ដែលភាគច្រើនត្រូវបានគេហៅថា Jessi Yun និងមានស្រុកកំណើតមកពីខេត្តព្រះសីហនុ និងជាស្ថាបនិក ក្លេអូ ខេមបូឌា (CLÉO Cambodia) អ្នកនាងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជន ជាពិសេស ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០ មក ។
នៅលើហ្វេសប៊ុក អ្នកនាង ឈួន ច័ន្ទធីតា មាន followers (ឬហៅថា អ្នកគាំទ្រ) ចំនួន ១៥៤K, ៣៦៧៦ នៅលើ Telegram និង ៥៦២ subscribers នៅលើ YouTube ហើយអ្នកនាងចែករំលែកនិងបំផុសគំនិតយុវជនឱ្យចេះស្រលាញ់ការអានសៀវភៅ ។
អ្នកនាង ឈួន ច័ន្ទធីតា បានប្រាប់ Newsroom Cambodia ក្នុងកិច្ចសម្ភាសន៍តាមតេលេក្រាមដូច្នេះថា «ខ្ញុំមានជំនឿមួយ និងជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយយល់ថា ការអានសៀវភៅគឺជួយផ្លាស់ប្តូរខ្ញុំបានច្រើន ប្រសិនបើនិយាយរឿងពីមុនមក ខ្ញុំមិនមែនជាមនុស្សបែបនេះទេ គឺខ្ញុំជាមនុស្សខ្លាចគេ ហើយជាពិសេស គឺមិនហ៊ានចូលក្នុងសង្គមនោះទេ ហើយក៏បានវាយតម្លៃខ្លួនឯងច្រើន និងបានវាយតម្លៃមនុស្សជុំវិញខ្លួនច្រើនផងដែរ ប៉ុន្តែ នៅពេលដែលខ្ញុំបានអានសៀវភៅមួយចំនួន ជាពិសេស សៀវភៅផ្នត់គំនិត (Mindset) ដែលបានធ្វើឱ្យខ្ញុំមានការផ្លាស់ប្តូរការគិតជាច្រើន និងមានអារម្មណ៍ថា ខ្លួនឯងប្រែមកជាមនុស្សថ្មីមួយ លែងក្លាយជាមនុស្សម្នាក់ដែលខ្លាចខុសពេក លែងខ្លាចគេ និងបានព្យាយាមយកឈ្នះខ្លួនឯង ជាដើម ។»
អ្នកនាងបានបន្តថា ៖ «មនុស្សគ្រប់រូបគួរតែបានអានសៀវភៅណាមួយដែលបានជួយផ្លាស់ប្តូរជីវិតរបស់ពួកគាត់ មិនថាជាសៀវភៅផ្នត់គំនិត ឬសៀវភៅណាមួយនោះទេ ពីព្រោះយើងមិនអាចដឹងថា សៀវភៅមួយណាអាចជួយយើងបាននោះទេ លុះត្រាតែយើងបានអានសៀវភៅនោះ រួចយកទៅអនុវត្តក្នុងជីវិតជាក់ស្តែងទើបបានដឹងអំពីលទ្ធផលរបស់វា ។»
អ្នកនាង Jessi Yun បាននិយាយថា ការអានសៀវភៅពិតជាមានសារសំខាន់ រួមមាន ជួយទៅដល់ជីវិតផ្ទាល់ខ្លួនតែម្តង ជាក់ស្តែងដូចអ្នកនាងបានធ្លាប់ឆ្លងកាត់ពីមុនមក ថា ប្រសិនបើមិនបានអានសៀវភៅនោះទេ ប្រហែលជាជីវិតគាត់មិនបានល្អដូចពេលបច្ចុប្បន្ននេះទេ ហើយប្រហែលជាទំនងជាដុនដាបជាងនេះទៀតផង ។
ប្រសិនបើសង្គមមួយឱ្យតម្លៃដល់ការអានសៀវភៅ ឬក៏ចំណេះដឹង នោះសង្គមមួយនោះនឹងមានការរីកចម្រើនច្រើន ជាក់ស្តែង ដូចជា ប្រទេសសិង្ហបុរី ជប៉ុន និងអាមេរិក ដែលបានឱ្យតម្លៃលើការអានសៀវភៅ ហើយសុទ្ធតែជាប្រទេសដែលរីកចម្រើន ។
អ្នកនាង Jessi Yun បាននិយាយយ៉ាងដូច្នេះថា «ប្រសិនបើប្រទេសដទៃឱ្យតម្លៃលើចំណេះដឹង យើងក៏គួរឱ្យតម្លៃលើចំណេះដឹងដូចគ្នាដែរ ដែលធ្វើឱ្យប្រទេសយើងកាន់តែរីកចម្រើនទៅមុខបានកាន់តែឆាប់រហ័ស ។»
សៀវភៅដែលបានធ្វើការផ្លាស់ប្តូរអ្នកនាង និងដែលអ្នកនាងចូលចិត្តខ្លាំង គឺមាន៤ក្បាល រួមមាន Mindset របស់លោក Carol S. Dweck; The Greatest Salesman in the World របស់លោក Og Mandino; The Four Agreements របស់លោក Don Miguel Ruiz និង The Mastery of Love របស់លោក Don Miguel Ruiz។
