ប្រទេសដែលនៅបន្តទិញប្រេងរុស្ស៊ី

តើប្រទេសក្នុងតំបន់អាស៊ីណាខ្លះកំពុងបន្តទិញប្រេងពីរុស្ស៊ី?


ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ២ ខែមកហើយ ខណៈការនាំចេញប្រេងរុស្ស៊ីជាច្រើននៅតែបន្តនាំចេញទៅកាន់ប្រទេសក្នុងតំបន់អាស៊ីមួយចំនួនដូចជា ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងឥណ្ឌា បើទោះបីជា ប្រទេសលោកខាងលិចមួយចំនួនរួមទាំងអាមេរិក និងអង់គ្លេសបានប្រកាសឈប់ទិញប្រេងពីរុស្ស៊ីក្ដី។ នេះបើតាមការបង្ហាញពីទិន្នន័យតាមដាននាវាដឹកប្រេងចុងក្រោយបង្អស់របស់រុស្ស៊ី។
ប្រទេសណាខ្លះកំពុងបន្តទិញប្រេងពីរុស្ស៊ី?
ដោយ

ក្រុមហ៊ុន Refinitiv បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់ពេលបច្ចុប្បន្ន មាននាវាដឹកប្រេងកើនឡើងសរុបចំនួន ៣៨០ គ្រឿងបាននាំចេញប្រេង​ពីប្រទេសរុស្ស៊ី  ខណៈក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុនមាននាវានាំចេញប្រេង​ត្រឹមតែ ៣៥៧ គ្រឿងប៉ុណ្ណោះ។ នេះបើតាមប្រភពព័ត៌មានពីសារព័ត៌មានជប៉ុន Nikkei។ ក្នុងចំណោមនាវាដឹកប្រេងចំនួន ៣៨០ គ្រឿងដែលបាននាំចេញប្រេង​​កាលពីខែកុម្ភៈ មានចំនួន ១១៥ គ្រឿងគឺត្រូវបានដឹកប្រេង​ទៅកាន់ប្រទេសក្នុងតំបន់អាស៊ី ដោយ ៥២ គ្រឿងទៅកាន់ប្រទេសចិន ២៨ គ្រឿងទៅកាន់កូរ៉េខាងត្បូង ២៥គ្រឿង ទៅកាន់ប្រទេសឥណ្ឌា ៩ គ្រឿងទៅកាន់ប្រទេសជប៉ុន និង ១ គ្រឿងទៅកាន់ប្រទេសម៉ាឡេស៊ី។ តាមរយៈការនាំចេញប្រេង​តាមកប៉ាល់ទាំងនោះ ត្រូវបានគេដឹងថា មានការកើនឡើងជាង ៨ ដងសម្រាប់ការនាំចេញទៅប្រទេសឥណ្ឌា និងកើនឡើង ៣៣% សម្រាប់នាំទៅប្រទេសចិន ខណៈ ​ការនាំចេញទៅប្រទេសផ្សេង​ទៀតបាន​ធ្លាក់​ចុះ ១៦% ។

គួររំលឹកថា បណ្តាប្រទេសសេដ្ឋកិច្ចលោកខាងលិចធំៗ ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសថាពួកគេនឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដែលជាផ្នែកនៃការឆ្លើយតបនៃទណ្ឌកម្មដ៏ធំចំពោះរុស្ស៊ី ដែលបានលុកលុយនៅអ៊ុយក្រែន។

