ក្នុងឆ្នាំ២០២២ ធនាគារ Woori ដែលប្រតិបត្តិការនៅសាខាប្រទេសចំនួន១១ បានទទួលរងពិន័យនៅ៦សាខា ក្នុងនោះ ២សាខានៅចិន, ២សាខានៅឥណ្ឌូណេស៊ី, ១សាខានៅរុស្ស៊ី និង១សាខាទៀតនៅឥណ្ឌា។ នេះបើយោងតាមទិន្នន័យរបស់សេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។
ភ្នាក់ងារឃ្លាំមើលហិរញ្ញវត្ថុរបស់ចិន បានចេញការព្រមានមួយ និងបានពិន័យទឹកប្រាក់ ២៩ ០០០ដុល្លារ ចំពោះសាខាធនាគារ Woori ក្នុងប្រទេសចិន កាលពីខែមេសា ឆ្នាំមុន សម្រាប់កំហុសនៅក្នុងរបាយការណ៍សមតុល្យទូទាត់អន្តរជាតិ និងរបាយការណ៍ស្ថិតិរបស់ខ្លួន។ ចំណែកសាខាមួយទៀតដែលស្ថិតនៅក្រុងប៉េកាំង ក៏ត្រូវបានពិន័យទឹកប្រាក់ជាង ១៣ម៉ឺនដុល្លារផងដែរ សម្រាប់ការពិនិត្យមិនគ្រប់គ្រាន់នូវការផ្តល់កម្ចីអាជីវកម្មបុគ្គល។
សម្រាប់សាខាធនាគារ Woori នៅឥណ្ឌូណេស៊ី កាលពីខែមករាឆ្នាំមុន ត្រូវបានពិន័យប្រហែល ៤ពាន់ដុល្លារ ដោយភ្នាក់ងារឃ្លាំមើលហិរញ្ញវត្ថុឥណ្ឌូណេស៊ី ចំពោះកំហុសឆ្គងនៅក្នុងរបាយការណ៍មួយរបស់ខ្លួន។ សាខាធនាគារនេះក៏ទទួលរងការពិន័យបន្ថែមជិត ២៧០ដុល្លារទៀត ដោយសារពន្យារពេលលើរបាយការណ៍ព័ត៌មាន ដែលទាក់ទងនឹងការបង្កើនទុន។
កាលពីខែកក្កដាឆ្នាំមុន សាខាធនាគារ Woori នៅរុស្ស៊ី ត្រូវបានពិន័យជិត ១ម៉ឺន ៥ពាន់ដុល្លារ ដោយធនាគារកណ្តាលរុស្ស៊ី ពីបទបំពានច្បាប់ការជួញដូរក្នុងទីផ្សារប្តូរប្រាក់។ ដោយឡែកកាលពីខែកញ្ញាឆ្នាំមុន សាខាធនាគារ Woori នៅប្រទេសឥណ្ឌា ត្រូវបានពិន័យប្រមាណ ៧ម៉ឺន ២ពាន់ដុល្លារ ដោយធនាគារកណ្តាលឥណ្ឌា ពីបទស្នើសុំបន្ទាបអត្រាការប្រាក់ ទាបជាងអត្រាកំណត់។
មន្រ្តីកូរ៉េខាងត្បូងម្នាក់បានលើកឡើងថា បណ្តាញសាខាធនាគារ Woori ក្នុងពិភពលោក ហាក់ដូចជាទទួលការពិន័យក្នុងចំនួនខ្ពស់ និងបន្ថែមថា វត្តមានកាន់តែធំរបស់ធនាគារនេះ គឺជាមុខសញ្ញានៃការរឹតត្រួតពិនិត្យយ៉ាងហ្មតង់ចត់ផងដែរ។
ក្រៅពីធនាគារ Woori នេះ វាក៏នៅមានសាខាធនាគារកូរ៉េផ្សេងទៀតដែរ ដែលរងការពិន័យដូចជា សាខាធនាគារ Hana នៅប្រទេសចិន និងសាខាធនាគារ KB Kookmin នៅក្រុងហូជិមិញ ប្រទេសវៀតណាម។
យោងតាមសេវាត្រួតពិនិត្យហិរញ្ញវត្ថុ (FSS) ឱ្យដឹងថា ធនាគារក្នុងស្រុកកូរ៉េខាងត្បូង មានសាខាក្រៅប្រទេសចំនួនសរុប ២០៤ទីតាំង គិតត្រឹមចុងឆ្នាំ២០២១ ដែលកើនឡើងចំនួន៧សាខា ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ សាខាចំនួន១៤១ ស្ថិតនៅតំបន់អាស៊ី។ ចំណែកប្រាក់ចំណេញសុទ្ធពីសាខាធនាគារទាំងនេះ ក៏កើនឡើងដល់ ១,១ពាន់លានដុល្លារផងដែរក្នុងឆ្នាំ២០២១ ដែលកើនពី ៤៤៦លានដុល្លារក្នុងឆ្នាំ២០២០។ ការកើនឡើងប្រាក់ចំណេញសុទ្ធច្រើនបំផុត គឺបានមកពីសាខាធនាគារដែលមានសាខានៅប្រទេសកម្ពុជា ដែលទឹកប្រាក់ចំនួន២៩០លានដុល្លារ បន្ទាប់មក ហុងកុងចំនួន២១៤លានដុល្លារ និងវៀតណាម១៧២លានដុល្លារ។ សម្រាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ធនាគារ Woori បានកើបប្រាក់ចំណេញសុទ្ធជាង ១៧៤លានដុល្លារ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២៕