បញ្ហានេះ បានចោទឡើងនូវសំណួរស្រដៀងគ្នាជាច្រើនពីសំណាក់មហាជនទូទៅ ដោយបានចោទសួរថា តើអ្នកចាក់វ៉ាក់សាំងរួចរាល់ នៅតែមានភាគរយក្នុងការឆ្លងកូវីដ១៩ទៀតមែនទេ? តើអ្នកកើតកូវីដ១៩រួចហើយ អាចមានអង់ទីគ័រការពារខ្លួនពីការឆ្លងកូវីដ១៩ ម្តងទៀតដែរឬទេ? ថ្មីៗនេះមានអ្នកជំនាញមកពីសហរដ្ឋអាមេរិក និង ពីតំបន់អឺរ៉ុប បានធ្វើការបកស្រាយដល់សារព័ត៌មានធំៗល្បីៗជាច្រើន ពិសេសសារព័ត៌មានដ៏ធំមួយរបស់អាមេរិកគឺ Bloomberg ។
អ្នកចាក់វ៉ាក់សាំងរួចហើយ ប៉ុន្តែនៅតែអាចឆ្លងកូវីដ១៩បាន ហេតុអ្វី?
ទោះបីវ៉ាក់សាំងអាចផ្តល់ការការពារដ៏រឹងមាំដល់មនុស្ស ពីធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែរាល់វ៉ាក់សាំងគ្រប់ប្រភេទទាំងអស់ មិនថាផលិតក្នុងប្រទេសណានោះទេ មិនបានធានា ១០០% ថាអ្នកចាក់វ៉ាក់សាំងរួចមិនអាចឆ្លងជំងឺកូវីដម្តងទៀតនោះទេ។ ក្នុងន័យនេះ បានសេចក្តីថា មនុស្សគ្រប់រូបដែលបានចាក់វ៉ាក់សាំងរួចនៅតែអាចប្រឈមមុខនឹងការឆ្លងជំងឺកូវីដ១៩ម្តងទៀត ហើយក៏នៅតែមានលទ្ធភាពបន្តចម្លងទៅអ្នកដទៃដដែល គ្រាន់តែហានិភ័យមានកម្រិតទាប ឬ ខ្ពស់អាស្រ័យលើប្រភេទវ៉ាក់សាំងដែលគេបានចាក់ ព្រោះវាមានកម្រិតការពារខុសៗគ្នាដែរ។
ដរាបណាកូវីដ១៩ រីករាលដាលក្នុងសហគមន៍ដែលអ្នករស់នៅកាន់តែច្រើន ហានិភ័យនៃការឆ្លងម្តងទៀតមានរិតតែខ្ពស់។ ប៉ុន្តែសូមកុំមានការភ័យខ្លាចជ្រុលពេក ដូចបានរៀបរាប់ខាងដើមអញ្ចឹង ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងរួច ហើយបានឆ្លងជំងឺកូវីដទៀត យ៉ាងហោចណាស់វាបានការពារអ្នកពីការធ្លាក់ខ្លួនឈឺខ្លាំង និងជួយការពារអ្នកបានពីការគម្រាមកំហែងដល់អាយុជីវិតផងដែរ។ ប៉ុន្តែក៏នៅមានករណីស្លាប់មួយចំនួនតូចដែរ ដោយសារតែអ្នកជំងឺមានវ័យចំណាស់ ប្រព័ន្ធការពារសារពាង្គកាយខ្សោយ ឬមកពីមានជំងឺប្រចាំកាយស្រាប់ជាដើម។
អ្នកចាក់វ៉ាក់សាំងរួចនៅតែឆ្លងកូវីដ ដោយសារតែមេរោគកូវីដ-១៩ ខ្លាំងជាងវ៉ាក់សាំង
មានកត្តា៣សំខាន់ៗដែលធ្វើឲ្យកូវីដ១៩ខ្លាំងជាង ប្រសិទ្ធភាពរបស់វ៉ាក់សាំង រួមមាន
ទី១, កត្តាមេរោគបំប្លែងខ្លួនថ្មី៖ កូវីដ១៩បានបន្តបំប្លែងខ្លួនជាប្រភេទថ្មីៗជាច្រើនទៀត ដែលមានឥទ្ធិលខ្លាំងជាង ចម្លងលឿនជាង និងគ្រោះថ្នាក់ជាងមេរោគដើមរបស់វាដែលបង្ហាញវត្តមានដំបូងក្នុងប្រទេសចិនកាលពីឆ្នាំមុន។ មកទល់នឹងពេលនេះ មានមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីហោចណាស់ ៤ប្រភេទ ក្នុងចំណោមច្រើនប្រភេទផ្សេងទៀតត្រូវបាន WHO ចាត់បញ្ចូលជាវិរុសគួរឲ្យព្រួយបារម្ភ ក្រោយវាបានចរាចរស្ទើរពាសពេញពិភពលោករួចទៅហើយ។
