ប៉ុន្តែ វាមានការឈឺចាប់យ៉ាងខ្លាំងសម្រាប់អ្នកនាំចេញរ៉ែដែក និងទំនិញសំខាន់ៗផ្សេងទៀតរបស់អូស្ត្រាលី ហើយសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូចតាច និងបើកចំហដូចជាប្រទេសអូស្ត្រាលីបែបនេះ ការផ្តាច់ខ្លួនចេញពីប្រទេសចិនគឺមិនមែនជារឿងល្អនោះឡើយ។ នេះបើតាមការរាយការណ៍មួយដោយសារព័ត៌មាន Bloomberg។
ការគ្មានលទ្ធភាពរបស់ប្រទេសចិនក្នុងការទទួលបានតម្រូវការរ៉ែដែកដ៏ធំនៅក្រៅតំបន់ ភីលបារ៉ា (Pilbara) នៃរដ្ឋអូស្ត្រាលីភាគខាងលិចនោះ មានន័យថា ចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីក្នុងរយៈពេលដ៏វែងឆ្ងាយទៅមុខទៀត បើទោះជា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរល្អក់កករខ្លាំងក៏ដោយ។
ប៉ុន្តែសម្រាប់ឧស្សាហកម្មសំខាន់ៗផ្សេងទៀតរបស់អូស្ត្រាលី គឺគ្មានអ្នកណាដែលអាចជំនួសឱ្យអតិថិជនចិននោះឡើយ ដូចជា ផលិតផលបង្កង និងស្រាដែលមានគុណភាពរបស់អូស្ត្រាលី។ លើសពីនេះ អូស្ត្រាលីនៅតែមិនអាចរកអ្នកជំនួសទីផ្សារចិន លើភ្ញៀវអ្នកទេសចរ និងនិស្សិត ដែលបានចំណាយប្រាក់ជាច្រើនសម្រាប់ការសិក្សានៅអូស្ត្រាលីបានឡើយ។
ទោះយ៉ាងណា គេឃើញមានមានសញ្ញាពីការកំពុងរលាយបាត់ភាពតានតឹងរវាងប្រទេសទាំង ២ ក្រោយពីនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក អេនថូនី អាល់បានីស (Anthony Albanese) បានជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីសប្តាហ៍មុននៅប្រទេសថៃ ដែលជាជំនួបលើកដំបូងរវាងមេដឹកនាំទាំង២ចាប់តាំងពីឆ្នាំ២០១៩មក។ ទោះយ៉ាងណា ក្រុមហ៊ុនអូស្ត្រាលីមួយចំនួនមិនរំពឹងលើការបន្ធូរបន្ថយការរឹតបន្តឹងក្នុងពេលវេលាណាមួយឆាប់ៗនេះឡើយ ចំពោះការរឹតត្បិតពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលកន្លងមក។ តើមុខទំនិញណាខ្លះដែលអូស្ត្រាលី និងចិនបានសងសឹងគ្នាលើសង្វៀនពាណិជ្ជកម្មពន្ធគយនាពេលកន្លងមក ហើយវាបានវិវឌ្ឍយ៉ាងណាខ្លះ?
វិស័យស្រា៖ ក្រោយរយៈពេល២ឆ្នាំបន្ទាប់ពីប្រទេសចិនបានដាក់ពន្ធលើសពី ២០០% លើស្រារបស់អូស្ត្រាលី គឺក្រុមហ៊ុនផលិតស្រាអូស្ត្រាលី នៅតែកំពុងដំណើរការទៅដោយភាពរញ៉េរញ៉ៃជាមួយទីផ្សារនាំចេញស្រាដែលធ្លាប់រកបានប្រាក់ចំណូលច្រើនបំផុតរបស់ខ្លួន ដែលកាលពីមុនរកបានចំណូលតម្លៃប្រហែល ៨០២ លានដុល្លារក្នុងមួយឆ្នាំ ប៉ុន្ដែ ក្រោយមានពីមានការដំឡើងពន្ធដ៏សម្បើមនេះ ការនាំចេញស្រារបស់អូស្ត្រាលីទៅចិនបានដាំក្បាលចុះយ៉ាងគំហុក
