ទង្វើនេះហាក់ផ្ទុយស្រឡះពីសកម្មភាពរបស់ពលរដ្ឋនៅបណ្តាប្រទេសលោកខាងលិច ដែលគេនិយមនាំសមាជិកក្រុមគ្រួសារទៅមើលសារមន្ទីរនានា ជាពិសេស នៅចុងសប្តាហ៍ដើម្បីឲ្យជាការកម្សាន្តផង និងរៀនសូត្រផង។
ខេមបូណូមិស សូមបង្ហាញជូននូវហេតុផល១០យ៉ាងដែលលោកអ្នកគួរចំណាយពេលសម្រាប់ខ្លួនឯង ក៏ដូចជាសមាជិកក្រុមគ្រួសារ ទៅមើលសារមន្ទីរនានាមិនថាតែក្នុងរាជធានីភ្នំពេញ ឬក៏ នៅតាមបណ្តាខេត្តនោះឡើយ។
១. ធ្វើឲ្យអ្នកមានអារម្មណ៍ល្អ
យោងតាមការស្រាវជ្រាវកន្លងមក គេបានរកឃើញថា មនុស្សយើងមាននិន្នាការសប្បាយរីករាយនៅពេលដែលចំណាយលុយទៅលើការទទួលបានបទពិសោធន៍ជាជាងការទិញសម្ភារ:។
បើតាមអ្នកចិត្តសាស្ត្រការចំណាយពេលក៏ដូចជាលុយកាក់ទៅលើការដើរមើលសារមន្ទីរ ធ្វើឲ្យជីវិតយើងកាន់តែមានភាពជោគជ័យបន្ថែមទៀតទៅលើផ្នែកទំនាក់ទំនងនៅក្នុងសង្គមនិងថែម ទាំងបានរំឭកនូវការចងចាំនានាផងដែរ។
២. ធ្វើឲ្យអ្នកកាន់តែឆ្លាត
មានការទទួលស្គាល់ថា តួនាទីរបស់សារមន្ទីរគឺអប់រំនិងផ្សារភ្ជាប់សហគមន៍។ ដូចយើងបានដឹងហើយថា សារមន្ទីរត្រូវបានតម្កល់និងរក្សាទុកនូវឯកសាររាប់ពាន់រាប់ម៉ឺនប្រភេទដោយរួមទាំង សំណុំឯកសារប្រវត្តិសាស្ត្រ។ ដូច្នេះ ការចំណាយពេលវេលាទៅកាន់សារមន្ទីរពិតជានឹងធ្វើឲ្យលោកអ្នកក៏ដូចជាកូនៗបានទទួលនូវចំណេះដឹងបន្ថែមជាក់ជាមិនខាន។
៣. ជាកន្លែងសម្រាប់រៀនសូត្របន្ថែម
បើសារមន្ទីរជាកន្លែងដែលប្រមូលផ្តុំទៅដោយឯកសាររាប់ម៉ឺននោះ អ៊ីចឹងវាគួរតែជាកន្លែងដែលអ្នកអាចរៀនសូត្រនិងស្រាវជ្រាវបន្ថែមទៀតយ៉ាងប្រសើរ។
៤. សារមន្ទីរជាបណ្តុំសហគមន៍
ក្រៅពីជាកន្លែងបណ្តុំឯកសារហើយនោះ តាមបទពិសោធន៍កន្លងមក សារមន្ទីរបានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំមកពីផ្នែកផ្សេងៗគ្នានៃសង្គម។ បើដូច្នេះ សារមន្ទីរក៏ជាកន្លែងដែលលោកអ្នកអាចផ្លាស់ប្តូរបទពិសោធន៍រួមទាំងអាចបង្កើតទំនាក់ទំនងផ្នែកជំនួញថែមទៀត។
៥. សារមន្ទីរជាកន្លែងជំរុញនិងលើកទឹកចិត្ត
នៅមុននេះ យើងបានដឹងមកហើយថា សារមន្ទីរជាកន្លែងប្រមូលផ្តុំឯកសាររួមទាំងមនុស្ស។ បើអ៊ីចឹងវាក៏ក្លាយជាកន្លែងជំរុញចិត្តដ៏ល្អប្រសើរសម្រាប់បុត្រធីតារបស់លោកអ្នកដើម្បីឲ្យគេអាច មានឱកាសរៀនសូត្រនិងត្រៀមលក្ខណ:សម្រាប់ភ្ជាប់ទំនាក់ទំនងនៅក្នុងសង្គម។
