មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសវៀតណាម ត្រូវបានព្យាករថា នឹងកើនឡើងឈានដល់៤៥០ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ នេះ ដោយជាប់ចំណាត់ថ្នាក់ជាសេដ្ឋកិច្ចធំបំផុតលេខ៣៤ នៅទូទាំងពិភពលោក។
ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម៥,៨%ក្នុងរយៈពេល៥ឆ្នាំខាងមុខ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ត្រូវបានព្យារថា នឹងកើនលើសផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសិង្ហបុរី ឈានដល់៦៧៦ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៩។ នៅត្រឹមឆ្នាំ២០៣៩ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម អាចឈានដល់១,៤ទ្រីលានដុល្លារអាម៉េរិក ដោយជាប់ចំណាត់ថ្នាក់លេខ២៥ទូទាំងពិភពលោក និងក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៣ នៅអាស៊ាន បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ចបានព្យាករថា វៀតណាមនឹងរក្សាបាននូវកំណើនដ៏រឹងមាំបើធៀបនឹងបណ្ដាប្រទេសជាដៃគូក្នុងតំបន់ដូចជាថៃ ម៉ាឡេស៊ី និងសិង្ហបុរី ជាដើម។ ស្របពេលផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកត្រូវបានព្យាករថា នឹងកើនឡើងទ្វេដងពី១១០ទ្រីលានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ ឈានរហូតដល់២២១ទ្រីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣៩ សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករថា នឹងនាំមុខសេដ្ឋកិច្ចនៃប្រទេសជាច្រើនក្នុងតំបន់អាស៊ាន។
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ឬ GDP per capita របស់វៀតណាម ត្រូវបានព្យាករថានឹងឈានដល់៤,៤៦៩ដុល្លារអាម៉េរិក នៅឆ្នាំ២០២៤ ដែលកើនលើសកម្រិតប្រាក់ចំណូលមធ្យមកម្រិតខ្ពស់។
នៅឆ្នាំ២០២៥ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាម ត្រូវបានព្យាករថា នឹងកើនឡើងដល់៤,៧៨៣ដុល្លារអាម៉េរិក ដែលធ្វើឱ្យវៀតណាម ក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ជាផ្លូវការ។
យោងតាមស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាម ត្រូវបានព្យាករថានឹងឈានដល់៦,១៤០ដុល្លារអាម៉េរិក ដោយជាប់ចំណាត់ថ្នាក់លេខ៤ នាំមុខឥណ្ឌូនេស៊ី និងហ្វីលីពីន ទោះបីជាតាមពីក្រោយប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងថៃ យ៉ាងណាក្ដី។
ទន្ទឹមនេះ តាមរបាយការណ៍ថ្មីៗនេះរបស់ក្រុមហ៊ុនប្រឹក្សាយោបល់សេដ្ឋកិច្ចឈានមុខគេក្នុងពិភពលោក Oxford Economics បានបង្ហាញថា សេដ្ឋកិច្ចវៀតណាមត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៦,៥% ក្នុងឆ្នាំសារពើពន្ធ២០២៥ ហើយកំណើននេះភាគច្រើនត្រូវបានជំរុញដោយវិស័យ ផលិតកម្ម ជាពិសេសផ្នែកគ្រឿងចក្រ និងវាយនភណ្ឌ៕
ដោយ: តែម សុខុម