ការទិញ-លក់អចលនវត្ថុ

អ្នកជំនាញថា ការបន្ធូរបន្ថយចំពោះអ្នកទិញអចលនវត្ថុបង់រំលស់ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន


ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មើលឃើញថា ការអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុបន្ធូរបន្ថយចំពោះអ្នកទិញអចលនវត្ថុនៅអំឡុងពេលដ៏លំបាកនៃការផ្ទុះរាលដាលជាថ្មីនៃការឆ្លងកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ មានទាំងផលវិជ្ជមានផងដ និងអវិជ្ជមានផង។ វិជ្ជមាន គឺត្រង់ថា ការអំពាវនាវនេះ នឹងជួយសម្រួលបន្ទុកហិរញ្ញវត្ថុដល់អ្នកទិញអចលនវត្ថុ។ ប៉ុន្ដែ វាក៏មានផលអវិជ្ជមានអាចកើតឡើងចំពោះក្រុមហ៊ុនអភិវឌ្ឍន៍ ឬម្ចាស់បុរីដែរ ដ្បិតថាក្រុមហ៊ុនមួយចំនួន ក៏ខ្ចីប្រាក់ពីធនាគារដើម្បីមកធ្វើការអភិវឌ្ឍដែរ។
អ្នកជំនាញថា ការបន្ធូរបន្ថយចំពោះអ្នកទិញអចលនវត្ថុបង់រំលស់ មានទាំងផលវិជ្ជមាន និងអវិជ្ជមាន
ដោយ

អ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ឋាន​កម្ពុជា និង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន លី ហួរ គ្រុប បាន​លើក​ឡើង​ដែរ​ថា ផល​ប៉ះពាល់​នៃ​កូ​វី​ដ​-១៩ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ក៏​មានការ​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ​។

អ្នកឧកញ៉ា លី ហួរ មាន​ប្រសាសន៍​ថា «​ក្រុមហ៊ុន​សុទ្ធតែ​ខ្ចី​ធនាគារ​បន្ដ​ៗ​គ្នា​អ​ញ្ចឹ​ង​ដែរ​! ប្រជាជន​បង់​រំលស់​ឲ្យ​យើង យើង​បង់​រំលស់​ឲ្យ​ធនាគារ​ហ្នឹង​! បង់ពន្ធ បង់​ទៅ​លើ​ប្រាក់ខែ​បុគ្គលិក ចំណាយ​ផ្សេង​ៗ បាន​យើង​បន្ដ​និរន្តរភាព​ទៅ​បាន​!»​។

ទោះ​យ៉ាងណា អ្នកឧកញ៉ា លី ហួរ គូសបញ្ជាក់​ថា កន្លង​មក ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនវត្ថុ នៅ​តែ​បន្ដ​អនុវត្ត​នូវ​វិធានការ​ទន់ភ្លន់​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ដែល​មាន​ផល​លំបាក​ជាក់ស្ដែង​នៅ​ក្នុងអំឡុងពេល​កូ​វី​ដ​នេះ​។

អ្នកឧកញ៉ា លី ហួរ មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ «​កន្លង​មក​ក្រុមហ៊ុន សមាគម អ្នក​អភិវឌ្ឍន៍​ទាំងអស់​បាន​អនុវត្ត​ភាព​ទន់ភ្លន់​ដោះស្រាយ​កន្លង​មក​វា​បាន​រលូន​មក​ដល់​ថ្ងៃនេះ​។ ឥឡូវ​កូ​វី​ដ​វា​កាន់តែ​ធ្ងន់​ថែម​ទៀត អ​ញ្ចឹ​ង​បើ​ក្រុមហ៊ុន​មាន​បញ្ហា រដ្ឋាភិបាល​រឹតតែ​មាន​បញ្ហា​ទៀត ដោយសារ​អី? អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​ហ្នឹង​រាប់​ពាន់​នាក់ ក្រុមហ៊ុន​ខ្លះ​ចូល​ម៉ឺន​នាក់ ប្រាក់ខែ​មួយ​ខែ​ៗ បើសិនជា​ក្រុមហ៊ុន​រលំ ពួក​គាត់​ក៏​អត់​ការងារ​ធ្វើ​ដែរ ហើយ​តែ​អត់​បើក​ប្រាក់ខែ​តែ​១​ខែ ២​ខែ បាតុកម្ម​ពេញ​ហ្នឹង​ឥឡូវ​! អ​ញ្ចឹ​ង​វា​ក្ស័យធន​! អ​ញ្ចឹ​ង​ការ​អនុវត្ត​តាម​រដ្ឋាភិបាល​ដោយ​ភាព​ទន់ភ្លន់ យើង​ធ្វើ​កម្រិត​សម្រាប់​តែ​ជាក់ស្ដែង សម្រាប់​អ្នក​ដែល​ផ្ទាល់ (​រង​គ្រោះ​) ពិតប្រាកដ បើ​អ្នក​ដេក​ផ្សំ​ផ្ដួល រមួល​ផ្សំ​គ្រេច​ហ្នឹង ក៏​យើង​មើល​តាម​ហ្នឹង​ដែរ​!»​។