ទី២, កត្តាវ៉ាក់សាំង៖ វ៉ាក់សាំងខ្លះមានកម្រិតការពារតិច វ៉ាក់សាំងខ្លះទៀត ដែលផលិតពីមុន មិនអាចតតាំងនឹងមេរោគបំប្លែងខ្លួនថ្មីៗ ហើយវ៉ាក់សាំងខ្លះទៀតត្រូវការពេលច្រើនសប្តាហ៍ ឬអាចដល់ច្រើនខែបន្ទាប់ពីចាក់ដូសទី២រួច ដើម្បីបង្កើតប្រព័ន្ធការពារភាពស៊ាំ។
ការរក្សាទុកវ៉ាក់សាំងអោយបានត្រឹមត្រូវ ក៏ជារឿងសំខាន់ផងដែរ។ ប្រសិទ្ធភាពរបស់វ៉ាក់សាំងដែលសិក្សានៅមន្ទីរពិសោធន៍ អាចប្រែប្រួលខុសពី ប្រសិទ្ធភាពនៅពេលដែលគេផលិតរួច ហើយយកវាចេញមកប្រើប្រាស់ខាងក្រៅ។
ទី៣, កត្តាមនុស្ស៖ អ្នកដែលចាក់វ៉ាក់សាំងរួចហើយ នៅតែឆ្លងដដែលត្រូវបានគេសង្កេតឃើញថាមានមួយភាគធំ ជាមនុស្សមានវ័យចំណាស់ និង អ្នកដែលមានជំងឺប្រចាំកាយ។ ភាគច្រើនអ្នកដែលមានវ័យចំណាស់ មានប្រព័ន្ធការពារសារពាង្គកាយខ្សោយ ហើយវានឹងរឹតតែខ្សោយជាងនេះ ប្រសិនបើគេមានជំងឺប្រចាំកាយឬរ៉ាំរ៉ៃថែមទៀត។
យ៉ាងណាក៏ដោយចុះ ទោះបីអ្នកឆ្លងកូវីដ១៩ ទាំងដែលខ្លួនបានចាក់វ៉ាក់សាំងរួចក៏ពិតមែន ប៉ុន្ដែវាបានជួយអ្នកឲ្យរួចផុតពីការធ្លាក់ខ្លួនឈឺទ្រុឌទ្រោម ប្រសិនបើអ្នកមិនមានជំងឺប្រចាំកាយធ្ងន់ធ្ងរទេនោះ។ ជាក់ស្តែងគិតត្រឹមថ្ងៃទី១២កក្កដា ក្នុងចំណោមពលរដ្ឋអាមេរិកដែលឆ្លងកូវីដ១៩ហើយធ្លាក់ខ្លួនឈឺធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ គឺមានដល់៩៧% គឺជាអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
ក្រៅពីសហរដ្ឋអាមេរិក តើមានប្រទេសណាទៀតដែលមានអ្នកចាក់វ៉ាក់សាំងហើយ បន្តធ្លាក់ខ្លួនឈឺធ្ងន់?
ប្រាកដណាស់វាពិតជាមាន ហើយវាកើតឡើងនៅស្ទើរទូទាំងពិភពលោកទៅហើយ មិនថាប្រទេសប្រើវ៉ាក់សាំងប្រភេទណានោះទេ។
យើងក្រឡេកទៅមើលប្រទេសអ៊ីស្រាអែល, អ៊ីស្រាអែលគិតត្រឹមចុងខែមេសាកន្លងទៅនេះ បានកត់ត្រាពីចំនួនអ្នកដែលបានចាក់វ៉ាក់សាំងរួច ហើយធ្លាក់ខ្លួនឈឺធ្ងន់ចូលមន្ទីរពេទ្យដល់ទៅ ៤០០ករណី។ ក្នុងនោះមាន ២៣៤ករណីធ្ងន់ធ្ងរខ្លាំង និង៩០ករណីបានបាត់បង់ជីវិត។ ជាមួយគ្នានេះ បើយើងមើលឲ្យបានស៊ីជម្រៅក្នុងករណីចាក់វ៉ាក់សាំងរួចទាំង៩០ករណី ហើយដែលបានស្លាប់បាត់បង់ជីវិតនោះ ឃើញថាស្ទើរតែពាក់កណ្តាលនៃ ពួកគេគឺមានជំងឺប្រចាំកាយដូចជា សម្ពាធឈាមខ្ពស់ លើសជាតិស្ករឬទឹកនោមផ្អែម មានជំងឺបេះដូង និងជំងឺប្រចាំកាយរ៉ាំរ៉ៃផ្សេងៗទៀតដែលអាចធ្វើឲ្យប្រព័ន្ធការពារ និងប្រព័ន្ធភាពស៊ាំរបស់សារពាង្គកាយចុះខ្សោយ។
អ្នកដែលចាក់វ៉ាក់សាំងរួច ហើយបានឆ្លងកូវីដ១៩ តើពួកគេអាចចម្លងទៅអ្នកដទៃបន្តទៀតដែរឬទេ?
