គម្រោងបោះផ្សាយបណ្ណបំណុល៣០០លានដុល្លាររបស់រាជរដ្ឋាភិបាល

គម្រោងបោះផ្សាយបណ្ណបំណុល៣០០លានដុល្លាររបស់រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមពេលណា?


តើគម្រោងបោះផ្សាយបណ្ណបំណុល៣០០លានដុល្លាររបស់រាជរដ្ឋាភិបាលដល់ណាហើយ? និងអាចបាប់ផ្ដើមពេលណា? ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា បន្ទាប់ពីក្រសួងបញ្ចប់ការរៀបចំនីតិវិធី និងកត្តាបច្ចេកទេសផ្សេងៗ រដ្ឋអាចនឹងបោះផ្សាយមូលបត្របំណុល ក្នុងពេលឆាប់ៗខាងមុខ ពោលនៅអំឡុងខែសីហា ឬខែកញ្ញា ខាងមុខនេះហើយ។
ទីផ្សារភាគហ៊ុន

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញយុទ្ធសាស្ត្រមួយចំនួន ដែលសំដៅដល់ការពន្លឿន និងពង្រីកការអភិវឌ្ឍផ្សារមូលបត្រកម្ពុជាឲ្យកាន់តែបោះជំហានទៅមុខ ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យផ្សារភាគហ៊ុននៅកម្ពុជា និងលើពិភពលោក។

ថ្លែងកាលពីពេលថ្មីៗ នាសន្និសីទសារព័ត៌មានស្ដីពី«សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» ជុំវិញការបោះផ្សាយលក់មូលបត្ររដ្ឋ ដែលមានតម្លៃប្រមាណ ៣០០លានដុល្លារ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា វាជាលើកដំបូងសម្រាប់កម្ពុជា ក្នុងការបោះផ្សាយមូលបត្ររដ្ឋ ដូច្នេះ ទាមទារឲ្យមានការគិតគូរបន្ថែម ពាក់ព័ន្ធការបង្កើតច្បាប់ និងបច្ចេកទេស។

យ៉ាងណាក៏ដោយ បើតាមឯកឧត្តម មាស សុខសេនសាន រហូតមកដល់ពេលនេះ ការស្នើសុំច្បាប់ និងបច្ចេកទេសនានា ម្រេចបានស្ទើ១០០%ហើយ ដោយឯកឧត្តមរំពឹងថា រដ្ឋអាចនឹងបោះផ្សាយនៅខែសីហា ឬខែកញ្ញា ខាងមុខ។ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះ បានសង្កត់ធ្ងន់ទៀតថា ការបោះផ្សាយបណ្ណបំណុលនេះ គឺជាការបំពេញនូវហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល តាមរយៈការខ្ចីលុយពីអ្នកវិនិយោគក្នុងស្រុក ជំនួសឱ្យការខ្ចីលុយពីបរទេស។ បើតាមឯកឧត្តម មាស សុខសេនសាន គោលបំណងនៃការបោះផ្សាយបណ្ណបំណុលនេះ គឺដើម្បីបង្កើតប្រភពហិរញ្ញប្បទានថ្មីក្នុងការកៀរគរទុនរបស់រដ្ឋ ដែលកំពុងមានតម្រូវការសម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។

