ថ្នាក់ដឹកនាំរូបនេះអះអាងថា ទោះបីកម្ពុជាស្ថិតក្នុងវិបត្តិកូវីដ-១៩ តែចំនួនទូកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះនៅតែរក្សាបាននូវកំណើន និងរំពឹងកើនជាង១០% បន្ថែមនៅឆ្នាំនេះ។
នាពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់នៅចំណតផែទូកុងតឺន័រ LM17 ឯកឧត្តម ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះគម្រោងនេះ ក្នុងការធ្វើឲ្យប្រសើរឡើងនូវវិស័យភស្តុភារកម្ម និងការរួមចំណែកជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ លើសពីនេះ គម្រោងឃ្លាំងស្តុកទំនិញត្រជាក់នេះ ក៏នឹងរួមចំណែកជួយបង្កើតការងារ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរតំបន់នោះផងដែរ។
ថ្នាក់ដឹកនាំកំពង់ផែស្វយ័តភ្នំពេញរូបនេះជឿជាក់ថា ក្រោយគម្រោងនេះត្រូវបានសាងសង់រួចរាល់វានឹងធ្វើឲ្យចរន្តដឹកទំនិញចេញចូលកំពង់ផែស្វយ័តភ្នំពេញកាន់តែមានភាពមាញឹក និងល្អប្រសើរជាងមុន។ ជាពិសេសវានឹងជួយជំរុញឲ្យការដឹកជញ្ជូនទំនិញចេញចូលនៅកំពង់ផែនេះ មានកំណើនកាន់តែប្រសើរបន្ថែមទៀត។
ក្រៅតែពី កំពង់ផែស្វយ័តភ្នំពេញ ដែលមានវិនិយោគឃ្លាំងស្ដុកទំនិញត្រជាក់ ក្រុមហ៊ុន Kerry Worldbrige របស់អ្នកឧកញ៉ា សៀ ឫទ្ធី ក៏មានវិនិយោគឃ្លាំងស្ដុកទំនិញត្រជាក់ផងដែរ។ ឃ្លាំងត្រជាក់របស់ក្រុមហ៊ុន Kerry WorldBridge ដែលបានសងសង់រួចរាល់សម្រាប់ស្ដុកទំនិញនោះ គឺជាឃ្លាំងត្រជាក់ស្ដង់ដារខ្ពស់ដំបូងគេមួយនៅកម្ពុជា ដែលវានឹងជួយជំរុញដល់វិស័យឡូជីស្ទិក និងដឹកជញ្ជូនរបស់កម្ពុជាកាន់តែប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាយល់ឃើញថា កម្ពុជាពិតជាត្រូវការចាំបាច់នូវឃ្លាំងស្តុកទំនិញត្រជាក់ សម្រាប់ស្តុកទំនិញដែលនាំចូល និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដ្បិតវាអាចជួយរក្សាគុណភាពទំនិញបានល្អ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះ ចង់ឲ្យមានការសាងសង់ឃ្លាំងស្តុកទំនិញឲ្យបានច្រើនបន្ថែមទៀត ដ្បិតបច្ចុប្បន្ន កម្ពុជា មានឃ្លាំងសម្រាប់ស្តុកទំនិញត្រជាក់តិចតួចនៅឡើយទេ។
បើតាមឯកឧត្តម ហ៊ី បាវី ទោះបីពិភពលោករួមទាំងកម្ពុជាបាន និងកំពុងញាំញីដោយសារវិបត្តិកូវីដ-១៩ តែការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែស្វយ័តភ្នំពេញនៅតែអាចរក្សាបានកំណើនចន្លោះពី១៥% ទៅ១៨% ក្នុង១ឆ្នាំ។ ជាក់ស្តែងកាលពីឆ្នាំ២០២១ កន្លងទៅ កំពង់ផែននេះទទួលបានទូកុងតឺន័រសរុប៣៨៤ពាន់ទូកុងតឺន័រកើនឡើងប្រមាណ២០% បើធៀបនឹងឆ្នាំ២០២០ ដែលមានប្រមាណ ២៩០ពាន់ទូកុងតឺន័រ។ ដោយឡែក នៅឆ្នាំ២០២២ថ្នាក់ដឹកនាំកំពង់ផែនេះបានព្យាករណ៍ថា កំពង់ផែស្វយ័តភ្នំពេញនឹងទទួល៣៩៤ពាន់ទូរកុងតឺន័រ ដែលមានកំណើនប្រមាណ១៣% បើធៀបនឹងឆ្នាំ២០២១។
គួរបញ្ជាក់ថា ពិធីបញ្ចុះបឋមសិលាសាងសង់ឃ្លាំងស្តុកទំនិញត្រជាក់ ដែលស្ថិតនៅចំណតផែទូកុងតឺន័រ LM17 ក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ មីនា ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកអគ្គរដ្ឋទូត រាជទូតរបស់ប្រទេសមួយចំនួនប្រចាំនៅកម្ពុជា រួមទាំងមន្ត្រីថ្នាក់ដឹកនាំជាច្រើនទៀត៕