ប៉ុន្ដែ ការដាំដុះម្រេចនៅក្នុងស្រុករបស់វៀតណាមនៅមានកម្រិត។ កត្តានេះ ត្រូវបានអ្នកជំនាញមើលឃើញថា វៀតណាមអាចនឹងត្រូវការនាំចូលម្រេចពីកម្ពុជាកាន់តែច្រើនបន្ថែមទៀត ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត មានការយល់ឃើញថាទីផ្សារម្រេច នាពេលបច្ចុប្បន្ន កាន់តែប្រសើរ បើប្រៀបនឹងរយៈពេលប៉ុន្មានឆ្នាំមុន ក៏ព្រោះតែតម្រូវការម្រេច នៅលើទីផ្សារកាន់តែមានការកើនឡើង។ លោក ងួន ឡាយ បានគូសបញ្ជាក់ថា វាជាការប្រសើរនៅពេលដែលវៀតណាម នឹងកាន់តែមានតម្រូវការម្រេច ព្រោះវានឹងកាន់តែបង្កើនឱកាសទីផ្សារដល់ម្រេចកម្ពុជា ព្រោះភាគច្រើនម្រេចកម្ពុជាដែលនាំចេញជាម្រេចមិនទាន់កែច្នៃ។
លោក វន សាវឿន អ្នកដាំម្រេច នៅខេត្តត្បូងឃ្មុំ និងលោក ហែម ត្រូ អ្នកដាំម្រេច ក្នុងខេត្តកំពត សុទ្ធតែបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ ព្រោះតែតម្លៃម្រេច នាពេលបច្ចុប្បន្ន ប្រសើរជាងឆ្នាំមុនៗ។ បើតាមលោក ហែម ត្រូ បានប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្ន មានឈ្មួញប្រមូលទិញម្រេច ក្នុងតម្លៃ ១ម៉ឺន៥ពាន់រៀលទៅ ២ម៉ឺនរៀល ឯណោះ ក្នុងមួយគីឡូក្រាម។ ចំណែក កសិករខេត្តត្បូងឃ្មុំ លោក វន សាវឿន បានអះអាងថា នៅដើមឆ្នាំ២០២២ ម្រេចនៅខេត្តត្បូងឃ្មុំ មានតម្លៃ ១ម៉ឺន៥ពាន់រៀល ក្នុងមួយគីឡូក្រាម បើប្រៀបនឹងឆ្នាំ២០២១ មានតម្លៃ ១ម៉ឺន២ពាន់រៀល ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ លោក សាវឿន បានសង្កត់ធ្ងន់ថា ជាទូទៅ ម្រេចរបស់កសិករខេត្តត្បូងឃ្មុំ ពឹងផ្អែកខ្លាំងលើទីផ្សារវៀតណាម ដូច្នេះ បើសិនជាវៀតណាមមានតម្រូវការច្រើន នោះតម្លៃម្រេច នឹងប្រសើរផងដែរ។
នៅក្នុងឆ្នាំ២០២១ កម្ពុជានាំចេញម្រេចសរុបជាង ២ម៉ឺន៨ពាន់តោន កើនឡើងដល់ទៅជាង ៤៥០% ក្នុងនោះ ការនាំចេញទៅកាន់ប្រទេសវៀតណាម មានក្នុងបរិមាណ ២ម៉ឺន៧ពាន់តោន មានប្រហែលជាង៩០%នៃការនាំចេញម្រេចសរុប។
ជុំវិញទៅនឹងការនាំចេញម្រេចកើនឡើងខ្លាំងពិសេសទៅកាន់ទីផ្សារវៀតណាមនេះដែរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ធ្លាប់បានអះអាងថា ប្រទេសវៀតណាមមួយរយៈចុងក្រោយនេះបានធ្វើផ្លាស់ប្តូរមុខដំណាំដាំដុះមួយចំនួន ដែលមិនទទួលបានទទួលប្រាក់ចំណូលគ្រប់គ្រាន់ ហើយដែលមិនស្របជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ដោយងាកទៅដាំដុះប្រភេទដំណាំយុទ្ធសាស្ត្រវិញ ដូចជាផ្លែឈើ សម្រាប់បម្រើការនាំចេញជាដើម។ ដូច្នេះហើយ ទើបវៀតណាមមានតម្រូវការម្រេចពីកម្ពុជាកាន់តែច្រើន ដើម្បីកែច្នៃនាំចេញបន្ដ។
តាមទីភ្នាក់ព័ត៌មានវៀតណាម ដែលបានផ្សាយថ្មីៗនេះបានឲ្យដឹងថា ក្រោយសម្លឹងឃើញឱកាសតម្រូវការទីផ្សារពិភពលោកកំពុងកើនឡើងខ្លាំង ប្រទេសវៀតណាម បាននិងកំពុងស្វែងរកមធ្យោបាយថ្មី ដើម្បីស្តារឧស្សាហកម្មម្រេចឡើងវិញ។ ប៉ុន្តែ បច្ចុប្បន្ន ប្រទេសវៀតណាម មិនទាន់មានវត្ថុធាតុដើមគ្រប់គ្រាន់នោះទេសម្រាប់កែច្នៃនាំចេញ ដូច្នេះ វៀតណាម កំពុងពិចារណានាំចូលម្រេចពីប្រទេសជិតខាង ពិសេសពីប្រទេសកម្ពុជាតែម្ដង ដើម្បីធានាការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ដំណើរការក្នុងស្រុក ហើយវៀតណាមរំពឹងថា កម្ពុជា នឹងអាចជួយបំពេញតម្រូវការម្រេចដែលកំពុងខ្វះខាតនេះ៕