ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម Alvin Tan អនុរដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មសឹង្ហបុរី តាមប្រព័ន្ធវីដេអូ កាលពីពេលថ្មីៗនេះបាន គូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម ប្រមាណ២/៣ នៅកម្ពុជា បាននឹងកំពុងអនុវត្តសកម្មភាពឌីជីថលក្នុងប្រតិបត្តិការអាជីវកម្មរបស់គេ។
ឯកឧត្តម បន្ថែមថា ស្របនឹងកំណើនដ៏គួរឱ្យកត់សម្គាល់ នៃការប្រើប្រាស់ឌីជីថល ក្នុងវិស័យ SME រាជរដ្ឋាភិបាលបានបង្កើតជាបទប្បញ្ញត្តិ និងយន្តការជាច្រើន សំដៅធានាការពារ និងលើកកម្ពស់និរន្តរភាពនៃសេដ្ឋកិច្ច និងសង្គមឌីជីថលនេះផងដែរ។
ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកត់សម្គាល់ឃើញថា ដ្បិតនៅអំឡុងវិបត្តិកូវីដ១៩ បានជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្ម SME ជាច្រើនរហូតមានអាជីវកម្មខ្លះក្ស័យធនក៏ដោយចុះ ប៉ុន្ដែ ការចាប់ផ្ដើមអាជីវកម្មថ្មីៗ ជាពិសេសអាជីវកម្មទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក៏ចាប់ផ្ដើមមានការកើនឡើងនៅអំឡុងវិបត្តិកូវីដ១៩នេះដែរ។ ដូច្នេះហើយ វាបានធ្វើឲ្យសម្ទុះនៃការបើកអាជីវកម្មថ្មីៗនៅតែមានកំណើនគួរឲ្យកត់សម្គាល់។ មន្ត្រីជាន់ខ្ពស់រូបនេះបន្តថា ទោះបី វិស័យ SME កាន់តែរីកចម្រើន តែផ្នែកធនធានមនុស្ស និងការប្រើប្រាស់បច្ចេកវិទ្យា ក្នុងវិស័យនេះ ហាក់នៅមានកម្រិតនៅឡើយ ដែលជាបញ្ហាប្រឈមត្រូវដោះស្រាយ។
ចំណែក លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម ក៏បានគូសបញ្ជាក់ដែរថា ការប្រាស់ប្រាស់បច្ចេកវិទ្យាឌីជីថល ពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងវិស័យ SME ក៏ប៉ុន្តែ បច្ចុប្បន្ន ការប្រើប្រាស់ឌីជីថលពីម្ចាស់អាជីវកម្ម ហាក់នៅមានកម្រិតនៅឡើយ។ បើតាមឧកញ៉ា តែ តាំងប៉ ការជំរុញឱ្យម្ចាស់អាជីវកម្ម ងាកមកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ហាក់មានភាពលំបាកបន្តិច ដូច្នេះ ត្រូវការពេលវេលាបន្ថែមដើម្បីអភិវឌ្ឍន៍វិស័យនេះ។ ឧកញ៉ា តែ តាំងប៉ គូសបញ្ជាក់ទៀតថា អំឡុងវិបត្តិកូវីដ១៩ អាជីវកម្មភាគច្រើនដែលទើបបង្កើតថ្មី គឺជាអាជីវកម្មទាក់ទងនឹងការកែច្នៃចំណីអាហារ ហើយភាគច្រើននៃអាជីវកម្មទាំងនោះ សុទ្ធតែបានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងអាជីវកម្មរបស់ពួកគេ។
សូមបញ្ជាក់ថា បើតាមការអះអាងរបស់ឧកញ៉ា តែ តាំងប៉ បច្ចុប្បន្ន នៅកម្ពុជាសហគ្រាសខ្នាតតូច និងមធ្យម មានប្រមាណជាង ៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម ហើយក្នុងនោះ មានតែប្រមាណជាង៤ម៉ឺនសហគ្រាសប៉ុណ្ណោះដែលបានចុះបញ្ជី។ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី(ADB) សហគ្រាសធុនតូចនិងមធ្យម នៅកម្ពុជា ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩៩% នៃសហគ្រាសសរុប ដែលបានរួមចំណែកជិត៦០% នៃផលិតផលក្នុងស្រុក និងបង្កើតការងារជាង៧០% នៃកម្លាំងពលកម្ម។ ក៏ប៉ុន្តែ វិស័យ SME នៅកម្ពុជា បច្ចុប្បន្ន ហាក់នៅមានកម្រិត និងមានបញ្ហាប្រឈមជាច្រើន ដែលអាចជាឧបសគ្គក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