ខាងក្រោមនេះ បង្ហាញពីមូលហេតុដែលធ្វើឲ្យអត្រាការប្រាក់មានកម្រិតខ្ពស់៖
១. ប្រភពមូលនិធិដែលជាកម្ចីពីបរទេស (source of fund from abroad)
ប្រភពមូលនិធិមួយផ្នែករបស់ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (Bank/MFI) ជាកម្ចីពីបរទេស ហើយកម្ចីនេះ មានអត្រាការប្រាក់ខ្ពស់ដោយកត្តាសំខាន់២យ៉ាងគឺ ហានិភ័យដែលប្រទេសកម្ពុជាប្រឈម (country risk) និងកាតព្វកិច្ចក្នុងការបង់ពន្ធកាត់ទុក (Withholding tax) រហូតដល់ទៅ១៤%នៃការចំណាយលើការប្រាក់នៃមូលនិធិដែលជាប្រាក់កម្ចីពីបរទេស។
ចំណុចអសកម្មដែលធ្វើឲ្យការវាយតម្លៃហានិភ័យប្រទេសកម្ពុជាមិនបានល្អប្រសើរ គឺនៅត្រង់កង្វះប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋាភិបាល ភាពមិនពេញលេញនៃនីតិរដ្ឋ និងលទ្ធភាពក្នុងការកាត់បន្ថយអំពើពុករលួយ។
២. ប្រភពមូលនិធិពីប្រាក់បញ្ញើក្នុងស្រុក (source of fund from local deposits)
ប្រាក់បញ្ញើ (ឬហៅថាសន្សំ) ក្នុងស្រុកជារបត់ថ្មី មានន័យថា កាលពីមុន ពុំមានពលរដ្ឋខ្មែរនិយមយកប្រាក់ទៅសន្សំនៅ Bank/MFI នោះទេ។ ដូច្នេះ ទំនុកចិត្តចំពោះវិស័យធនាគារនៅមានកំរិត ជាហេតុធ្វើឲ្យ Bank/MFI ត្រូវផ្តល់អត្រាការប្រាក់ខ្ពស់ដើម្បីទាក់ទាញការសន្សំប្រាក់ពីសាធារណជនទូទៅ។
៣. ថ្លៃដើមប្រតិបត្តិការរបស់ Bank/MFI (operating costs)
ការផ្តល់កម្ចីខ្នាតតូចទៅដល់មូលដ្ឋានដាច់ស្រយាលទាមទារឲ្យមានការចំណាយប្រតិបត្តិការខ្ពស់ ពិសេស ចំនួនធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុច្រើនហួសហេតុនៅក្នុងតំបន់ប្រតិបត្តិការតែមួយ បង្កឲ្យបាត់នូវប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច (limited economic of scope and economic of scale)៕
លោក ង៉ែត ជូទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ ក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting (EMC)។ អត្ថបទខាងលើជាទស្សនៈផ្ទាល់ខ្លួនរបស់លោក ង៉ែត ជូ និងមិនឆ្លុះបញ្ចាំងទស្សនៈរបស់ Cambonomist.com ទេ។