វីដេអូរបស់អ្នកនាង Jessi Yun ដែលមានអ្នកមើលច្រើននៅលើហ្វេសប៊ុក រួមមានចំណងថា ភាសាស្នេហាទាំង៥; រូបមន្តបង្កើនទ្រព្យដ៏មានប្រសិទ្ធិភាព ៧យ៉ាង និងកំពូលសៀវភៅបណ្តុះទម្លាប់ល្អ ៣ក្បាលដែលអ្នកគួរអាន ជាដើម ។
ការបំផុសគំនិតយុវជនក្នុងការស្រឡាញ់ការអានសៀវភៅ អ្នកនាង Jessi Yun បានជួបបញ្ហាមួយចំនួនផងដែរ ដោយអំឡុងឆ្នាំ២០១៥ បន្ទាប់ពីបានចាប់ផ្តើមលើកទឹកចិត្តនិងផ្សព្វផ្សាយអំពីសៀវភៅ ហើយក៏បានផ្អាកទៅវិញនៅឆ្នាំ២០១៧ ដោយសារមានការមមាញឺកជាមួយការងាររបស់ខ្លួន ហើយក៏បានចាប់ផ្តើមវិញនៅពាក់កណ្តាលឆ្នាំ២០២០ ។
អ្នកនាងបានលើកឡើងថា ៖ «ការងារអ្វីតែងតែមានការលំបាក ប៉ុន្តែ ការផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស គឺកាន់តែលំបាក ។ ជាទូទៅ យុវជនមិនមានទម្លាប់អានសៀវភៅពីក្មេង ដូចប្រជាជននៅប្រទេសដទៃនោះទេ ដែលមើលតាមរយៈសង្គមរបស់យើង គឺយុវជនភាគច្រើនចូលចិត្តលេងហ្គេម លេងហ្វេសប៊ុក ដោយមិនសូវមានអ្នកណាចូលចិត្តកាន់សៀវភៅអាននោះទេ ។»
អ្នកនាងបាននិយាយថា វីដេអូដែលនិយាយអំពីចំណេះដឹង គឺមិនសូវជាមានអ្នកគាំទ្រនោះទេ ដែលធ្វើឲ្យអ្នកនាងមានអារម្មណ៍ពិបាកចិត្ត ឬបាក់ទឹកចិត្តបន្តិចបន្តួចដែរ តែយ៉ាងហោចណាស់ ក៏អ្នកនាងបានលើកឡើងថា បើធ្វើសកម្មភាព គឺធ្វើឱ្យអស់ពីសមត្ថភាព ។
អ្នកនាងបានចាប់ផ្តើមមកវិញនៅពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែបានឃើញការបញ្ចេញមតិមួយ (Comment) នៅលើ យូធូប ( Youtube) ថា «ខ្ញុំបានផ្លាស់ប្តូរជីវិតអ្នកមើលម្នាក់ ហើយនៅពេលនោះហើយ ខ្ញុំចាប់ផ្តើមមានទឹកចិត្ត និងចង់ចាប់ផ្តើមសាកល្បងម្តងទៀត ព្យាយាមយកឈ្នះខ្លួនឯង ហើយក៏បានឃើញថា មានប្រសិទ្ធិភាពច្រើនជាងមុន ដែលវាជាកម្លាំងចិត្តមួយក្នុងការបន្តធ្វើ ។»
អ្នកនាង Jessi Yun បាននិយាយថា ការដែលធ្វើជាវីដេអូ មានការហត់ច្រើន និងចំណាយពេលច្រើន ទាំងដែលការចែករំលែកនេះមិនមែនសម្រាប់រកកម្រៃនោះទេ ដូច្នេះ នៅពេលឃើញការផ្លាស់ប្តូររបស់យុវវ័យ បានធ្វើឱ្យគាត់មានទឹកចិត្តឡើងវិញ មានកម្លាំងចិត្តក្នុងការខំប្រឹងបន្តទៀត ដោយមើលឃើញថា ធ្វើបែបហ្នឹងទៅ អាចទទួលបានលទ្ធផលល្អ ជាពិសេស អាចជួយដល់អ្នកដទៃបានមួយផ្នែក ។
អ្នកនាងបានបន្តថា បញ្ហាធំមួយទៀតដែលប៉ះពាល់ផ្លូវអារម្មណ៍ខ្លាំង គឺ «បុគ្គលមួយចំនួនចាំតែអង្គុយរិះគន់ លើវីដេអូ ឬការបង្ហោះអ្វីមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេលើកឡើងថា យើងហាក់ដូចជាមិនចេះអ្វីទេ ដែលវាធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តរបស់យើងខ្លាំងមែនទែន ។»
អ្នកនាង Jessi Yun ឬ ឈួន ច័ន្ទធីតា បាននិយាយថា ៖ «ខ្ញុំតាំងចិត្តហើយថា នឹងមិនទៅវិញនោះទេ មកលើកនេះគឺមកប្រឈមមុខតែម្តង ហើយក៏ចង់យកឈ្នះទៅលើបញ្ហាមួយនេះ និងចង់ចែករំលែកដល់យុវជន ហើយមិនថាអ្នកណានិយាយអ្វី និយាយទៅ ពីព្រោះបើក្នុងចំណោមមនុស្ស ១០នាក់ មានបដិសេធ ៥នាក់ យ៉ាងហោចណាស់សល់ ៥នាក់ទៀតទទួលបានអ្វីមួយទាក់ទងនឹងការចែករំលែកនេះដែរ អ៊ីចឹងយើងផ្តោត ៥នាក់ ដែលទទួលយកយើង ប្រសើរជាងផ្តោតទៅ ៥នាក់ទៀតដែលគេមិនទទួលយក» ៕
អត្ថបទដោយ លោក លាស់ លីបលីប សិក្ខាកាម Newsroom Cambodia