សេដ្ឋកិច្ចថៃ

ហេតុអ្វីមេក្រុមហ៊ុនគ្រាក់ៗនៅថៃ កំពុងបារម្ភកាន់តែខ្លាំងចំពោះស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៤?


ប្រទេសថៃ ត្រូវបានព្យាករថា នឹងមានកំណើនសេដ្ឋកិច្ចយឺតនៅពេលអនាគត បើធៀបទៅនឹងអត្រាកំណើននៅមុនកូវីដ១៩។ តួយ៉ាង មានទីភ្នាក់ងាររដ្ឋ និងឯកជនជាច្រើន បានធ្វើការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ ក្នុងអត្រា ៣ ទៅ ៣,៤% ប៉ុណ្ណោះ នៅឆ្នាំ២០២៤ ដោយមិនរាប់បញ្ចូលនូវការអនុវត្តគម្រោងផ្ដល់សាច់ប្រាក់ឌីជីថលប្រមាណជាង ២៩០ដុល្លារ សម្រាប់ពលរដ្ឋ ដើម្បីជំរុញល្បឿនសេដ្ឋកិច្ចនោះឡើយ។
សេដ្ឋកិច្ចថៃ
ដោយ

នេះបើតាមសេចក្ដីរាយការណ៍ដោយកាសែតបាងកកប៉ុស្ដិ៍នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤។

មានកត្តាមួយចំនួន ដែលធ្វើឲ្យប្រធាននាយកប្រតិបត្តិក្រុមហ៊ុនធំៗនៅក្នុងប្រទេសថៃកំពុងបង្ហាញក្ដីបារម្ភចំពោះសេដ្ឋកិច្ចថៃនៅឆ្នាំនេះ រួមមាន កំណើននាំចេញកាន់តែយឺតជាងមុន, ការថយចុះតម្រូវការប្រើប្រាស់ និងទេសចរណ៍ពីសំណាក់ភ្ញៀវទេសចរចិន, ការប្រែប្រួលនៃអត្រាការប្រាក់, ការកើនឡើងខ្ពស់នៃបំណុលគ្រួសារ, ផលប៉ះពាល់នៃបាតុភូតធម្មជាតិ អ៊ែលនីណូ, ហានិភ័យផ្នែកភូមិសាស្ត្រនយោបាយ, ការខ្វះខាតជំនាញកម្មករ និងប្រជាជនវ័យចំណាស់កើនឡើងជាដើម។

កាសែតបាងកកប៉ុស្ដិ៍បានសម្ភាសនាយកប្រតិបត្តិក្រុមហ៊ុនជាច្រើន ទាក់ទងនឹងបញ្ហាប្រឈមធំៗ និងហានិភ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសថៃនៅឆ្នាំនេះ។

ក្នុងនោះ លោក Yol Phokasub នាយកប្រតិបត្តិនៃក្រុមហ៊ុន Central Retail Corporation Plc ដែលជាក្រុមហ៊ុនលក់រាយធំបំផុតនៅក្នុងប្រទេសថៃ បានបង្ហាញពីក្ដីបារម្ភយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចថៃនៅឆ្នាំ២០២៤ ពិសេសនៅឆមាសទី១នេះតែម្ដង។

លោកបានសង្កត់ធ្ងន់ថា ការកើនឡើងនៃភាពតានតឹងផ្នែកនយោបាយ និងបញ្ហាទាក់ទងនឹងការបោះឆ្នោតដែលមិនអាចព្យាករទុកមុនបាននៅក្នុងបណ្ដាប្រទេសផ្សេងៗ បានរួមចំណែកធ្វើឲ្យបរិយាកាសនៃការលូតលាស់សេដ្ឋកិច្ចសកលកាន់តែអាប់អួ។

ក្រៅពីនេះ បញ្ហាប្រឈមក្នុងស្រុកជាច្រើន ក៏ជាកត្តារាំងស្ទះដល់កំណើនសេដ្ឋកិច្ចថៃនៅឆ្នាំនេះដែរ ដូចជា កំណើននៃការនាំចេញយឺត, កំណើនវិស័យទេសចរណ៍នៅមានកម្រិត, ការបន្ដដំឡើងអត្រាការប្រាក់ និងការកើនឡើងបំណុលគ្រួសារ គឺបានធ្វើឲ្យប្រាក់ចំណូលពលរដ្ឋកាន់តែជួបការលំបាក នាំឲ្យកម្លាំងនៃការបញ្ជាទិញក្នុងសេដ្ឋកិច្ចថយចុះផងដែរ។

