គិតត្រឹមថ្ងៃទី១៧ ឧសភា ក្រសួងរៀបចំដែនដី ឲ្យដឹងថា ពលរដ្ឋរស់នៅលើអគារ ប៊ូឌីញ បានយល់ព្រមចុះកិច្ចសន្យាលក់ចំណែកឯកជនរបស់ពួកគេនៅលើអគារនេះ បាន ៣៤៩ units ហើយ ហើយអ្នកដែលនៅសល់កំពុងមកជាបន្តបន្ទាប់ទៀត។
បើតាមកាសែត ខ្មែរថាមស៍ភាគច្រើនបំផុតនៃពលរដ្ឋដែលរស់នៅលើអគារ ប៊ូឌីញ សរុប ៤៩៣គ្រសួង បានយល់ព្រមទទួលយកសំណងក្នុងតម្លៃ ១៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។
ក្រុមហ៊ុនជប៉ុន ឈ្មោះ Arakawa ជាអ្នកវិនិយោគលើការអភិវឌ្ឍអគារ ប៊ូឌីញ នេះ ទៅជាអគារថ្មីកម្ពស់ ២១ជាន់ ដោយ ៣ជាន់ជាកន្លែងចតរថយន្ត ១ជាន់ជាកន្លែងហាងទំនិញ និង ៥ជាន់សម្រាប់ជាកន្លែងស្នាក់នៅ។
ប្រសិនបើការដោះស្រាយដែលសម្របសម្រួលដោយឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលបានជោគជ័យទាំងស្រុង គម្រោងអភិវឌ្ឍន៍អគារ ប៊ូឌីញ នេះ នឹងក្លាយជាគម្រោងមួយដែលគ្មានភាពចម្រូងចម្រាស និងជាគំរូល្អមួយ នៅក្នុងរាជធានីភ្នំពេញ។
គួររំឭកថា អគារចំណាស់មួយផ្សេងទៀត គឺសំណង់បុរីកីឡា ក៏បានផ្ដល់ទៅឲ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគ និងអភិវឌ្ឍន៍ដែរ ប៉ុន្តែ រហូតមកទល់នឹងពេលនេះ នៅតែមានភាពចម្រូងចម្រាសដោះស្រាយមិនទាន់រួចរាល់នៅឡើយ ដោយសារតែពលរដ្ឋអតីតអ្នករស់នៅបុរីកីឡាមួយចំនួនតូច នៅតែបន្តការតវ៉ាទាមទារសំណងពីអ្នកវិនិយោគក្នុងស្រុកនៅឡើយ៕