វិស័យទេសចរណ៍៖ អវត្ដមាននៃភ្ញៀវទេសចរចិនដែលមានការចំណាយខ្ពស់នៅតែជាឧបសគ្គចំពោះឧស្សាហកម្មទេសចរណ៍របស់អូស្ត្រាលី ដោយចំនួនទេសចរណ៍ចិនបានធ្លាក់ចុះ ៩២% នៅក្នុងខែកញ្ញាធៀបនឹងខែដូចគ្នាកាលពីឆ្នាំ២០១៩នៅមុនពេលជំងឺកូវីដ១៩។ ប្រតិបត្តិករមិនអាចអង្គុយរង់ចាំមើលថា តើគោលនយោបាយគ្មានជំងឺកូវីដរបស់ចិននឹងបានធូរស្រាលនៅពេលណានោះទេ ដូច្នេះហើយដើម្បីព្យាយាមផ្សាភ្ជាប់គម្លាតនេះ ទេសចរណ៍អូស្ត្រាលីកំពុងពឹងផ្អែកលើការរស់ឡើងវិញពីប្រទេសផ្សេងៗទៀតរួមទាំងឥណ្ឌាផងដែរ បើទោះបីជា មានមានចលនាតិចតួចក្ដី។
វិស័យអប់រំ៖ ប្រព័ន្ធអប់រំអន្តរជាតិរបស់អូស្ត្រាលីកំពុងតែជួបបញ្ហាដោយសារភាពតានតឹងកើនឡើងទ្វេដង និងលទ្ធផលនៃការបិទព្រំដែន។ ទិន្នន័យរបស់រដ្ឋាភិបាលអូស្ត្រាលីបានបង្ហាញថា ការចុះឈ្មោះចូលរៀនពីនិស្សិតចិន ដែលជាប្រភពនិស្សិតអន្តរជាតិដ៏ធំបំផុតរបស់អូស្ត្រាលីនោះនៅតែមានតិចជាង ៧០% នៃកម្រិតចុះឈ្មោះនៅមុនការផ្ទុះឡើងនៃជំងឺកូវីដនៅឡើយ។
វិស័យស្រូវសាលី៖ ការកំណត់ដាក់ពន្ធប្រឆាំងលើការលក់បង្ខូចថ្លៃរបស់ចិន ទៅលើអង្ករនាំចូលពីអូស្ត្រាលី កាលពីឆ្នាំ២០២០ បានជួបបញ្ហាជាច្រើនសម្រាប់វិស័យស្រូវអង្ករអូស្ត្រាលី។ អូស្ត្រាលីបានខិតខំរកទីផ្សារថ្មី ដើម្បីនាំចេញទៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដែរ ប៉ុន្ដែ ប្រទេសនេះ ត្រូវអង្ករតែអង្ករភាគច្រើនសម្រាប់ការផលិតចំណីសត្វតែប៉ុណ្ណោះ ដូច្នេះ អង្កររបស់អូស្ត្រាលីដែលមានតម្លៃខ្ពស់ពិបាកក្នុងការជ្រៀតចូលក្នុងទីផ្សារនេះខ្លាំងណាស់។
វិស័យអាហារសមុទ្រ៖ ឧស្សាហកម្មអាហារសមុទ្ររបស់អូស្ត្រាលីដែលបាននាំចេញជិតពាក់កណ្តាលនៃផលិតកម្មរបស់ខ្លួននោះក៏កំពុងស្វែងរកទីផ្សារពិភពលោកផងដែរ ខណៈដែលប្រទេសចិននៅតែជាទីផ្សារធំបំផុតទី១ សម្រាប់ការនាំចេញផលិតផលនេះ ទីផ្សារនៅហុងកុង ក៏សំខាន់ណាស់ដែរសម្រាប់អូស្ត្រាលី។ រីឯ តម្រូវការពី អាមេរិក វៀតណាម និងតៃវ៉ាន់ ក៏ស្ទុះងើបឡើងដែរ។
វិស័យធ្យូងថ្ម៖ ការនាំចេញធ្យូងថ្មរបស់អូស្ត្រាលីទៅកាន់ប្រទេសចិនបានធ្លាក់ចុះពីជិត ១០០ លានតោនក្នុងឆ្នាំហិរញ្ញវត្ថុ២០១៩-២០ មកនៅប្រហែល ២០ លានតោនប៉ុណ្ណោះ ដែលជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ ដ្បិតចិនជាទីផ្សារធំទីពីររបស់អូស្ត្រាល។ កាលពីឆ្នាំ២០២០ ការបញ្ជាទិញធ្យូងថ្ម ពីជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាមានការកើនឡើង ខណៈដែលចិនជាទីផ្សារធំបានបង្វែរទៅរកទិញធ្យូងថ្មពីប្រទេសផ្សេងវិញ។
បើទោះបីជា មានបញ្ហារកាំរកូសជាមួយគ្នាក្ដី ប៉ុន្ដែ បើមើលលើទំហំពាណិជ្ជកម្មទ្វេភាគីជារួមរវាងចិន និងអូស្ត្រាលី កាលពីឆ្នាំ២០២១ សម្រេចបានដល់ជាង២៣០ពាន់លានដុល្លារ កើនឡើងជាង៣៥% ធៀបនឹងឆ្នាំមុន ក្នុងនោះ ចិនបាននាំចូលពីអូស្ត្រាលីមានតម្លៃប្រមាណ ១៦៥ពាន់លានដុល្លារ កើនឡើងជាង៤០%។ នេះបើតាមទិន្នន័យដែលបង្ហាញដោយរដ្ឋាភិបាលចិន៕
អត្ថបទ៖ សុខ ជា