ឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន

WHO ប្រមូលភស្តុតាងសម្រាប់ការស៊ើបអង្កេត ជុំវិញករណីឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន


អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងទីក្រុងគៀវកាលពីពេលថ្មីៗនេះថា ខ្លួនកំពុងតែប្រមូលភស្តុតាង ដើម្បីចងក្រងទុកជាឯកសារសម្រាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចមានពាក់ព័ន្ធនឹងការវាយប្រហារដោយប្រទេសរុស្ស៊ីទៅលើកន្លែងថែទាំសុខភាពនៅប្រទេសអ៊ុយក្រែន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
WHO ប្រមូលភស្តុតាងសម្រាប់ការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន
ដោយ

នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការ WHO លោក Mike Ryan ក្នុងដំណើរទស្សនកិច្ចរួមគ្នាជាមួយប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទព័ត៌មានថា វាជាទំនួលខុសត្រូវជាក់ស្តែងរបស់ភាគីសង្រ្គាមក្នុងការបញ្ចៀសការវាយប្រហារលើមូលដ្ឋានសុខាភិបាល ប៉ុន្តែអង្គការ WHO បានកត់ត្រាឃើញមានការវាយប្រហារចំនួន ២០០ លើក ទៅលើមន្ទីរពេទ្យ និងគ្លីនិកនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Ryan បាននិយាយថា ការវាយប្រហារដោយចេតនាទៅលើកន្លែងថែទាំសុខភាព គឺជាការរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ ដូច្នេះហើយបើផ្អែកលើការស៊ើបអង្កេតនិងការបញ្ជាក់ពីការវាយប្រហារនេះ វាបានបង្ហាញពីឧក្រិដ្ឋកម្មសង្រ្គាមនៅគ្រប់ស្ថានការណ៍ទៅហើយ។

មន្ត្រីជាន់ខ្ពស់អង្គារសុខភាពពិភពលោកដដែលនេះ បានបន្ថែមថា អង្គការសុខភាពពិភពលោកបន្តចងក្រងជាឯកសារ និងធ្វើជាសាក្សីចំពោះការវាយប្រហារទាំងនេះ ហើយពួកគេជឿជាក់ថា ប្រព័ន្ធអង្គការសហប្រជាជាតិ និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងអ្នកដទៃទៀតនឹងធ្វើការស៊ើបអង្កេតជាចាំបាច់ ដើម្បីវាយតម្លៃពីចេតនាឧក្រិដ្ឋកម្មនៅពីក្រោយការវាយប្រហារទាំងនេះ។

ក្នុងពេលកន្លងមកនេះប្រទេសរុស្ស៊ីក៏ធ្លាប់បានបដិសេធការចោទប្រកាន់ពីប្រទេសអ៊ុយក្រែននិងប្រទេសបស្ចិមលោកអំពីឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមាននេះរួចហើយហើយដែរ ហើយថែមទាំងបានបដិសេធការកំណត់វាយប្រហារទៅលើជនស៊ីវិលក្នុងសង្គ្រាមនេះផងដែរ។

លោក Ryan បាននិយាយថា ករណីទាំងវាយប្រហារទាំង ២០០លើក ទៅលើកន្លែងថែទាំសុខភាពនៅអ៊ុយក្រែនពីសំណាក់កងទ័ពរុស្ស៊ី មិនមែនតំណាងឱ្យចំនួនសរុបនៃការវាយប្រហារលើអគារមន្ទីរពេទ្យនៅអ៊ុយក្រែននោះទេ គឺគ្រាន់តែជាករណីកត់សម្គាល់របស់អង្គការ WHO តែប៉ុណ្ណោះ។ ទីក្រុង Kyiv បាននិយាយថា មានការវាយប្រហារបែបនេះប្រហែល ៤០០លើកចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ។

លោក Tedros ប្រធានអង្គការសុខភាពពិភពលោក បានប្រាប់សន្និសីទព័ត៌មានដដែលនេះថា លោកសូមផ្ញើសាររបស់លោកទៅកាន់ប្រជាជនអ៊ុយក្រែនទាំងអស់ថា អង្គការ WHO ឈរក្បែរប្រជាជនអ៊ុយក្រែន ហើយបានបន្តអំពាវនាវឱ្យសហព័ន្ធរុស្ស៊ីបញ្ឈប់សង្គ្រាមនេះ។

រដ្ឋជាសមាជិកអង្គការសុខភាពពិភពលោកនឹងពិចារណានៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីរកដំណោះស្រាយមួយដាក់បន្ទុកលើប្រទេសរុស្ស៊ី ដែលអាចរួមបញ្ចូលទាំងការបិទការិយាល័យរបស់អង្គការនេះនៅទីក្រុងម៉ូស្គូផងដែរ។ នេះបើយោងឯកសារដែលទីភ្នាក់ងារ Reuters ទទួលបាននិងបង្ហាញកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ប៉េកាំងរើសយកអតីតមេប៉ូលីសបង្ក្រាបបាតុកម្មកាលឆ្នាំ២០១៩ មកធ្វើជាមេដឹកនាំហុងកុងបន្ទាប់ពីលោកស្រីខារីឡាម

ក្នុងនាមជាអតីតមេប៉ូលីសបង្ក្រាបបាតុកម្មរបស់ទីក្រុងហុងកុងកាលពីឆ្នាំ២០១៩ លោក ចន លី ត្រូវបានរដ្ឋអំណាចទីក្រុងប៉េកាំងផ្តល់ទំនុកចិត្ត ឲ្យធ្វើជាម…

អង់គ្លេសនឹងផ្តល់ជំនួយផ្នែកយោធាបន្ថែម ១,៦ ពាន់លានដុល្លារទៀត ដល់យអ៊ុយក្រែន

ចក្រភពអង់គ្លេសបានប្រកាសនាចុងសប្ដាហ៍មុននេះថា ខ្លួននឹងផ្តល់ជំនួយផ្នែកយោធាប្រមាណ ១ពាន់៦រយលានដុល្លារ បន្ថែមទៀតដល់អ៊ុយក្រែ ខណៈសេចក្តីប្រកាសនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