បើយោងតាមរបាយការណ៍ដំបូងនៃសន្ទស្សន៍ការបញ្ជាទិញនៃប្រទេសចាយប្រាក់អឺរ៉ូ ដែលមានការតាមដានសកម្មភាពក្នុងវិស័យផលិតកម្ម និងសេវាកម្ម បានបង្ហាញឲ្យឃើញថា បានកើនឡើងដល់ ៥០,២% ក្នុងខែមករា ពីជាង៤៩,៣% ក្នុងខែធ្នូឆ្នាំមុន។ ទោះកំណើនមានត្រឹមជិត១% ក៏ពិតមែន តែវាជាការកើនឡើងលើកដំបូងចាប់តាំងពីខែមិថុនាឆ្នាំ២០២២មក។ ការវិលត្រឡប់ទៅរកកំណើនតិចតួចនេះ បានជួយឱ្យ តម្លៃថាមពលធ្លាក់ចុះ និងខ្សែចង្វាក់ផ្គត់ផ្គង់បានបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាបានជួយសម្រួលដល់ការកើនឡើងនៃថ្លៃដើមផលិតផងដែរ។
ជាមួយគ្នានេះ ការកើនឡើងនៃសេដ្ឋកិច្ចក្នុងប្រទេសតំបន់អឺរ៉ុប បានបង្កើតក្តីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២៣នេះ ថាសេដ្ឋកិច្ចប្លុកនេះ អាចនឹងឆ្លងផុតវិបត្តិ ខណៈការបើកឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិននាពេលថ្មីៗនេះក៏បានបង្កើនទំនុកចិត្តបន្ថែមទៀត សម្រាប់ប្លុកចាយប្រាក់អឺរ៉ូទាំង២០ប្រទេសផងដែរ។
លោក Chris Williamson ប្រធានសេដ្ឋវិទូផ្នែកធុរកិច្ចនៅក្រុមហ៊ុនទីផ្សារ S&P Global Market Intelligence ដែលជាក្រុមហ៊ុនស្ទង់មតិផ្នែកទីផ្សារបាននិយាយថា៖ «ស្ថិរភាពនៃសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូនៅដើមឆ្នាំនេះបានបង្ហាញថា តំបន់នេះអាចគេចផុពីវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ»។ ទោះជាយ៉ាងណាក៏ដោយ លោក Williamson បានបន្ថែមថា និន្នាការនៃការធ្លាក់ចុះ មិនគួរត្រូវបានច្រានចោលទាំងស្រុងនោះទេ ដោយសារការចំណាយលើការខ្ចីប្រាក់បានកើនឡើង ក្រោយមានការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអឺរ៉ុប។ ប៉ុន្តែការធ្លាក់ចុះណាមួយនោះ ទំនងជាមិនមានកម្រិតធ្ងន់ធ្ងរជាងការភ័យខ្លាចដូចពីមុនពេកនោះទេ។
យ៉ាងណាមិញ ប្រធានសេដ្ឋវិទូរបស់ធនាគារ Berenberg លោក Holger Schmieding បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា៖ «កម្រិតនៃទំនុកចិត្តអ្នកប្រើប្រាស់នៅតែមានកម្រិតទាប និងផលប៉ះពាល់ពីការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអឺរ៉ុប នៅតែចង្អុលបង្ហាញពីការធ្លាក់ចុះ នៃ GDP របស់តំបន់ចាយប្រាក់អឺរ៉ូក្នុងរយៈពេលខ្លី មុនពេលការស្ទុះងើបឡើងវិញអាចចាប់ផ្តើមសាជាថ្មីបាន។
ទោះជាយ៉ាងណាក៏ដោយ រូបភាពនេះមើលទៅហាក់មិនសូវមានសង្ឃឹមទេ នៅក្នុងចក្រភពអង់គ្លេស ខណៈដែលសន្ទស្សន៍ការបញ្ជាទិញ (PMI) ក្នុងខែមករាបានបង្ហាញពីការថយចុះយ៉ាងខ្លាំងនៃសកម្មភាពអាជីវកម្ម គិតចាប់ពីការបិទខ្ទប់ទូទាំងប្រទេសដោយសារកូវីដ១៩ កាលពី ២ ឆ្នាំមុន។ មូលហេតុចម្បងនោះគឺដោយសារអត្រាការប្រាក់នៅតែបន្តមានកម្រិតខ្ពស់ និងទំនុកចិត្តអ្នកប្រើប្រាស់នៅមានកម្រិតទាប ដែលធ្វើឱ្យសកម្មភាពធ្លាក់ចុះយ៉ាងខ្លាំងក្នុងវិស័យសេវាកម្ម។
ជាក់ស្តែង សកម្មភាពអាជីវកម្ម និងសេវាកម្ម ធ្លាក់ចុះនៅត្រឹមជាង៤៧% ក្នុងខែមករា ពីចំនួន៤៩% ក្នុងខែធ្នូឆ្នាំ២០២២ ពោលគឺវិស័យទាំងនេះនៅអង់គ្លេសបានបន្តធ្លាក់ចុះក្នុងរយៈពេល៦ខែជាប់ៗគ្នាហើយ។
លោក Williamson ប្រធានសេដ្ឋវិទូផ្នែកធុរកិច្ចនៅក្រុមហ៊ុនទីផ្សារ S&P ដដែលបានលើកឡើងថា៖ «តួលេខសន្ទស្សន៍ការបញ្ជាទិញ មានកម្រិតខ្សោយជាងការរំពឹងទុកនៅក្នុងខែមករា គឺបានបង្ហាញពីហានិភ័យ ដែលចក្រភពអង់គ្លេសអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច»។ លោកបានបន្ថែមថា៖ «វិវាទឧស្សាហកម្ម កង្វះបុគ្គលិក ការបាត់បង់ការនាំចេញ ការកើនឡើងតម្លៃនៃការចំណាយសម្រាប់រស់នៅ និងអត្រាការប្រាក់ខ្ពស់ សុទ្ធតែមានន័យថា អត្រានៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អង់គ្លេសបានប្រមូលផ្តុំគ្នាម្តងទៀតនៅដើមឆ្នាំ២០២៣នេះ»។
ទន្ទឹមនឹងសេដ្ឋកិច្ចកំពុងរួមរឹតដោយបញ្ហាចាក់ស្រេះនោះ គេមើលឃើញថា បំណុលរបស់រដ្ឋាភិបាលអង់គ្លេសក៏បានហក់ឡើងកាន់តែខ្ពស់ដែរ ពោលគឺ កាលពីខែធ្នូឆ្នាំមុន រដ្ឋាភិបាលអង់គ្លេសបានខ្ចីបុលប្រមាណជិត៣៤ពាន់លានដុល្លារ ដែលជាកម្រិតបំណុលខ្ពស់បំផុតដែលបានខ្ចីសម្រាប់ខែធ្នូ បើគិតតាំងពីឆ្នាំ១៩៩៣មក។ បំណុលរដ្ឋាភិបាលអង់គ្លេសកើនឡើង ក៏ដោយសារតែរដ្ឋត្រូវបង្កើនការចំណាយគាំទ្រដល់ការចំណាយថ្លៃថាមពលសម្រាប់ក្រុមគ្រួសារអង់គ្លេស ក៏ដូចជាការចំណាយលើការបង់សងការប្រាក់នៃបំណុលរដ្ឋាភិបាលដែលចេះតែកើនឡើងផងដែរ៕