ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានខេមបូណូមីស អ្នកឧកញ៉ា លីហួរ មហាសេដ្ឋីអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានគូសបញ្ជាក់ថា ស្ថានភាពវិស័យអចលនទ្រព្យ និងសំណង់នៅតំបន់អាស៊ានជារួម បាននិងកំពុងចាប់ផ្តើមមានសញ្ញាណវិជ្ជមានងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងប្រទេសសិង្ហបុរី និងថៃ តែម្តង។ យ៉ាងណាមិញ សម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាវិញ ត្រូវបានអ្នកឧកញ៉ា លីហួរ បានអះអាងដែរថា ក៏កំពុងរើបឡើងវិញជាបណ្តើរៗឡើងវិញផងដែរ។
បើតាមអ្នកឧកញ៉ា លី ហួរ វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលនេះ និងតទៅមុខទៀត គឺនៅតែមានឱកាសច្រើនសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដ្បិតថា កម្ពុជានៅមានទីតាំងធំទូលាយសម្រាប់ការអភិវឌ្ឍក្នុងវិស័យនេះ នៅក្នុងរយៈពេលវែងបន្តទៀត។ តែយ៉ាងណា អ្នកជំនាញរូបនេះ អះអាងថា ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ វាគឺជាឱកាសល្អ និងសមស្របសម្រាប់អ្នកមានលុយក្នុងការវិនិយោគលើអចលនទ្រព្យ ពីព្រោះថា តម្លៃអចលនទ្រព្យកំពុងមានតម្លៃសមរម្យ និងមានជម្រើសច្រើនសម្រាប់ជ្រើសរើសទីតាំងល្អៗ។
សូមជម្រាបថា ក្រុមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាជឿជាក់ថា ទីផ្សារអចលនទ្រព្យកម្ពុជានៅឆ្នាំ២០២៤នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំមុន ក្រោយរំពឹងការកើនឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទទួលបានវិនិយោគិនបរទេសចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យសក្កានុពលមួយចំនួនផងដែរ៕