ជាក់ស្ដែង នៅ៩ខែ ដំបូងឆ្នាំ២០២២ កម្ពុជាទទួលបានចំណូលសរុបជាង ២ពាន់លានដុល្លារអាមេរិក ពីការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើងជិត៦% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍គយនិងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា បង្ហាញថាក្នុងចំណោមទឹកប្រាក់ជាង២ពាន់លានដុល្លារ ដែលកម្ពុជាទទួលបានពីការនាំចេញផលិតផលកសិកម្មនៅ ៩ខែ ឆ្នាំ២០២២នេះ ក្នុងនោះ ការនាំចេញស្រូវមានទំហំទឹកប្រាក់ប្រមាណ ៥រយលានដុល្លារ ថយចុះ១៥%, ការនាំចេញអង្ករមានទំហំទឹកប្រាក់ជិត ៣រយលានដុល្លារ កើនឡើងជិត ២%, ការនាំចេញកៅស៊ូមានទំហំទឹកប្រាក់ប្រមាណជិត ៣រយលានដុល្លារ កើនឡើង២,៦% និងកសិផលផ្សេងទៀតមានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ កើនឡើងជាង ២១% ផងដែរ។
ពាក់ព័ន្ធនឹងវិស័យកសិកម្មកម្ពុជានេះដែរ ត្រូវបាន លោក ច័ន្ទ សុផលអ្នកជំនាញសេដ្ឋកិច្ច និងកសិកម្ម យល់ឃើញថា ទិន្នផលកសិកម្មកម្ពុជា នឹងមានការកើនឡើង ដោយសារតែដំណាំយូរអង្វែងមួយចំនួនធំមានអាយុអាចផ្តល់ផលបានកាន់តែច្រើន ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទី ស្វាយកែវរមៀត ម្រេច និងដំណាំឈើហូបផ្លែខ្លះទៀតជាដើម។ ដូច្នេះហើយ ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងឆ្នាំ២០២២នេះ គឺនៅតែអាចបន្តកើនឡើង ដរាបណានៅតែមានតម្រូវការបញ្ជាទិញ ពិសេសផលិតស្បៀងអាហារសំខាន់ៗ ដែលជាតម្រូវការចាំបាច់តែម្ដង។
ទោះយ៉ាងណា បើតាម លោក ច័ន្ទ សុផល សម្រាប់ឆ្នាំ ២០២៣ ខាងមុខ ឱនភាពសេដ្ឋកិច្ចពិភពលោក ទំនងជាអាចនឹងកើតមាន ដែលវានឹងធ្វើឱ្យតម្រូវការផលិតផលកសិកម្មកម្ពុជា ប្រឈមនឹងការថមថយចុះផងដែរ។ ទោះយ៉ាងណា អ្នកជំនាញរូបនេះ កត់សម្គាល់ថា នៅក្នុងសម័យសាកលភាវូបនីយកម្ម គេពិបាកដឹងបានជាមុនណាស់ ថាតើទំនិញណានឹងខ្វះខាត និងទំនិញណានឹងលើសតម្រូវការទីផ្សារនោះទេ។ ដូចនេះហើយ បញ្ហាប្រឈមមួយសម្រាប់ កសិករ ផលិតករ និងពាណិជ្ជករ គឺថ្លៃដើមទំនងជាបន្តនៅខ្ពស់ ក្នុងឆ្នាំ២០២៣ ហើយទំនិញខ្លះ ដូចជាដំណាំកៅស៊ូ អាចប្រឈមនឹងការធ្លាក់ថ្លៃ ដោយសារតម្រូវការយានយន្តថយចុះ ស្របទៅតាមនិន្នាការនៃវិបត្តិសេដ្ឋកិច្ចដែលអាចកើតមាន។
ទន្ទឹមនេះ លោក ច័ន្ទ សុផល ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាគួរមានគោលនយោបាយបង្កើន ឬរក្សាប្រាក់ចំណូល របស់ប្រជាពលរដ្ឋដែលនៅខ្វះខាត និងបង្កើនប្រសិទ្ធភាពការផលិតទំនិញ ដែលមានតម្រូវការ ជាពិសេសស្បៀងអាហារ ដែលមានសារៈសំខាន់សម្រាប់ជីវិត។ ជាងនេះទៅទៀត អ្នកជំនាញសេដ្ឋកិច្ច និងកសិកម្មរូបនេះ យល់ឃើញថា ការបញ្ចេញឥណទានសម្រាប់ផលិតករ អាជីវករ និងពាណិជ្ជករ តាមរយៈស្ថាប័នរដ្ឋ ការសម្រួលធុរកិច្ច កាត់បន្ថយពន្ធដារ និងការកាត់បន្ថយថ្លៃផលិតកម្ម និងកែច្នៃ ជាពិសេសថ្លៃអគ្គិសនីជាដើមនោះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចកសិកម្មកម្ពុជា មិនប្រឈមនឹងការថយចុះនោះឡើយ។ ម្យ៉ាងវិញទៀត វិធានការទាំងនេះ ក៏នឹងមិនធ្វើឱ្យបាត់បង់ចំណូល និងការងារ ថែមទាំងអាចបង្កលទ្ធភាពឱ្យប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីទប់ទល់បាននឹងវិបត្តិសេដ្ឋកិច្ចដែលអាចកើតឡើងនាពេលខាងមុខផងដែរ៕