មានភស្តុតាងមួយចំនួន ដែលកើតចេញពីការស្រាវជ្រាវ និងការសិក្សាបានបង្ហាញថា អ្នកចាក់វ៉ាក់សាំងរួច មានផ្ទុកកូវីដ១៩ អាចចម្លងជំងឺនេះបន្តទៅអ្នកដទៃទៀតបាន។
ការសិក្សារបស់អ្នកជំនាញសុខាភិបាលរបស់ប្រទេសស្កុតឡែន កាលពីចុងឆ្នាំ ២០២០ ដល់ដើមឆ្នាំ២០២១បានរកឃើញថា ករណីវិជ្ជមានកូវីដ១៩ដែលគេរកឃើញលើសមាជិកក្រុមគ្រួសារគ្រូពេទ្យជួរមុខ ដែលគ្រូពេទ្យទាំងនោះបានចាក់វ៉ាក់សាំងរួចហើយមានផ្ទុកកូវីដ១៩ មានចំនួន៣០%តិចជាងករណីដែលរកឃើញលើសមាជិកគ្រួសារក្រុមរបស់គ្រូពេទ្យជួរមុខដែលមិនបានចាក់វ៉ាក់សាំង។ ដូច្នេះបានសេចក្តីថា អ្នកចាក់វ៉ាក់សាំងរួចហើយមានផ្ទុកកូវីដ១៩ នៅតែមានភាគរយចម្លងទៅកាន់មនុស្សជុំវិញខ្លួនដដែល គ្រាន់តែវាស្ថិតក្នុងកម្រិតមួយតិចជាងអ្នកដែលមិនបានចាក់វ៉ាក់សាំង។
ការសិក្សាស្រដៀងគ្នានៅចក្រភពអង់គ្លេស ក៏បានបង្ហាញលទ្ធផលស្រដៀងនឹងអ្វីដែលគេរកឃើញនៅប្រទេសស្កុតឡែនដែរ។
តើការចាក់វ៉ាក់សាំងបន្ថែម លើសពីចំនួនកំណត់ អាចបង្កើនការការពារការឆ្លងកូវីដ-១៩ ពិតមែនដែរ ឬទេ?
បច្ចុប្បន្នមានប្រទេសមួយចំនួនកំពុងពិចារណា បង្កើនចំនួនដូសសម្រាប់ចាក់ជូនពលរដ្ឋរៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពវ៉ាក់សាំង ជាពិសេសសម្រាប់ប្រទេសដែលប្រើប្រាស់វ៉ាក់សាំងដែលមានកម្រិតការពារតិច។ យ៉ាងណាមិញ មិនទាន់មានការសិក្សាជាក់លាក់ណាមួយ ដែលបង្ហាញថាការចាក់វ៉ាក់សាំងបន្ថែមអាចជួយបង្កើនការការពារនៅឡើយទេ។
អ្នកជំនាញពីសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបបានណែនាំថា គម្រោងចាក់វ៉ាក់សាំងបន្ថែមនេះមិនទាន់ចាំបាច់ត្រូវយកប្រើប្រាស់នោះទេ ដោយហេតុថា ប្រទេសទាំងអស់នៅទូទាំងពិភពលោកមិនទាន់បានសម្រេចចាក់វ៉ាក់សាំងតាមគោលដៅនៅឡើយផង ស្របពេលដែលប្រទេសខ្លះទៀត មិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយទេ។ ដូច្នេះគេគួរតែត្រៀមវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់តាមស្តង់ដារជាមុនសិន។
សរុបសេចក្តីមក ដរាបណាកូវីដ១៩នៅតែបន្តមានវត្តមាន និង បន្តបំប្លែងខ្លួនថ្មីៗ នៅក្នុងពិភពលោក និងសហគមន៍របស់យើង នោះហានិភ័យនៃការឆ្លងកូវីដ១៩នឹងនៅតែមានជាដរាប ទោះអ្នកបាន ឬ មិនបានចាក់វ៉ាក់សាំងក្តី គ្រាន់តែកម្រិតនៃហានិភ័យឆ្លង គឺវាអាស្រ័យទៅលើអ្វី ដូចដែលបានរៀបរាប់ខាងលើនេះចឹង។
ដូច្នេះ អ្នកជំនាញពីសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបបានឲ្យយោបល់ថា វិធី និងជាជម្រើសដ៏ល្អបំផុតសម្រាប់មនុស្សជាតិក្នុងពេលបច្ចុប្បន្ន គឺមានតែរស់នៅតាមបែបគន្លងថ្មី រៀនរស់ជាមួយនឹងកូវីដ-១៩ ការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល ទទួលយកវ៉ាក់សាំងនៅពេលដល់វេនរបស់អ្នក និង នៅបន្តវិធានការការពារដដែល បើទោះបីអ្នកបានចាក់វ៉ាក់សាំងរួចរាល់ហើយយ៉ាងណាក្តី៕