យ៉ាងណា​ក៏​ដោយ​ចុះ ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​ជា​អគ្គនាយក ក្រុមហ៊ុន CPL បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​យន្តការ​របស់​រាជរដ្ឋាភិបាល ដែល​ស្នើ​ឲ្យ​ម្ចាស់​គម្រោង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា​មានការ​លើកលែង និង​បន្ធូរបន្ថយ​ការ​បង់ប្រាក់​ដល់​អតិថិជន ក្នុងអំឡុងពេល​នេះ​។ លោក​ឧកញ៉ា ចេ​ង ខេ​ង រំពឹង​ថា ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​នេះ ក៏​អាច​នឹង​ជំរុញ​ឲ្យ​ចរន្ដ​ទិញ​លក់​អចលនវត្ថុ​អាច​នឹង​ស្ទុះ​ងើប​ប្រសើរ​ឡើង​ផង​ដែរ​។

ដោយឡែក លោកស្រី អាន សុធី​តា អគ្គ​នាយិកា CBRE Cambodia ក៏​បាន​មើលឃើញ​ដែរ​ថា ការ​ស្នើ​ឲ្យ​មានការ​បន្ធូរបន្ថយ​លើ​បង់ប្រាក់​ដល់​អតិថិជន​របស់​រាជរដ្ឋាភិបាល​នេះ គឺជា​ការ​រួមចំណែក​មួយ​ក្នុង​ការ​ជួយ​សម្រាលទុក្ខ​លំបាក​របស់​អតិថិជន ដែល​កំពុង​ជួប​ការ​លំបាក​។ ប៉ុន្តែ​វា​ក៏​ជះ​ឥទ្ធិពល​មិនល្អ​មួយ​ចំនួន​ផង​ដែរ ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ពិសេស​ម្ចាស់​គម្រោង​ដែល​វិនិយោគ​ដោយ​ប្រើ​កម្ចី​ពី​ធនាគារ​។ ប៉ុន្ដែ សម្រាប់​អ្នក​អភិវឌ្ឍន៍​ដែល​មាន​ដើមទុន​គ្រប់គ្រាន់​ដោយ​ខ្លួន មិន​មាន​ប្រើ​កម្ចី​ធនាគារ​នឹង​មិន​ជួប​បញ្ហា​នោះ​ទេ​។

ជាមួយ​គ្នា​នេះ​ដែ​ឬ លោក​ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​ឯណោះ​វិញ បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា រដ្ឋាភិបាល​គួរតែ​បង្កើន និង​ជំរុញ​ការ​ផ្តល់​ឥណទាន​បន្ថែម​ក្នុង​លក្ខខណ្ឌ​ពិសេស​ណាមួយ​ដល់​ម្ចាស់​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅ​ឋាន និង​អគារ​សហកម្ម​សិទ្ធ​នានា ដ្បិត​អ្នក​វិនិយោគ​ភាគច្រើន​ខ្ចី​លុយ​ធនាគារ​មក​អភិវឌ្ឍន៍ នោះ​ទើប​ជា​យុទ្ធសាស្ត្រ​ឈ្នះ​ៗ​ទាំងអស់​គ្នា​។ 

សូម​បញ្ជាក់​ថា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សម្ពាធ​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ​ជា​អ្នកទិញ អចលនវត្ថុ​នៅ​តាម​បុរី​និ​អគារ​សហកម្មសិទ្ធិ​នានា ធនាគារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អំពាវនាវ និង​លើកទឹកចិត្ត ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់ អនុវត្ត​នូវ​ចំណុច​ចំនួន​៥ រួម​មាន​៖

១, ពិនិត្យ​ពី​លទ្ធភាព​បន្ធូរបន្ថយ​លក្ខខណ្ឌ​បង់​រំលស់​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​អតិថិជន

២, លើកលែង​ការ​ផាកពិន័យ​ចំពោះ​អ្នកទិញ​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា ក្នុង​ករណី​ដែល​អ្នកទិញ​យឺតយ៉ាវ​មិន​បាន​បង់ប្រាក់​តាម​កាលកំណត់

៣, មិន​ត្រូវ​មា​នប​ន្ទុ​ការ​ប្រាក់ ឬ​ជាប់​ការ​ពិន័យ​បន្ថែម​ចំពោះ​ការ​យឺតយ៉ាវ​ក្នុង​ការ​បង់​រំលស់​ប្រាក់​រំលស់

៤,​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​នានា​ដល់​អតិថិជន​របស់​ខ្លួន​លើ​ការ​បង់​រំលស់​អចលនវត្ថុ​ក្នុង​បុរី និង​អគារ​សហកម្មសិទ្ធិ​នានា

 ៥, អនុវត្ត​វិធានការ​ទាំងនេះឲ្យមាន​ប្រសិទ្ធភាព រហូតដល់​ដំណាច់​ខែមីនា ឆ្នាំ២០២២៕

None



អត្ថបទបន្ទាប់


ប្រជាជន​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្តាល ព្រួយ​បារម្ភ​ពី​ការបាត់បង់​ការងារ​និង​ប្រាក់​ចំណូល​បន្ទាប់​ពី​កូវីដ-១៩​ផ្ទុះ​ឡើង​ដល់​សហគមន៍

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្តាល បាន​និយាយ​ថា ពួកគាត់​មាន​ការព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ការងារ​និង​ប្រ…

ក្រសួងកសិកម្មស្នើសុំគោលការណ៍ពីសម្តេច ហ៊ុន សែន នាំចូលត្រីត្រឹមតែ៥០%

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់លិខិតមួយទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំគោលការណ៍ ដាក់លក្ខខណ្ឌដល់អ្នកនាំចូលត្រី ឲ្យនាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