ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានពន្យល់ថា បើទោះបីជាតម្លៃប្រេងមានការធ្លាក់ចុះខ្លាំង យ៉ាងនេះក្ដី ប៉ុន្ដែ លោកថា ថាមពលអគ្គិសនីដែលផលិតដោយប្រើប្រាស់ប្រេង នៅតែមាន តម្លៃខ្ពស់ ជាងអគ្គិសនីដែលផលិតពីប្រភពផ្សេងទៀតដដែល។ ណាមួយទៀតនោះ នៅកម្ពុជាយើង ការប្រើប្រាស់ប្រេងដើម្បីផលិតជាថាមពលអគ្គិសនីនេះ គឺមានចំនួនតិចតួចប៉ុណ្ណោះ ប្រមាណ ៥% នៃថាមពលអគ្គិសនីសរុប។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីអំពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល កាលពីព្រឹកថ្ងៃទី ២១ ខែមេសានេះ ឯកឧត្តម វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពលបានពន្យល់ថា ថ្វីដ្បិតតែ តម្លៃប្រេងឆៅសកលនៅពេលនេះ មានការធ្លាក់ថ្លៃខ្លាំងពិតមែន ប៉ុន្ដែការផលិតថាមពលអគ្គិសនីដោយប្រេងនៅតែមានខ្ពស់ជាង ២០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងដដែល។ លោកគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ កម្ពុជាមានការផលិតថាមពលអគ្គិសនីដោយប្រេង គឺមានតែប្រមាណ ៥%ប៉ុណ្ណោះ នៃថាមពលអគ្គិសនីសរុប ដែលផ្គត់ផ្គង់នៅក្នុងប្រទេស ខណៈដែលថាមពលអគ្គិសនីដែលបានមកពីប្រភពវារីអគ្គិសនីមានប្រមាណ ៣០% ,ធ្យូងថ្ម មាន៣២%,ថាមពលកកើតឡើងវិញមានប្រមាណ ២% និងទិញពីប្រទេសជិតខាងរួមមានថៃ ឡាវ វៀតណាម មានចំនួន ២៥%។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តម វិចទ័រ ហ្សូនា នៅឆ្នាំ២០២០នេះ កម្ពុជាមិនមានបញ្ហាកង្វះថាមពលអគ្គិសនីប្រើប្រាស់ដូចឆ្នាំមុននោះឡើយ ព្រោះថា ប្រភពវារីអគ្គនិនៅមានទឹកសម្រាប់ប្រើប្រាស់ប្រមាណ ៧០% សម្រាប់ការផ្គត់ផ្គង់ជាការផ្គត់ផ្គង់អគ្គិសនី។
ឯកឧត្តម វិចទ័រ ហ្សូនា បានគូសបញ្ជាក់ដែរថា ចំពោះការទិញម៉ាស៊ីនភ្លើង ៤០០មេហ្គាវាត់ពីក្រៅប្រទេស គឺពីអាល្លឺម៉ង់២០០មេហ្គាវ៉ាត់ និងហ្វាំងឡង់២០០ មេហ្គាវ៉ាត់នោះ គិតមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៨០%ហើយ ប៉ុន្ដែ ដោយសារតែបញ្ហាកូវីដ-១៩ ថ្មីៗនេះ ដំណើរការសង់ហាក់មានជួបប្រឈមនឹងបញ្ហាខ្លះៗដែរ តែមិនចោទជាបញ្ហាធ្ងន់ធ្ងរនោះទេ៕