ទោះយ៉ាងណា អ្នកជំនាញរូបនេះ នៅតែមានក្ដីសង្ឃឹមសម្រាប់សេដ្ឋកិច្ចថៃនៅឆ្នាំឆមាសទី២ ដ្បិតថា លោកមើលឃើញអំពីសក្ដានុពលទស្សនវិស័យសេដ្ឋកិច្ចថ្មី ក្រោមការបែងចែកកញ្ចប់ថវិការដ្ឋកាន់តែច្រើនជាងមុនសម្រាប់ការវិនិយោគទាំងនៅក្នុងវិស័យរដ្ឋ និងឯកជន រួមទាំងការចាក់បញ្ចូលមូលនិធិដោយផ្ទាល់នៅក្នុងសេដ្ឋកិច្ចជាដើម។

ជាមួយគ្នានេះ លោកស្រី Kattiya Indaravijaya នាយិកាប្រតិបត្តិធនាគារ Kasikornbank បាននិយាយដែរថា សេដ្ឋកិច្ចថៃ នឹងមើលឃើញកំណើនខ្ពស់ជាងមុននៅឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ ទោះបីជាមានកត្តាហានិភ័យខ្ពស់ និងភាពមិនច្បាស់លាស់ទាំងនៅក្នុងស្រុក និងសកលលោកក្ដី។

តាមការស្រាវជ្រាវរបស់ធនាគារកសិកន បានព្យាករថា នៅឆ្នាំ២០២៤ សេដ្ឋកិច្ចថៃនឹងកើន ៣,១% ពោលគឺកើនពីកំណើន ២,៥% នៅឆ្នាំ២០២៣ ដោយសារតែមានការងើបឡើងវិញនៃការនាំចេញ, ទេសចរណ៍ និងយន្ដការជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

បន្ថែមពីនេះ ធនាគារកសិកនបានរំពឹងទុកទៀតថា ប្រសិនបើគម្រោងផ្ដល់សាច់ប្រាក់ឌីជីថលសម្រាប់ពលរដ្ឋ នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ដោយជោគជ័យមែននោះ សេដ្ឋកិច្ចថៃនៅឆ្នាំនេះ នឹងរំពឹងកើនដល់ ៣,៦%ឯណោះ។

សូមបញ្ជាក់ថា គម្រោង កាបូបលុយឌីជីល១ម៉ឺនបាត ឬស្មើប្រមាណជាង ២៩០ដុល្លារអាមេរិក គឺជាគោលនយោបាយដ៏សំខាន់របស់ក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ។

គម្រោងផ្ដល់សាច់ប្រាក់ជីឌីថលប្រមាណជាង ២៩០ដុល្លារនេះ មានគោលការណ៍នឹងផ្ដល់ជូនសម្រាប់ប្រជាជនដែលមានវ័យ ១៦ឆ្នាំឡើងទៅ ហើយពួកគេត្រូវមានប្រាក់ចំណូលប្រចាំខែត្រឹម២ពាន់ដុល្លារ ឬតិចជាងនេះ រួមទាំងប្រាក់បញ្ញើនៅធនាគារត្រូវមានតិចជាង ៥០ម៉ឺនបាត ឬប្រមាណជាង ១ម៉ឺន៤ពាន់ដុល្លារ។

រដ្ឋាភិបាលរបស់លោក ស្រ៊ីថា ពេលនេះ កំពុងតស៊ូក្នុងការជំរុញធ្វើយ៉ាងណាឲ្យមានការអនុវត្តគម្រោងនេះឲ្យបាននៅខែឧសភាឆ្នាំនេះ ដោយជឿជាក់ថា តាមរយៈគម្រោងផ្ដល់សាច់ប្រាក់ឌីជីថលដល់ពលរដ្ឋនេះ នឹងជួយធ្វើឲ្យសេដ្ឋកិច្ចរបស់ថៃនឹងកើនប្រមាណ ៥% នៅក្នុងរយៈពេល៤ឆ្នាំខាងមុខ ខណៈប្រទេសថៃ ពេលនេះ កំពុងដុតដៃដុតជើង ប្រែក្លាយខ្លួនពីប្រទេសមានប្រាក់ចំណូលមធ្យម ទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន លី ហួរ គ្រុប បានផ្តួចផ្តើមប្រារព្ធកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់មនុស្សធម៌"

នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន លី ហួរ គ្រុប បានរៀបចំកម្មវិធីដើរម៉ារ៉ាតុន ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់មនុស្…

ក្រសួងការបរទេសថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ដោយសារគ្រោះរញ្ជួយដីម្រិត៧,៦វ៉ិចទ័រនៅជប៉ុនទេ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា គិតត្រឹមវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ គឺពុំមានពលរដ្ឋខ្មែរណាម្នាក់បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