បើតាមអង្គការសម្ព័ន្ធវ៉ាក់សាំង Gavi បានឲ្យដឹងថា បច្ចេកវិទ្យាផលិតវ៉ាក់សាំងកូវីដ-១៩ គឺត្រូវបានប្រើប្រាស់ឡើងដោយមាន៤ប្រភេទសំខាន់ៗ ហើយក្នុងនោះ ការផលិតតាមបច្ចេកវិទ្យា mRNA នេះ គឺមានការនិយមប្រើច្រើនជាងគេ។ ជាក់ស្ដែង វ៉ាក់សាំងកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុន BioNTech/Pfizer និង Moderna ជាដើមក៏ផលិតតាមបច្ចេកវិទ្យានេះដែរ។
វ៉ាក់សាំងដែលផលិតដោយបច្ចេកវិទ្យា mRNA គឺវានឹងជួយធ្វើឲ្យរាងកាយមនុស្ស បង្កើតបានជាប្រូតេអ៊ីនដែលជាផ្នែកមួយនៃមេរោគ និងបង្កើតបានជាប្រព័ន្ធភាពស៊ាំដែលអាចទប់ទប់នឹង មេរោគ។
តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាម លោក Kidong Park បាននិយាយប្រាប់សារព័ត៌មាន Reuters ថា «រោងចក្រផលិតវ៉ាក់សាំងនៅវៀតណាម គឺបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនក្នុងការក្លាយជាមូលដ្ឋានផលិតវ៉ាក់សាំងកូវីដ-១៩តាមបច្ចេកវិទ្យា mRNA។»
លោក Park បន្ថែមថា សំណើរបស់វៀតណាមកំពុងត្រូវបានពិនិត្យដោយអង្គការសុខភាពពិភពលោកហើយ ហើយលោកក៏សង្ឃឹមថា ស្ថាប័នផលិតវ៉ាក់សាំងរបស់វៀតណាមនឹងដាក់ពាក្យស្នើសុំផលិតវ៉ាក់សាំងកូវីដ-១៩នេះក្នុងទ្រង់ទ្រាយធំ។
អង្គការសុខភាពពិភពលោក កាលពីដើមខែមេសាបាននិយាយថា ខ្លួនកំពុងស្វែងរកការពង្រីកសមត្ថភាពរបស់បណ្ដាប្រទេសចំណូលទាប និងមធ្យម ដើម្បីផលិត និងពង្រីកការផលិតវ៉ាក់សាំង ដើម្បីជួយដល់ការគ្រប់គ្រងមេរោគរាតត្បាត។
ប្រសិនបើវៀតណាម នឹងក្លាយជាមជ្ឍមណ្ឌលសម្រាប់ការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង mRNA មែន នោះវានឹងចូលរួមចំណែកដ៏សំខាន់មួយក្នុងការផលិតចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ផងដែរ។
សូមបញ្ជាក់ថា ថ្មីៗនេះដែរ ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩របស់អាល្លឺម៉ង់ BioNTech ក៏បានប្រកាសពីគម្រោងវិនិយោគបង្កើតស្នាក់ការកណ្ដាលរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍ និងការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩នៅក្នុងតំបន់នេះផងដែរ ដោយក្រុមហ៊ុននេះ បានជ្រើសយកប្រទេសសិង្ហបុរី៕