ធនាគារពិភពលោក-កម្ពុជា

ធនាគារពិភពលោក អនុម័តទឹកប្រាក់៦០លានដុល្លារ ដើម្បីគាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា


ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ បានអនុម័តគម្រោងមួយដែលមានតម្លៃទឹកប្រាក់ ៦០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា។ គម្រោងនេះក៏បានបន្ថែមដោយទឹកប្រាក់ ៣លានដុល្លារទៀតជាសហហិរញ្ញប្បទានពីមូលនិធិ PROBLUE Trust Fund។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគាពិភពលោកប្រចាំកម្ពុជា។
ធនាគារពិភពលោក អនុម័តទឹកប្រាក់៦០លានដុល្លារ ដើម្បីគាំទ្រការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា

តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគាពិភពលោក បានឱ្យដឹងថា ការរីកចម្រើននៃសេដ្ឋកិច្ច នគរូបនីយកម្ម និងទេសចរណ៍ក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ បានបណ្តាលឱ្យសំណល់រឹង និងសំណល់ប្លាស្ទិក កើនបរិមាណច្រើនសន្ធឹកសន្ធាប់ដែរនៅកម្ពុជា។ ទន្ទឹមគ្នានេះ សេវាប្រមូលសំរាមស្ថិតក្នុងអត្រាទាបនៅឡើយ, រីឯហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ដល់ប្រព្រឹត្តិកម្ម និងចាក់ចោលកាកសំណល់ក៏នៅខ្វះខាត, ហើយការបោះចោលសំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ និងការដុតសំរាមនៅតែមានជាហូរហែរនៅឡើយ។ ខណៈកិច្ចខិតខំក្នុងការគ្រប់គ្រងសំណល់នេះក៏នៅមានកម្រិតដែរ ដោយសារកង្វះបទប្បញ្ញត្តិ និងគោលនយោបាយសម្រាប់យកទៅអនុវត្តតាម។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និង សំណល់ប្លាស្ទិកឱ្យកាន់តែល្អប្រសើរឡើង ជាកិច្ចការដែលមានអាទិភាពខ្ពស់នៅក្នុងរបៀបវារៈរបស់ថ្នាក់ជាតិ ដូចមានចែងនៅក្នុងគោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ២០២០-២០៣០។

យ៉ាងណាមិញ គម្រោងកែលម្អការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា គាំទ្រដល់កិច្ចខិតខំរបស់រដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាពរបស់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងសំរាម សំណល់ និងសំណល់ប្លាស្ទិក។ ជំរុញក្រុមហ៊ុនពាក់ព័ន្ធក្នុងការប្រមូលសំរាមឱ្យខិតខំកែលម្អសេវារបស់ខ្លួន, និងរៀបចំឱ្យមានប្រព័ន្ធបង់ថ្លៃសេវាមួយមានដំណើរការល្អជាងមុន សម្រាប់ទ្រទ្រង់ដល់ប្រតិបត្តិការប្រមូលសំរាមមួយដែលមានចីរភាពផ្នែកបរិស្ថាន, ហិរញ្ញវត្ថុ និងសង្គមថែមទៀត។ គម្រោងនេះត្រូវបានរៀបចំឡើងដោយមានបញ្ចូលនូវការកំណត់លក្ខណៈសម្បត្តិចាំបាច់សម្រាប់ការចូលរួមរបស់ទីក្រុង និងទីប្រជុំជននានានៅក្នុងគម្រោង និងសម្រាប់ធានាឱ្យបានថា បណ្តាទីក្រុងដែលចូលរួម ត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ដំណើរការនៃការវិនិយោគរបស់ខ្លួន ឱ្យបានទៀងទាត់។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា ការកែលម្អការងារគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក គឺជារឿងមួយសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា រួមទាំងតាមរយៈវិស័យទេសចរណ៍ផងដែរ។ លោកស្រី បន្ថែមថា បញ្ហាសំរាមប្លាស្ទិកក្នុងផ្ទៃសមុទ្រគ្មានស្គាល់ព្រំដែនទេ ដូច្នេះគម្រោងនេះក៏នឹងជួយដល់ថ្នាក់ជាតិ នៅក្នុងការដោះស្រាយបញ្ហាសំណល់ប្លាស្ទិកក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ លើសពីនេះ គម្រោងនឹងជួយពង្រីកសេវាប្រមូលសំរាមឱ្យគ្របដណ្តប់តាមខ្នងផ្ទះកាន់តែច្រើននិងកាន់តែទៀងទាត់, ហើយកាលណាសមត្ថភាពរបស់ទីលានទុកដាក់សំរាម, ការកែច្នៃសំរាម និងការយកសំរាមធ្វើកំប៉ុស្ត ត្រូវបានកែលម្អឱ្យកាន់តែប្រសើរឡើង វាមុខជានឹងនាំមកនូវផលវិជ្ជមានដល់សុខភាពសាធារណៈ បរិស្ថាន និងទេសចរណ៍ជាមិនខាន៕




អត្ថបទបន្ទាប់


បុរី មេគង្គ លែន បានចូលរួមបរិច្ចាគថវិកា ៤ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា

បុរី មេគង្គ លែន បានបរិច្ចាគថវិកាចំនួន ៤ម៉ឺនដុល្លារអាមេរិក ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និ…

តើកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ នៅឥណ្ឌូនេស៊ី មានការពិភាក្សា និងឯកភាពគ្នាអ្វីខ្លះ?

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានចេញសេចក្តីថ្លែងការណ៍របស់ប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ដោយបានបញ្ជាក់នូវការគាំទ្រចំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