តម្លៃលំនៅស្ថាននៅប្រទេសចិន បានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយ នេះជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា ស្ថានភាពនៃវិស័យអចលនទ្រព្យនៅប្រទេសដែលមានប្រជាជនច្រើនបំផុតមួយនេះប្រឈមមុខនឹងអនាគតនៃការធ្លាក់ចុះកាន់តែអាក្រក់ទៅៗ ទោះបីជារដ្ឋាភិបាល បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារតម្រូវការឡើងវិញក៏ដោយ។
អ្នកវិភាគសេដ្ឋកិច្ចនិយាយថា អ្នកទិញផ្ទះត្រូវបានរារាំងដោយទស្សនវិស័យមិនច្បាស់លាស់ ដែលនាំឲ្យវិស័យអចលនទ្រព្យកំពុងធ្លាក់ចុះកាន់តែជ្រៅ។
យោងតាមស្ថិតិបានឲ្យដឹងថា តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន ៧០ ដោយមិនរាប់បញ្ចូលលំនៅដ្ឋានឧបត្ថម្ភធនរបស់រដ្ឋបានធ្លាក់ចុះ ប្រមាណជា ០,៣៨ ភាគរយ ។
ស្ថិតិនៃការធ្លាក់ចុះនេះវាកាន់តែបន្ថែមសក្ខីកម្មនូវការធ្លាក់ចុះនៃតម្លៃលំនៅដ្ឋានជាបន្តបន្ទាប់ បន្ទាប់ ក្រោយពេលដែលតួលេខផ្លូវការ បានបង្ហាញពីការធ្លាក់ចុះនៃការលក់ និងការវិនិយោគនៅក្នុងអចលនទ្រព្យនៅចិន កាន់តែស៊ីជម្រៅ។
អ្នកវិភាគបានអះអាងថា វិធានការជំរុញសេដ្ឋកិច្ចថ្មីៗដែលត្រូវបានដាក់ចេញនៅតាមទីក្រុងធំៗចាប់តាំងពីខែសីហា បានធ្វើឲ្យមានការប្រែប្រួលតិចតួចប៉ុណ្ណោះ ។
លោក ចេន វេនជីង ( Chen Wenjing) នាយករងផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន China Index Holdings បាននិយាយថា ទីផ្សារលំនៅឋាន បានងើបឡើងវិញនៅដើមឆ្នាំនេះបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែវាមាន រយៈពេលខ្លីបំផុត ពោលគឺបន្ទាប់ពីចិនបានប្រកាសបើកប្រទេសក្រោយការរីករាលដាលនៃមេរោគកូវីដ-១៩ ឡើងវិញ ។
លោកបានអះអាងថា អ្នកមានបំណងចង់ទិញផ្ទះមានច្រើន តែពួកគេត្រូវបានរារាំងដោយសារតែការធ្លាក់ចុះប្រាក់ចំណូល និងទស្សនវិស័យទីផ្សារអចលនទ្រព្យមិនប្រាកដប្រជា។
តួលេខបានបង្ហាញថា តម្លៃអចលនទ្រព្យនៅចិន ជាទូទៅបានធ្លាក់ចុះប្រមាណជា ០,៥៨ ភាគរយ ដែលការធ្លាក់ចុះនេះ គឺជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ ២០១៤មក ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាននៅក្នុងប្រទេសចិន បានឲ្យដឹងថា ដើម្បីសង្រ្គោះវិស័យអចលនទ្រព្យចិន រដ្ឋាភិបាលទីក្រុងប៉េកាំង គ្រោងនឹងផ្តល់ហិរញ្ញប្បទានតម្លៃទាបយ៉ាងហោចណាស់ប្រមាណជា១៣៨ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព័ត៌មានលម្អិតនៃផែនការថ្មីនេះនៅតែមិនច្បាស់លាស់នៅឡើយ។
អ្នកសេដ្ឋកិច្ចមួយចំនួនបាននិយាយថា វាអាចមានប្រសិទ្ធភាពតិចជាងការខិតខំប្រឹងប្រែងពីមុន ដោយសារ គម្រោងថ្មីនេះភាគច្រើននឹងប្រព្រឹត្តទៅនៅតំបន់ទីប្រជុំជនធំៗមួយចំនួន ប៉ុន្តែលំនៅឋាន ដែលនៅខាងក្រៅទីក្រុង គឺនៅតែរងហានិភ័យដដែល ។នេះគឺជាស្ថានភាពទីផ្សារអចលនទ្រព្យនៅចិន។
ដោយឡែកនៅសហរដ្ឋអាម៉េរិកវិញថ្វីត្បិតតែមានការព្យាករវិជ្ជមានខ្លះ ប៉ុន្តែនៅតែមិនទាន់ដឹងច្បាស់លាស់ដដែល ជាមួយនឹងការរំពឹងថា អាចមានស្ថានភាពប្រសើរជាងឆ្នាំ២០២៣ តិចតួចសម្រាប់ឆ្នាំ២០២៤ខាងមុខ ។
អ្នកវិភាគសេដ្ឋកិច្ចបានអះអាងថា ស្ថានភាពសេដ្ឋកិច្ចនៅអាម៉េរិកចុងក្រោយនេះមានភាពប្រសើរបន្តិច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅឋាននៅសហរដ្ឋអាម៉េរិកនឹងមានភាពយឺតយ៉ាវ ។
អ្នកវិភាគបានអះអាងថា ភាពមិនច្បាស់លាស់នៃអនាគតគោលនយោបាយកំណត់អត្រាកាប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិក នាំអោយអ្នកនៅក្នុងវិស័យអចលនទ្រព្យ នៅតែមានមន្ទិលសង្ស័យ ហើយពិបាកព្យាករ៕
ដោយៈ សរ សុជាតិ