កំណើនការនាំចេញរបស់កម្ពុជា គឺដោយសារកត្តាទំនាក់ទំនង និងតម្រូវការរបស់អូស្ត្រាលីចំពោះទំនិញកម្ពុជាមានការកើនឡើងខ្លាំង។
ស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញជាមួយប្រទេសសំខាន់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញឲ្យឃើញថា កម្ពុជាសម្រេចបានការនាំចេញទំនិញទៅទីផ្សារអូស្ត្រាលីក្នុងទំហំទឹកប្រាក់ជិត ១៥២លានដុល្លារនៅ៥ខែឆ្នាំ២០២២ មានការកើនឡើងជាង២០៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៥០ដុល្លារ។ ជាមួយគ្នាកម្ពុជាបាននាំចូលទំនិញពីអូស្ត្រាលីក្នុងទំហំទឹកប្រាក់ជាង ៦៨លានដុល្លារកើនឡើងជិត៥៩% បើធៀបនឹង៥ខែកាលពីឆ្នាំ២០២១ ដែលមានទំហំជិត៤៣លានដុល្លារ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនដល់ជាង២២០លានដុល្លារនៅ៥ខែឆ្នាំនេះ មានការកើនឡើងជិត១៣៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ពាក់ព័ន្ធកំណើននាំចេញទំនិញរបស់កម្ពុជាទៅអូស្ត្រាលីនេះ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា កត្តាដែលជួយជំរុញកំណើននាំចេញរបស់កម្ពុជាទៅអូស្ត្រាលី គឺដោយសារកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលីទាំងក្របខណ្ឌទ្វេភាគី និងក្របខណ្ឌតំបន់។ ជាពិសេសគោលនយោបាយវិនិយោគ និងការបើកច្រកទីផ្សាររបស់កម្ពុជាមានភាពល្អប្រសើរ។ ទោះយ៉ាងណា សម្រាប់ឯកឧត្តមការឡើងចុះទំហំនាំចេញនាំចូលវារឿងធម្មតានៃការធ្វើពាណិជ្ជកម្ម។
ជុំវិញកំណើននាំចេញទំនិញពីកម្ពុជាទៅអូស្ត្រាលីនេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញថា វាមិនមែនជារឿងចៃដន្យនោះទេ ពោលគឺដោយសារប្រទេសទាំងពីរមានទំនាក់ទំនងល្អជាមួយគ្នា គួបផ្សំគុណភាពទំនិញផលិតនៅកម្ពុជាអាចឆ្លើយតបតម្រូវការរបស់អូស្ត្រាលី។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការកើនឡើងការនាំចេញទំនិញរបស់កម្ពុជាទៅអូស្ត្រាលីបានកើតមានឡើងជាយូរមកហើយ ជាក់ស្តែងនៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលកម្ពុជារួមទាំងអូស្ត្រាលីទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែល្អប្រសើរផងដែរ។
គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អូស្ត្រាលីកាលពីឆ្នាំ២០២១ សម្រេចបានក្នុងទំហំជាង៣២៤លានដុល្លារកើនឡើង៥២% បើធៀបនឹងឆ្នាំ២០២០។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់អូស្ត្រាលីកាលពីពេលថ្មីៗបានប្តេជ្ញារួមគ្នាថា ភាគីទាំងពីរនឹងខិតខំជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែប្រសើរថែមទៀត ក៏ដូចជាស្តារលើគ្រប់វិស័យឡើងវិញក្រោយវិបត្តិកូវិដ-១៩។ ជាមួយគ្នានេះ កម្ពុជានឹងខិតខំជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី និងនូវែលសេឡង់ឲ្យកាន់តែមានភាពល្អប្រសើរក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំនេះ៕