គន្លឹះអាជីវកម្ម

Franchise ជា​កាំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ២)


កាលពីភាគ​ទី១​មុន មិត្ត​អ្នកអាន ខេមបូណូមីស បាន​តាមដាន​នូវ​ការ​បកស្រាយ​មួយ​ចំនួន​រួច​មក​ហើយ ទាក់ទង​នឹង​គំរូ​របស់​អាជីវកម្ម Franchise វិសាលភាព​នៃ​អាជីវកម្ម Franchise ក៏​ដូចជា​លំហូរ​នៃ​ម៉ាក Franchise បរទេស​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា។ ដោយ​ឡែក នៅ​ភាគ​ទី២​នេះ មិត្ត​អ្នកអាន​នឹង​បាន​តាមដាន​បន្ត​នូវ​គន្លឹះ​មួយ​ចំនួន ក្នុង​ការ​ប្រើប្រាស់​គំរូ​អាជីវកម្ម Franchise សម្រាប់​បង្កើត​លើ​អាជីវកម្ម​ក្នុង​ស្រុក ជាជាង​ការ​នាំចូល​យីហោ​ពី​បរទេស ដែល​ត្រូវ​ចំណាយ​ដើម​ទុន​ច្រើន។
ហាងកាហ្វេ​តម្រៀប​ជួរ​គ្នា​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ទល់​មុខ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ក្នុង​រាជ​ធានី​ភ្នំពេញ។ រូបភាព៖​ ហេង ភារម្យ
ដោយ

ហេតុ​អ្វី​អ្នក​ត្រូវ​បង្កើត​អាជីវកម្ម​ទៅ​ជា Franchise? 

នៅពេល​ដែល​និយាយ​ពី Franchise នៅ​កម្ពុជា មាន​មនុស្ស​តិច​ណាស់​ដែល​លើក​ឡើង​ពី​ការ​បង្កើត Franchise ប៉ុន្ដែ ម្នាក់ៗ​បែរ​ជា​ជាប់​មាត់ ជាប់ចិត្ត​នឹង​ការ​ទិញ​យីហោ​ពី​គេ ឬ​ទិញ​យីហោ​ពី​ក្រៅ​ប្រទេស​មក​លក់​នៅ​ក្នុង​ស្រុក​ទៅ​វិញ។ 

ទាំង​នេះ​ហើយ គឺ​ជា​កម្សោយ​មួយ​ដែល​សហគ្រិន​ក្នុង​ស្រុក​កម្ពុជា គួរតែ​គិតគូរ​អភិវឌ្ឍ​ខ្លួន​ឡើង​វិញ ដើម្បី​ឈាន​ទៅ​ដល់​ការ​នាំ​យីហោ​របស់​ខ្មែរ ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បាន​ច្រើន ដូច​ដែល​យីហោ​បរទេស​កំពុង​មក​លក់​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ស្រុក​ខែ្មរ​ដែរ។

មាន​ហេតុផល​ជាច្រើន​ដែល​អាជីវកម្ម​លោក​អ្នក​គួរ​តែ​គិតគូរ​រៀបចំ​ដើម្បី​ក្លាយ​ខ្លួន​ជា​អាជីវកម្ម Franchise មួយ​ដែល​មាន​សមត្ថភាព រួមមាន៖

១- អ្នក​អាច​ប្រើប្រាស់​នូវ​លុយ​អ្នក​ដទៃ ឬ Other People's Money (OPM)

ដើម្បី​ពង្រីក​បន្ថែម​សាខា ក៏​ដូចជា​វិសាលភាព​នៃ​យីហោ​របស់​ខ្លួន លោក​អ្នក​មិន​បាច់​ប្រើ​លុយ​ខ្លួន​ឯង​សូម្បី​តែ​មួយ​កាក់ ឬ​មួយ​សេន​ឡើយ។ ព្រោះ​នៅ​ពេល​ដែល​អាជីវកម្ម​អ្នក​មាន​សមត្ថភាព​គ្រប់​គ្រាន់ មាន​គេ​ទិញ​សិទ្ធិ​បន្ត នោះ​រាល់​ការ​ចំណាយ​គ្រប់​សព្វ​សុទ្ធ​តែ​ជា​បន្ទុក​របស់​អ្នក​ទិញ (Franchisee)។ មិន​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏​ទទួល​បាន​នូវ​ផល​កម្រៃ​មួយ​ចំនួន​ធំ ពី​ការ​លក់​សិទ្ធិ​ធុរកិច្ច​បន្ត​នេះ​ផង​ដែរ ព្រមទាំង​កម្រៃ​ប្រចាំ​ខែ​មួយ​ចំនួន​ទៀត​ផង។

