរៀបចំឡើងដោយលោកស្រី ណានស៊ី ភេឡូស៊ី ប្រធានសភាសហរដ្ឋអាមេរិកហើយនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនវិនិយោគអាមេរិក មួយចំនួនទៀត ដើម្បីពិភាក្សាអំពីស្ថានភាពនៃការអភិវឌ្ឍន៍ និងការវិនិយោគ ថ្មីៗ របស់កម្ពុជា ក៏ដូចជា បង្ហាញជំហររបស់សម្ដេចក្នុងនាមជាប្រធានអាស៊ាន ក្នុងការដោះស្រាយបញ្ហានានា ដែលកំពុងកើតមានក្នុងតំបន់ផងដែរ។
បន្ទាប់ពីនោះ នៅពេលល្ងាចថ្ងៃទី ១២ ឧសភា សម្តេចតេជោ ក៏បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេលល្ងាច ដែលរៀបចំដោយលោកចូ បៃឌិនប្រធានាធិបតីអាមេរិក។ នាឱកាសនោះ លោកចូ បៃឌិន បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលនៅពេលនេះ ធ្វើឡើងស្របគ្នាខួបលើកទី៤៥ឆ្នាំ នៃទំនាក់ដៃគូសន្ទនារវាងអាស៊ាន និងសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាមេរិកអាស៊ាន លើកនេះ គឺមានលក្ខណៈពិសេស ដែលរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ហើយជាទំព័រថ្មីនិងសករាជថ្មី ក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអាស៊ាន។ អាស៊ាន គឺនៅក្នុងបេះដូងរបស់សហរដ្ឋអាមេរិក ក្នុងក្របខណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ហើយមិនត្រឹមតែប៉ុណ្ណោះទេ អាមេរិក មានភាពរីករាយក្នុងការដំឡើងពីដៃគូយុទ្ធសាស្ត្រទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសហរដ្ឋអាមេរិក និងអាស៊ាន។
សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទអាស៊ានរួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ដែលផ្អែកលើស្មារតីដែលអាស៊ានបាននិងកំពុងខិតខំរួមគ្នាដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក៏ដូចជាលើកកម្ពស់ការអនុវត្តនូវវិបុលភាពប្រកបដោយចីរភាពនិងបរិយាបន្ន ជាការពិតយើងក៏ទទួលស្គាល់តួនាទីប្រកបដោយភាពវិជ្ជមានរបស់ដៃគូខាងក្រៅរបស់អាស៊ាន ជាពិសេសសហរដ្ឋអាមេរិក នៅក្នុងដំណើរការទាំងមូលនេះ។
សម្ដេចតេជោបន្ថែមថា អាស៊ានសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិក បានធ្វើសម្រាប់តំបន់។ សម្តេចតេជោក៏បានអញ្ជើញ ប្រធានាធិបតី ចូ បៃឌិនដោយផ្ទាល់ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ត្រូវបានប្រារព្ធធ្វើឡើង នៅទីក្រុងវ៉ាស៊ិនតោន សហរដ្ឋអាមេរិក រយៈពេល ២ថ្ងៃ ពោលចាប់ពីថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ហើយកិច្ចប្រជុំសំខាន់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ស្អែកនេះតែម្ដង៕