៦. សារមន្ទីរជួយជំរុញឲ្យមានការផ្លាស់ប្តូរនិងអភិវឌ្ឍន៍សង្គម
ចំណុចខាងលើ យើងបាននិយាយរួចមកហើយថា សារមន្ទីរបានដើរតួនាទីជាបណ្តុំសហគមន៍ ដូច្នេះ សារមន្ទីរក៏បានក្លាយជាចំណុចដ៏សំខាន់សម្រាប់ការអភិវឌ្ឍ។ គេបានរកឃើញថា ក្មេងៗ ដែលបានទៅទស្សនានៅសារមន្ទីរមានទំនោរចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការអភិវឌ្ឍន៍សហគមន៍របស់ពួកគេ។
៧. សារមន្ទីរអាចក្លាយជាកន្លែងធ្វើជំនួញ
យើងបានដឹងហើយថា ដើម្បីដំណើរការសារមន្ទីរមួយបាន គេត្រូវការសម្ភារៈជាច្រើនប្រភេទ ដែលមានទាំងគ្រឿងសង្ហារិម សម្ភារៈបច្ចេកទេសដូចជាម៉ាស៊ីនកុំព្យូទ័ររួមទាំងរបស់របរជាច្រើនទៀត។ ដូច្នេះ ទីនោះក៏អាចក្លាយជាកន្លែងដែលលោកអ្នកអាចចាប់ផ្តើមធ្វើជំនួញបានដែរ។
៨. សារមន្ទីរជាកន្លែងដ៏ប្រសើរដែលអ្នកគួរតែចំណាយពេលជាមួយគ្រួសារនិងមិត្តភក្ដិ
សារមន្ទីរក៏ជាកន្លែងផ្សារភ្ជាប់មនោសញ្ចេតនារវាងឪពុកម្តាននិងកូនៗ ហើយថែមទាំងជាកន្លែងដែលចែករំលែកនូវបទពិសោធន៍ផ្សេងៗនៅក្នុងជីវិត។
៩. សារមន្ទីរលោកអ្នកអាចចូលទស្សនាដោយ Free
សារមន្ទីរខ្លះមិនតម្រូវឲ្យលោកអ្នកត្រូវចំណាយប្រាក់ដើម្បីទិញសំបុត្រចូលទស្សនានោះឡើយ ប៉ុន្តែ វាត្រូវការការគាំទ្ររបស់លោកអ្នកដើម្បីអាចឲ្យសារមន្ទីរដំណើរការតទៅទៀតបាន។
១០. នៅជិតផ្ទះ
បើសិនជាចង់ទស្សនាសារមន្ទីរជាតិសម្រាប់លោកអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញមិនចាំបាច់ត្រូវចំណាយពេលវេលារួមទាំងថវិកាច្រើននោះឡើយ។ សម្រាប់ពលរដ្ឋនៅតាមបណ្តាខេត្ត ផ្សេងទៀតដែលមានសារមន្ទីរក៏ដូចគ្នាដែរ។
១០ចំណុចដែលយើងបានរៀបរាប់មកនេះ ប្រាកដជាអាចជួយលោកអ្នកក្នុងការសម្រេចចិត្ត ធ្វើដំណើរកម្សាន្តនៅពេលចុងសប្តាហ៍ ឬក៏ពេលទំនេរណាមួយបាន ដោយមិនចាំបាច់ចំណាយ ថវិកា រួមទាំងពេលវេលាច្រើន។
តែអ្វីដែលលោកអ្នកទទួលបាននោះ គឺចំណេះដឹងបន្ថែម បរិយាកាសដ៏រីករាយជាមួយក្រុមគ្រួសារនិងមិត្តភ័ក្តិរួមទាំងបានចូលរួមចំណែកឲ្យសារមន្ទីរ អាចដំណើរការនិងបំពេញតួនាទីដ៏មានសារ:សំខាន់របស់ខ្លួនបន្ថែមទៀត។ តើលោកអ្នកត្រៀមខ្លួនហើយឬនៅ សម្រាប់នាំសមាជិកគ្រួសារទៅទស្សនាសារមន្ទីរ?