២- ប្រើ​ពេល​វេលា​របស់​អ្នក​ដទៃ ឬ​ Other People's Time (OPT) 

ប្រសិន​បើ​អ្នក​មាន​តែ​ហាង​១ ឬ​២ គ្រប់គ្រង់​ដោយ​ខ្លួន​ឯង លោក​អ្នក​ប្រហែល​នៅ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​មើល​ការ​ខុស​ត្រូវ ចុះ​បើ​លោក​អ្នក​ចង់​ពង្រីក​សាខា​ឲ្យ​បាន​រាប់​រយ រាប់​ពាន់​កន្លែង នោះ​ប្រហែល​ជា​លោក​អ្នក​មិន​អាច​ទៅ​រួច​នោះ​ទេ។ ប៉ុន្ដែ បើ​លោក​អ្នក​បង្កើត​អាជីវកម្ម​ទៅ​ជា​ប្រព័ន្ធ​គ្រប់គ្រង​បែប Franchise នោះ​លោក​អ្នក​នឹង​អាច​ឲ្យ​អ្នក​ដទៃ ដែល​មាន​ទឹកចិត្ត​ធ្វើការ​អស់​ពី​សមត្ថភាព មិន​កិបកេង​ពេល​វេលា មក​ជួយ​គ្រប់គ្រង​ហាង​របស់​លោក​អ្នក​យ៉ាង​មាន​ប្រសិទ្ធ​ភាព។

៣-​ ប្រើ​ប្រាស់​បទ​ពិសោធន៍ ទេព​កោសល្យ និង​ជំនាញ​របស់​អ្នក​ដទៃ (OPE/T/S) 

លោក​អ្នក​ប្រហែល​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ហាង​យីហោ Franchise ខ្លះ​នៅ​ស្រុក​ដើម​របស់​គេ​លក់​មិន​សូវ​ជា​ដាច់​ណាស់​ណា​ទេ ប៉ុន្ដែ ពេល​យក​មក​បើក​នៅ​ខ្មែរ​ដាច់​ភ្លូក​ទឹក​ភ្លូក​ដី។ នេះ​គឺ​ដោយសារ​ម្ចាស់​ដើម​អាជីវកម្ម (Franchisor) នោះ រើស​បាន​ដៃគូ​ដែល​ជា​អ្នក​ទិញ​សិទ្ធិ​យក​ទៅ​ចែក​ចាយ​បន្ដ (Master Franchisee) ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព ទេព​កោសល្យ និង​ជំនាញ ក្នុង​ការ​គ្រប់គ្រង ក៏​ដូចជា​ប្រតិបត្តិ​អាជីវកម្ម​នេះ។ ដូច្នេះ Franchisor មិន​ចាំបាច់​ធ្វើ​អ្វី​ក៏​លុយ​ហូរ​ចូល​ដែរ។ 

៤-​ យក​ឱកាស​មក​បំបែក​ឱកាស​បន្ត 

លោកអ្នក​មួយ​ចំនួន​ប្រហែល​ជា​បាន​ដឹង​ខ្លះៗ​ហើយ​ថា អាជីវកម្ម Franchise គឺ​តែងតែ​តម្រូវ​ឲ្យ​អ្នក​ទិញ​សិទ្ធិ​បន្ត​ទាំង​អស់ ត្រូវ​ទិញ​យក​វត្ថុ​ធាតុ​ដើម​សម្រាប់​ការ​ផលិត​និង​សម្ភារៈ​សំខាន់ៗ​សម្រាប់​ការ​ប្រតិបត្តិ​អាជីវកម្ម ពី​ម្ចាស់​ដើម​អាជីវកម្ម (Franchisor)។ 

ដូច្នេះ នៅ​ពេល​អ្នក​មាន​សាខា​រាប់​សិប រាប់​រយ ឬ​រាប់​ពាន់ អ្នក​នឹង​អាច​បង្កើត​អាជីវកម្ម​ថ្មី​មួយ​ទៀត ក្រៅពី​អាជីវកម្ម Franchise នេះ ដើម្បី​ជា​មធ្យោបាយ​ផ្គត់ផ្គង់​វត្ថុ​ធាតុ​ដើម​ទាំង​នោះ សម្រាប់​ដៃគូ​ដែល​ជា​អ្នក​ទិញ​សិទ្ធិ​បន្ត​ទាំង​ឡាយ។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​មាន​ហាង​លក់​មាន់​បំពង​២​ពាន់​សាខា នោះ​លោក​អ្នក​នឹង​​អាច​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់​សាច់​មួយ​កន្លែង​ដើម្បី​ផ្គត់ផ្គង់​ទៅ​ឲ្យ​ដៃគូ​របស់​អ្នក​បាន​យ៉ាង​ងាយ។

អាជីវកម្ម​ណា​ខ្លះ​ដែល​អាច​ធ្វើ​ទៅ​ជា Franchise?

