ចំណាប់អារម្មណ៍កំពុងផ្តោតលើនាយករដ្ឋមន្ត្រីផុតអាណត្តិរូបនេះ គឺថាតើលោក នឹងបន្តវត្តមាននៅលំដាប់កំពូល ពាក់ព័ន្ធនឹងការសម្រេចចិត្តនានា របស់ប្រទេសចិន ឬរបស់បក្សកុម្មុយនីស្តចិនដែរឬទេ ក្រោយពីលោកផុតអាណត្តិទៅនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានសិង្ហបុរី Channel New Asia។
លោក លី ឃឺឈាំង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានកាលពីខែមីនាឆ្នាំនេះថា លោកនឹងចុះចេញពីតំណែងជាប្រធានក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បន្ទាប់ពីរយៈពេលមួយទសវត្សរ៍ក្នុងដំណែងមួយនេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតថា តើលោកនឹងបន្តនៅក្នុងឆាកនយោបាយ ឬចូលនិវត្តន៍ទាំងស្រុងនោះទេ។
នៅក្នុងសមាជបក្សលើកទី២០ចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ជាពេលដែលប្រធានាធិបតី ស៊ី ជីនពីង ឆ្ពោះទៅរកការកាន់ដំណែងអាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមកនោះ ក្រុមអ្នកវិភាគព្រឹត្តិការណ៍នយោបាយអន្តរជាតិកំពុងងឿងឆ្ងល់អំពីការស្នងតំណែងកំពូលលំដាប់ទី២របស់លោកលឺ ខឺឈាំង និងកំពុងបារម្ភពីផលប៉ះពាល់ផងដែរ លើគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយអ្នកកាន់ដំណែងថ្មីចូលខ្លួនមក។ ជាទូទៅនៅប្រទេសចិន ប្រធានាធិបតីជាអ្នកចាត់ចែងគោលនយោបាយជាតិ និងកិច្ចការក្រៅប្រទេស ខណៈនាយករដ្ឋមន្ត្រីជាអ្នកចាត់ចែកគោលនយោបាយសេដ្ឋកិច្ច។
គួរជម្រាបថា លោកលី ឃឺឈាំង គឺជាសេដ្ឋវិទូដែលបានទទួលការបណ្តុះបណ្តាលពីលោកសេរី ហើយគោលនយោបាយរបស់គាត់រួមមាន ផែនការសម្រាប់កំណែទម្រង់ដ៏ទូលំទូលាយ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងពេល១០ឆ្នាំមកនេះ។ ទោះជាយ៉ាងណាក៏ដោយ អំណាចរបស់គាត់ត្រូវបានគេមើលឃើញថា ត្រូវបានកាត់បន្ថយម្តងបន្តិចៗ ដោយលោក ស៊ី ជីនពីង ព្យាយាមលូកដៃចូលក្នុងការចាត់ចែងសេដ្ឋកិច្ច តាមរយៈការបង្កើតក្រុមថ្មីមួយដែលឃ្លាំមើលលើកំណែទម្រង់សេដ្ឋកិច្ច។
បើតាមក្រុមអ្នកវិភាគ ក្នុងពេលនេះសេណារីយ៉ូដែលអាចកើតមាន នោះគឺក្រោយលោកផុតអាណត្តិជានាយករដ្ឋមន្ត្រីមែន តែលោកអាចនឹងបន្តមានតួនាទីក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្ស ដែលជាការិយាល័យអាចធ្វើសេចក្តីសម្រេចកំពូលមួយដែររបស់បក្ស។ នេះក៏ដោយសារតែលោកលី ខឺឈាំង ដែលស្ថិតក្នុងវ័យអាយុ ៦៧ ឆ្នាំនៅឡើយ នៅសល់ពេល១ឆ្នាំទៀត មុនចូលដល់អាយុចូលនិវត្តន៍ ដែលកំណត់សម្រាប់មន្រ្តីរបស់បក្ស។
អ្នកជំនាញ អះអាងថា គេមិនដកតំណែងមន្រ្តីបក្សកំពូលណាម្នាក់តែផ្តេសផ្តាសនោះទេ បើរូបគេនោះ មិនបានប្រព្រឹត្តអំពើពុករលួយ ឬមិនទាន់ដល់អាយុចូលនិវត្តន៍។ ហោចណាស់ លោក លី ឃឺឈាំងត្រូវបាន គេជឿថា អាចឡើងកាន់តំណែងលំដាប់ទីបីក្នុងនាមជាប្រធានសភាប្រជាជនចិន ជាស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសចិន។
យ៉ាងណាក៏ដោយ ក៏មានដែរអ្នកតាមដានព្រឹត្តិការណ៍នៅប្រទេសចិន ដែលជឿថាបុរសវ័យ៦៧ឆ្នាំរូបនេះ នឹងជ្រើសរើសចូលនិវត្តន៍ពីគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអាចនឹងសុំចូលនិវត្តន៍ពីឆាកនយោបាយចិនទាំងមូលតែម្តងក៏ថាបាន ដោយសារលោកយល់ថា លោកលែងមានឥទ្ធិពលអ្វីតទៅទៀត ពិសេសចាប់ពីពេលដែល លោកស៊ី ជីនពីង ផ្តើមលូកដៃចូលក្នុងកិច្ចការសេដ្ឋកិច្ចរបស់លោកមក។
ទោះយ៉ាងណា សមាជបក្សកុម្មុយនីស្តចិនដែលភាគច្រើនជាកិច្ចប្រជុំបិទទ្វារ ទំនងជាងបិទបញ្ចប់ការពិភាក្សានៅចុងសប្តាហ៍នេះ ឬដើមសប្តាហ៍ក្រោយ។ យើងនឹងរងចាំតាមដានថាតើក្បាលម៉ាស៊ីនថ្មីរបស់ចិន នឹងមានបេក្ខភាពរូបណាខ្លះ? និងថាតើលោក លី ឃឺឈាំង នឹងបន្តជិវិតនយោបាយរបស់លោក ក្នុងដំណែងលែងមានឥទ្ធិលដូចមុន ឬបញ្ចប់ត្រឹមនេះ? យើងនឹងអាចឆ្លើយសំណួរនេះក្នុងពេលឆាប់ៗ៕