ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា បើទោះជា កូវីដ-១៩នៅបន្តអូសបន្លាយក៏ពិតមែន តែការងារប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារ នារយៈពេល១១ខែ ក្នុងឆ្នាំ២០២១ ដំណើរការដោយរលូន ពិសេស ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តែម្ដង។ បើតាមឯកឧត្តម គង់ វិបុល មូលហេតុដែលធ្វើឱ្យអគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ មានលើសផែនការ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ គួបផ្សំវិធីសាស្ត្រគ្រប់គ្រងនៃការប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ជាដើម។
ជុំវិញការប្រមូលចំណូលពន្ធដាររបស់អគ្គនាយកដ្ឋានពន្ធដារនេះដែរ ត្រូវបានឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា យល់ឃើញថា ចាប់តាំងពីមានការប្រកាសឱ្យបើកប្រទេសឡើងវិញ សេដ្ឋកិច្ចកម្ពុជា ហាក់ចាប់ផ្ដើមមានស្ទុះងើបឡើងវិញ ដែលជាហេតុធ្វើឱ្យការប្រមូលចំណូលពន្ធដារ រយៈពេល ១១ខែ ឆ្នាំ២០២១ នេះលើសផែនការកំណត់។ ឧកញ៉ា លឹម ហេង យល់ឃើញថា តាមរយៈការប្រមូលចំណូលពន្ធដារ សេដ្ឋកិច្ចកម្ពុជា នឹងប្រសើរឡើងនៅឆ្នាំបន្ទាប់ ក្រោយរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព។
ឧកញ៉ា ចាន់ សុឃាំង នាយកប្រតិបត្តិក្រុមហ៊ុន ស៊ិកនេតឈ័រ អហ្វអេស៊ា ខូអិលធីឌី បានគូសបញ្ជាក់ថា បញ្ហាកូវីដ-១៩ បានប៉ះពាល់ដល់ដំណើរការខ្សែចង្វាក់ផលិតកម្មអាជីវកម្មរបស់ក៏ពិតមែន តែមិនបានធ្វើឲ្យអាជីវកម្មលោកត្រូវដួលរំលំនោះទេ ពោលគឺនៅតែអាចបន្ដដំណើរការជាធម្មតា។ បើតាមឧកញ៉ា ចាន់ សុឃាំង បញ្ហាតម្លៃដឹកជញ្ជូនខ្ពស់ និងខ្វះមធ្យោបាយដឹកជញ្ជូន នៅតែជាឧបសគ្គសម្រាប់អាជីវកម្ម ហើយរហូតមកដល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។ ក៏ប៉ុន្តែ យ៉ាងណាអ្នកជំនួញរូបនេះ ក៏បានមើលឃើញពីភាពប្រសើរឡើងជាបណ្ដើរៗ នៃស្ថានភាពអាជីវកម្មផងដែរ ក្រោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការបើកប្រទេសឡើងវិញ។
យ៉ាងណាក៏ដោយ អ្នកជំនាញ និងអ្នកជំនួញ នៅតែមានគំនិតសុទិដ្ឋិយម ចំពោះសេដ្ឋកិច្ចកម្ពុជានាឆ្នាំបន្ទាប់ បើទោះបច្ចុប្បន្ន មានវត្តមានមេរោគបំប្លែងថ្មី អូមីក្រុងកំពុងអុកឡុកពិភពលោកកាន់តែខ្លាំងក៏ដោយចុះ នោះក៏ដោយសារតែកម្ពុជាមានសម្ទុះនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋកម្ពុជា បានជាង៨៨%ទៅហើយ ធៀបនឹងប្រជាជនសរុប ចំនួន១៦លាននាក់គិតមកទល់ពេលនេះ។ យ៉ាងណាមិញ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជារំពឹងថា នឹងកើនក្នុងរង្វង់២,៥% ខណៈនៅឆ្នាំ២០២២រំពឹងកើនដល់លើស៥%៕