មនុស្ស​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា អាជីវកម្ម Franchise ទាល់​តែ​មាន​ហាង​ធំៗ ទំនើប​បែប​ស្ដង់ដារ ទើប​អាច​អភិវឌ្ឍ​ទៅ​ជា Franchise បាន។ យ៉ាង​ណា​ក៏​ដោយ នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន អាជីវកម្ម Franchise ខ្នាត​តូច​ហាក់​មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ តួយ៉ាង​នៅ​ប្រទេស​ថៃ​អាហារ​លក់​តាម​រទេះ ក៏​អាច​អភិវឌ្ឍ​ទៅ​ជា Franchise បាន​ដែរ។

លោកអ្នក​អាច​សម្លឹង​មើល​ទៅ​លើ​ប្រភេទ​អាជីវកម្ម​ណា ដែល​មាន​សក្ដានុពល​យូរ​អង្វែង ឬ​ជា​អាជីវកម្ម​ដែល​មាន​តម្រូវការ​មិន​ចេះ​ដាច់ តួយ៉ាង វិស័យ​ម្ហូប​អាហារ​និង​ភេសជ្ជៈ វិស័យ​សេវា​កម្ម ការ​លក់​រាយ ការ​អប់រំ និង​ផ្នែក​សុខភាព និង​សម្រស់ ជា​ដើម។ល។

យ៉ាង​ណា​ក៏​ដោយ អាជីវកម្ម​ដែល​ទាក់ទង​នឹង​ការ​ប្រើប្រាស់​បច្ចេកទេស និង​ការ​ប្រើប្រាស់​នូវ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់ អាច​នឹង​មាន​ការ​លំបាក​សម្រាប់​ការ​ធ្វើ​ទៅ​ជា Franchise ព្រោះ​អាជីវកម្ម​ទាំង​នោះ មិន​ងាយ​នឹង​អាច​បើក​សាខា​បាន​លឿន និង​ច្រើន​នោះ​ទេ ដោយសារ​តែ​វាពិបាក​ក្នុង​ការ​គ្រប់គ្រង​គុណភាព និង​ធនធាន​មនុស្ស។ ឧទាហរណ៍៖ មន្ទីរពេទ្យ ក្រុមហ៊ុន​ផ្ដល់​សេវា​ជួស​ជុល (អគ្គិសនី យានយន្ដ គ្រឿង​អេឡិចត្រូនិក) និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ម៉ាឃីតធីង​ជាដើម។ល។ 

សូម​រង់ចាំ​អាន​ ភាគទី៣ បន្តទៀត ដែល​នឹង​ផ្ដោត​លើ​គន្លឹះ​មួយ​ចំនួន​ក្នុង​ការ​បង្កើត Franchise! 

None



អត្ថបទបន្ទាប់


មហាសេដ្ឋី​ខ្មែរ​គ្រាក់ៗ​ទៅចូលរួម​ពិធី​ខួប​កំណើត​ឧកញ៉ា​ គិត ម៉េង ដល់​អូស្ត្រាលី!

នេះ​អាច​ចាត់ទុក​ជា​ឱកាស​កម្រ​មួយ​ដែល​សាធារណជន​មិន​ងាយ​នឹង​បាន​ឃើញ គឺ​មហាសេដ្ឋី​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​កម្ពុជា គឺ​អ្នក​ឧកញ៉ា គិ…

បន្ទាប់ពី​​​​ផ្សាយ​បាន​២៤​ឆ្នាំ​ កាសែត​ខេមបូឌាដេលី​ប្រកាស​បិទ​ហើយ!

បន្ទាប់​ពី​ដំណើរការ​បាន​​២៤​ឆ្នាំ​និង​១៥​​ថ្ងៃ កាសែត​ខេមបូឌាដេលី បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ ទី៣ កញ្ញា ថា ខ្លួន​នឹង​ជម្រាប​លា​កម្ពុជា​ប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