លោកស្រី Wong នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងមានការជួបធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រការបរទេសរវាងអូស្ត្រាលី-ចិនលើកទី៦ ចំពេលដែលប្រទេសទាំងពីរក៏គ្រោងនឹងប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងការទូតរវាងគ្នាផងដែរ។ ដំណើរទស្សនកិច្ចលើកនេះ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ទីក្រុងប៉េកាំងរបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបើគិតចាប់តាំងពីឆ្នាំ២០១៩ និងជាកិច្ចពិភាក្សាផ្លូវការលើកដំបូងបំផុតរវាងអ្នកការទូតកំពូលរបស់ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ២០១៨មក។
លោក អាល់បានេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អូស្ត្រាលីស្វែងរកទំនាក់ទំនងដែលមានស្ថិរភាពជាមួយប្រទេសចិន ហើយយើងនឹងសហការតាមលទ្ធភាពដែលយើងអាចធ្វើទៅបាន ដើម្បីចូលរួមក្នុងធ្វើយ៉ាងណាបម្រើផលប្រយោជន៍ជាតិ»។
មែនទែនទៅ ទំនាក់ទំនងការទូតរវាងអូស្ត្រាលី និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន គឺប្រទេសចិន បានស្គាល់នូវភាពមិនត្រូវរូវគ្នាខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទីក្រុងប៉េកាំងបានដាក់ទណ្ឌកម្មលើការនាំចេញរបស់អូស្ត្រាលី ដោយហេតុថាទីក្រុងកង់បេរ៉ាបានអំពាវនាវឱ្យមានការស៊ើបអង្កេតអន្តរជាតិអំពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ដែលបានផ្ទុះចេញពីទីក្រុងវ៉ូហានប្រទេសចិន។ បន្ថែមពីនេះ ទីក្រុងប៉េកាំងក៏បានខឹងសម្បារផងដែរចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានហាមឃាត់ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei លើបណ្តាញប្រព័ន្ធ 5G ក្នុងប្រទេសអូស្ត្រាលី។
ប្រធានក្រុមប្រឹក្សាធុរកិច្ចនៃគណៈកម្មាធិការអន្តរជាតិរបស់ប្រទេសអូស្ត្រាលី លោក Warwick Smith បាននិយាយថា សហគមន៍ធុរកិច្ចបានស្វាគមន៍ចំពោះដំណើររបស់លោកស្រី Wong។ លោកបានអះអាងថា «ដំណើរនេះគឺដើម្បីអបអរសាទរខួបទី ៥០ ឆ្នាំនៃទំនាក់ទំនងជាមួយប្រទេសចិន ហើយវាពិតជាមានសារៈសំខាន់ណាស់» ដោយក្នុងនោះ លោក ស្មីត បាននិយាយថា ដោយសារការផ្ទុះការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសចិនថ្មីៗនេះ ដំណើរទស្សនកិច្ចរបស់លោកស្រី ផេនី វ៉ុង នឹងមិនមានវត្តមានគណៈប្រតិភូធុរកិច្ចអមដំណើរនោះទេ។
ដោយឡែក ប្រទេសចិននៅតែជាអ្នកទិញលំដាប់កំពូលនៃការនាំចេញរ៉ែដែកដ៏ធំបំផុតរបស់អូស្ត្រាលី ហើយកំពុងស្វែងរកការយល់ព្រមពីទីក្រុង កង់ប៉េរា ដើម្បីចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិកផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកការទូតអូស្ត្រាលីធ្លាប់បាននិយាយថា ការផ្លាស់ប្តូរជំហររបស់ទីក្រុងកង់បេរ៉ាក្នុងការបង្កើនទំនាក់ទំនងជាមួយទីក្រុងប៉េកាំងនឹងមិននាំមកនូវការផ្លាស់ប្តូរនៅក្នុងគោលនយោបាយការពារជាតិរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការពារជាតិក្នុងទីក្រុងវ៉ាស៊ីនតោនក្នុងខែនេះ អូស្ត្រាលី និងសហរដ្ឋអាមេរិកបានប្រកាសរួមគ្នាថានឹងប្រឆាំងនឹង «សកម្មភាពយោធាបង្កហេតុ» ណាមួយរបស់ចិន។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងលោកខាងលិចដែលមានភាពតានតឹងខ្លាំងនោះ ហាក់មានសភាពស្រកចុះមកវិញបន្ដិច នៅក្រោយពេលដែល មានជំនួបទល់មុខគ្នារវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជាមួយនឹងក្រុមមេដឹកនាំកំពូលៗនៃប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផងដែរ នៅអំឡុងកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាកន្លងទៅនេះ។