ជុំវិញការបោះផ្សាយបណ្ណបំណុលរដ្ឋនេះដែរ ឯកឧត្តម ហុង សុហួរ នៅតែបង្ហាញនូវគំនិតសុទិដ្ឋិនិយមខ្ពស់ចំពោះគម្រោងនេះ។ បើតាមឯកឧត្តម ហុង សុហួរ ដ្បិតដំណើរការនៃការបោះផ្សាយមូលបត្ររដ្ឋមានភាពយឺតយ៉ាវ បន្តិចក្ដី តែឯកឧត្តមនៅតែបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា រដ្ឋអាចនឹងបោះផ្សាយ នាពេលឆាប់ៗខាងមុខនេះ។ យ៉ាងណាក៏ដោយ ជុំវិញវិស័យផ្សារមូលបត្រកម្ពុជា ត្រូវបានអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ហាក់មានភាពរីកចម្រើនចាប់តាំងពីឆ្នាំ២០១៨ រហូតមក ក៏ប៉ុន្តែ ចាប់ពីឆ្នាំ២០២០ បញ្ហាជាច្រើនបានកើតឡើងជាបន្តបន្ទាប់ ដូចជា វិបតិ្តកូវីដ១៩,បញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន និងភាពតានតឹងរវាងចិន-តៃវ៉ាន់ វាក៏អាចជិះឥទ្ធិពលខ្លះៗដែរ ដល់ទីផ្សារមូលបត្រ តែវាក៏អាចជាឱកាសដែរសម្រាប់វិនិយោគិន ដែលចង់វិនិយោគក្នុងវិស័យនេះ។

ជុំវិញនឹងវិស័យមូលបត្រនេះដែរ ត្រូវបានអ្នកជំនាញផ្នែកទីផ្សារមូលបត្រ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានអះអាងថា ស្ថានភាពនៃវិស័យទីផ្សារមូលបត្រ នាពេលបច្ចុប្បន្ន នៅតែដំណើរការធម្មតា បើទោះបី ពិភពលោកបាននិងកំពុងជួបនូវវិបត្តិជាបន្តបន្ទាប់ ដូចជា វិបត្តិកូវីដ១៩ បញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន គួបផ្សំនឹងភាពតានតឹងរវាងប្រទេសចិន-តៃវ៉ាន់ នាពេលថ្មីៗ នេះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ទំហំនៃការជួញដូរប្រចាំថ្ងៃជាមធ្យម របស់ផ្សារមូលបត្រកម្ពុជា ក៏មានការប្រែប្រួលខ្លះដែរ ដោយកាលពីដើមឆ្នាំ២០២២ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យម មានប្រមាណ ៨០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ តែនៅរយៈពេល ១ខែចុងក្រោយនេះ ទំហំជួញដូរប្រចាំថ្ងៃជាមធ្យម បានថយចុះមកនៅត្រឹមប្រមាណ ៣០ម៉ឺនដុល្លារ ប៉ុណ្ណោះ ក្នុង១ថ្ងៃ។

សូមបញ្ជាក់ថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ១៦ក្រុមហ៊ុន។ ក្នុងនោះ ៩ក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន និង៧ក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬបណ្ណបំណុល។ យ៉ាងណាមិញ នៅឆ្នាំ២០២២នេះ ទើបមានក្រុមហ៊ុនថ្មីចំនួន ១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានមកស្នើសុំចុះបញ្ជី ខណៈកន្លងមក ផ្សារមូលបត្រកម្ពុជា មានក្ដីរំពឹងថា នៅឆ្នាំ២០២២នេះ នឹងមានក្រុមហ៊ុនថ្មី ចំនួន៤ បន្ថែមទៀត មកស្នើចុះបញ្ជី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា៕




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យលុបចោលកិច្ចសន្យាសិទ្ធិផ្តាច់មុខអ៊ីនធឺណិតនៅគ្រប់បុរីទាំងអស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យលុបចោលទាំងអស់ នូវសិទ្ធិផ្តាច់មុខ សេវាអ៊ីនធឺណិតក្នុងបុរីទាំងអស់ ដែលបានផ្តល់ឲ្យក្រុ…

រដ្ឋមន្ត្រីការបរទេសចិន ឯកឧត្តម វ៉ាង យី ចិនអះអាងថា «ចិននឹងធ្វើអ្វីៗដើម្បីជួយកម្ពុជាក្នុងការអភិវឌ្ឍប្រទេស»

នៅមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានបង្ហាញពីការប្តេជ្ញារបស់ចិនក្នុងការជួយអភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