នៅឯវេទិកាតុមូលនាទិវាសិទ្ធិនារីអន្តរជាតិ អ្នកសារព័ត៌មានស្រ្តីជាន់ខ្ពស់ បាននិយាយពីការបៀតបៀនផ្លូវភេទជាទូទៅ និងការទទួលភាពមិនស្មើភាពគ្នានៅកន្លែងធ្វើការរបស់ខ្លួន ជាបញ្ហាប្រឈមដែលមិនទាន់មានយន្តការដោះស្រាយគ្រប់គ្រាន់សម្រាប់បុគ្គលិកជានារីភេទ។
នាង ឡេអូនី ឃីចេវស្គី អតីតអ្នកសារព័ត៌មានជនជាតិអាល្លឺម៉ង់ហើយធ្លាប់ធ្វើការនៅកាសែតភ្នំពេញប៉ុស្តិ៍ បាននិយាយក្នុងវេទិកាតុមូលរៀបចំដោយក្លិបសារព័ត៌មានក្រៅប្រទេសនៃកម្ពុជា ថា គាត់ជួបប្រទះផ្ទាល់ការបៀតបៀននៅកន្លែងការងាររបស់គាត់ហើយនាងក៏បានលើកពីបញ្ហាទាំងនេះប្រាប់អ្នកគ្រប់គ្រងពេលនោះប៉ុន្តែពួកគេនិយាយ គេមិនអាចដេញបុគ្គលិកនោះចោលបានទេ។
នាងឡេអូនី ឃីចេវស្គី បាននិយាយដូច្នេះថា«ខ្ញុំគិតថាមានការបៀតបៀនច្រើននៅកន្លែងធ្វើការហើយមិនមានយន្តការគ្រប់គ្រាន់ដើម្បីដោះស្រាយការបៀតបៀនទាំងនេះនៅកន្លែងធ្វើការទេ។»
នាង ឡេអូនី ឃីចេវស្គី បានបន្តថា ទោះបីជានាងនិងបុគ្គលិកនារីច្រើនផ្សេងទៀតបានធ្វើការតវ៉ាចំពោះទង្វើបុរសម្នាក់នេះក៏ដោយ ក៏មិនបានទទួលលទ្ធផលអ្វីនោះទេ ជាអ្វីដែលនាងនៅតែមានអារម្មណ៍ខឹងសម្បារនៅរាល់ថ្ងៃនេះ។
ក្នុងករណីមួយ នាង ឡេអូនី ឃីចេវស្គី បាននិយាយថា បុរសនោះបានសម្លក់មើលដោះរបស់គាត់អស់រយៈពេលប្រហែលជា ១០នាទី នៅកន្លែងធ្វើការ។
អ្នកនាង យុន ស៊ីនាថ អតីតអ្នកកាសែតភ្នំពេញប៉ុស្តិ៍ ដូចគ្នាដែរ ក៏បាននិយាយថា ទោះបីជាមានការប្រែប្រួលខ្លះក៏ដោយ ការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការនៅតែកើតឡើង ហើយអ្នកនាងបានជំរុញឲ្យស្ត្រីនានាដែលត្រូវគេបៀតបៀនកុំនៅស្ងៀម គឺត្រូវប្រើសិទ្ធិនិងសំឡេងរបស់ខ្លួន ដោយស្ត្រីត្រូវតែទទួលបានការគោរពពីបុរសនិងមានឱកាសស្មើគ្នា។
អ្នកនាង យុន ស៊ីនាថ បាននិយាយបន្តដូច្នេះថា «ការបៀតបៀនគឺមាននៅគ្រប់ទីកន្លែង។ មិនថាពួកគេមានការអប់រំទាប ឬខ្ពស់ មានការងារល្អ មិនថាឋានៈខ្ពស់ឬទាប ខ្ញុំនៅតែអាចមើលឃើញមានការបៀតបៀន។ បើប្រៀបធៀបទៅនឹងអតីតកាល វាបានកែលម្អខ្លះ ក៏ប៉ុន្តែវានៅតែកើតឡើង ហើយនៅគ្រប់ទីកន្លែង។»
នាង អេឡូនណរ សុខ ជាអ្នកកាសែតកូនកាត់បារាំង-ខ្មែរ បាននិយាយថា ទោះបីជាគាត់មិនមានបញ្ហាធំដុំកើតឡើងចំពោះគាត់ក្តី ក៏មានកាលៈទេសៈខ្លះ ដែលគាត់មានអារម្មណ៍ថាត្រូវបានគេទាញយកផលប្រយោជន៍ និងខ្មាសអៀននៅពេលដែលនៅតែជាមួយអ្នកបកប្រែម្នាក់ឯង ពេលចុះយកព័ត៌មាននៅក្នុងព្រៃ ឬតំបន់ដាច់ស្រយាល។
លោកស្រី មីសែល វ៉ាឆូន អតីតអ្នកកាសែត ខេមបូឌាដេលី ជនជាតិកាណាដា បានយល់ស្របថា មានការប្រែប្រួលខ្លះសម្រាប់បុគ្គលិកជានារីនៅកន្លែងធ្វើការ ប៉ុន្តែ វានៅតែមានបញ្ហាប្រឈមមួយចំនួនដដែល។
លោកស្រីក៏បានផ្តល់ដំបូន្មានដល់អ្នកកាសែតជាស្រ្តីឲ្យប្រុងប្រយ័ត្នជានិច្ច ជាពិសេស បើសិនជាមានគេហៅហូបបាយពេលល្ងាចបន្ទាប់ពីសម្ភាសន៍ជាមួយប្រភពជាលើកដំបូង អ្នកពុំគួរទៅទេ។
កញ្ញា អ៊ុង ចន្ទសោភា ផលិតករនិងជាប្រធានព័ត៌មានពេលល្ងាច នៅទូរទស្សន៍ ស៊ីអិនស៊ី បានមើលឃើញការប្រែប្រួលច្រើនសម្រាប់នារីនៅកន្លែងការងារនេះ រួមទាំងមានការតែងតាំងនារីទៅក្នុងតំណែងជាន់ខ្ពស់ជាដើមផងដែរ។
កញ្ញា អ៊ុង ចន្ទសោភា បាននិយាយដូច្នេះថា «ខ្ញុំគិតថា ឥឡូវនេះ យើងបានមើលឃើញមានភាពខុសប្លែកគ្នាច្រើន ហើយយើងក៏អាចមើលឃើញថា ស្ត្រីអាចធ្វើការងារល្អប្រសើរជាងបុរសផងដែរ។»
ក៏ប៉ុន្តែ កញ្ញាបានអះអាងបន្តថា ជាទូទៅ វាមានការឡើងតំណែងលឿនសម្រាប់បុគ្គលិកជាបុរស ហើយសម្រាប់ស្រ្តីគឺមានការលំបាកដើម្បីក្លាយជាអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន ជាពិសេស បើអ្នកនៅក្មេង ដូច្នេះ វាត្រូវការពេលវេលាច្រើនណាស់៕