លោក Phattarachai នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងនៅក្រុមហ៊ុនផ្ដល់សេវាកម្មអចលនទ្រព្យឈានមុនគេមួយកន្លែងនៅក្នុងប្រទេសថៃបាននិយាយថា ការផ្គត់ផ្គង់ខុនដូថ្មីជាច្រើន នឹងត្រូវបានដាក់ឱ្យដំណើរការនៅទីក្រុងបាងកកនៅខែមករាឆ្នាំ២០២២ខាងមុននេះ។ ប៉ុន្តែទីផ្សារខុនដូហាក់មានភាពច្របូកច្របល់បន្តិច នៅពេលអ្នកអភិវឌ្ឍន៍ជាច្រើនចាប់ផ្តើមគម្រោងរបស់ពួកគេ បន្ទាប់ពីបានពន្យារពេលអស់ជាងមួយឆ្នាំ ដោយសារវិបត្តិកូវីដ១៩។
លោកបានបន្តថា សញ្ញាវិជ្ជមាននឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០២១នេះហើយ ពោលគឺបន្ទាប់ពីការឆ្លងកូវីដ១៩ថ្មីប្រចាំថ្ងៃនៅក្នុងប្រទេសថៃមានការធ្លាក់ចុះ គួបផ្សំនឹងការបើកដំណើរការប្រទេសឡើងវិញ ក៏ដូចជាការកើនឡើងនៃអត្រាការចាក់វ៉ាក់សាំង។
ទន្ទឹមនេះ ក៏មានកត្តាជំរុញសំខាន់ៗផ្សេងទៀតផងដែរ ដូចជាការបន្ធូរបន្ថយនៃទំហំឥណទានអតិបរមា សម្រាប់ទិញលំនៅដ្ឋាន ក៏ដូចជាការបន្តកាត់បន្ថយថ្លៃផ្ទេរប្រាក់ និងកិច្ចសន្យាទិញផ្ទះមកនៅទាបជាងមុន គឺមានត្រឹមតែ ០.០១%ប៉ុណ្ណោះ សម្រាប់ផ្ទះដែលមានតម្លៃក្រោម ៩ម៉ឺនដុល្លារ។ គួរជម្រាបថា កម្មវិធីបន្ធូរបន្ថយនេះនឹងបន្តធ្វើរហូតដល់ចុងឆ្នាំ ២០២២ ។
យ៉ាងណាមិញ នៅឆ្នាំ ២០២១នេះ អ្នកអភិវឌ្ឍន៍ភាគច្រើនបានសម្រេចចិត្តពន្យារពេលចេញលក់ខុនដូថ្មី ដោយផ្លាស់ប្តូរការលក់ផ្តោតទៅលើលំនៅដ្ឋានកម្ពស់ទាបៗនៅក្នុងទីក្រុងបាងកក និងតាមបណ្ដាខេត្តសំខាន់ៗមួយចំនួន។ គួរឱ្យដឹងដែរថា ទីផ្សារលំនៅដ្ឋានប្រភេទនេះ នឹងបន្តមានភាពរឹងមាំក្នុងឆ្នាំ ២០២២ ដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ធំៗបានបន្តបើកដំណើរការគម្រោងបន្ថែមទៀត។
សូមជម្រាបថា ក្នុងឆ្នាំ ២០២១នេះ ទីក្រុងបាងកក មានគម្រោងខុនដូថ្មីចំនួន ៤៧គម្រោង ដែលមានជិត២ម៉ឺនយូនីត ដែលត្រូវបានបើកដំណើរការ និងមានតម្លៃសរុបប្រមាណជិត ១ពាន់ ៩រយលានដុល្លារ ដែលធ្លាក់ចុះពីតម្លៃជាង ២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២០៕