 ក៏ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌាលោក នៀម៉ាឡា ស៊ីថារ៉ាមែន (Nirmala Sitharaman) បាននិយាយនៅក្នុងព្រឹត្តិការណ៍​មួយ​ក្នុងខែនេះថា ឥណ្ឌានឹងនៅតែបន្តទិញប្រេងពីរុស្ស៊ី ហើយក្នុងចំនួនច្រើន​ទៀតផង ខណៈលោកបានអះអាងថា ការធ្វើបែបនេះ គឺគិតពីផលប្រយោជន៍ជាតិ​របស់ឥណ្ឌាជាអាទិភាព ពិសេសនៅចំពេល ដែលរុស្ស៊ី​មានការលក់​ប្រេង​បញ្ចុះតម្លៃពិសេសសម្រាប់​ឥណ្ឌា​ថែមទៀតផង។ ក្នុងនោះ លោក Vandana Hari ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន​ស្រាវជ្រាវទីផ្សារថាមពល Vanda Insights បានប្រាប់សារព័ត៌មាន Bloomberg ថ្មីៗនេះ ថាទីក្រុងម៉ូស្គូកំពុងផ្តល់ប្រេងបន្ថែមទៀតដល់ប្រទេសឥណ្ឌា​ក្នុងការលក់បញ្ចុះតម្លៃទាបជាងមុន ៣៥ ដុល្លារ សម្រាប់​ប្រេងឆៅ​មួយធុងបារ៉ែល។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Jaishankar បានអះអាងថា កាលពីខែមីនា​អឺរ៉ុបក៏នៅតែបន្តទិញប្រេង និងឧស្ម័ន ច្រើនជាងមុន​១៥% បន្ថែមទៀតដែរពីរុស្ស៊ីធៀបនឹងខែកុម្ភៈ។ លោកបាននិយាយថា ភាគច្រើននៃ អ្នកទិញប្រេង និង ឧស្ម័នសំខាន់ៗពីរុស្ស៊ី គឺនៅអឺរ៉ុបទៅវិញទេ ដោយលោក​បានចង្អុលបង្ហាញថាឥណ្ឌាទិញតិចជាង ១% ប៉ុណ្ណោះ នៃប្រេងឆៅសរុបរបស់រុស្ស៊ី។

គួរជម្រាបថា ជាការពិតណាស់ ទិន្នន័យតាមដាននាវាដឹកប្រេងបង្ហាញថា នាវាចំនួន ៤១ គ្រឿងបាននាំចេញទៅកាន់ប្រទេសហូឡង់ ៣៦ គ្រឿងទៅកាន់ប្រទេសអ៊ីតាលី និង ៩ គ្រឿងទៅកាន់ប្រទេសអាឡឺម៉ង់នៅចន្លោះថ្ងៃទី ១ ខែមីនាដល់ថ្ងៃទី ១៥ ខែមេសា។ ទោះបីជាយ៉ាងណាក្តី ថាមពលរបស់រុស្ស៊ីបានស្ថិតនៅក្រោមការត្រួតពិនិត្យ និង រងសម្ពាធកាន់តែខ្លាំងឡើង ចាប់តាំងពីការសម្លាប់របស់ជនស៊ីវិលជាច្រើននៅក្នុងទីក្រុង Bucha ក្នុងប្រទេសអ៊ុយក្រែនកាលពីដើមខែនេះ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

None



អត្ថបទបន្ទាប់


ធនាគារកណ្តាលចិនសន្យា «ជួយគាំទ្រសេដ្ឋកិច្ច» ចំពេលកូវីដ១៩កំពុងរាតត្បាតខ្លាំង

ប្រធានធនាគារកណ្តាលចិនកាលពីថ្ងៃសុក្របានសន្យាថា នឹងរក្សាគោលនយោបាយសមស្របដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងមានកំណើនយឺត ជាមួយនឹងវិធីសាស្រ្តជួយ…

ត្រឹម៣ខែដំបូងឆ្នាំនេះ រដ្ឋប្រមូលចំណូលពន្ធបានជិត ២ពាន់លានដុល្លារ

បើទោះបីជាស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់ច្រើនជុំវិញវិបត្តិកូវីដ១៩ និងភាពតានតឹងនៃស្ថានការណ៍ពិភពលោកក្ដី ប៉ុន្ដែ ការប្រមូលចំណូលពន្ធរបស់ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