ម្យ៉ាងទៀត ការស្ដារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា នៅតែពឹងផ្អែកលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម។ ជាមួយគ្នានេះ ធនាគារពិភពលោក បានព្រមានពីហានិភ័យមួយចំនួន ដែលអាចបង្កឡើងដោយសារតែសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ដែលបន្តអូសបន្លាយអស់រយៈពេលជាង១ខែកន្លះមកហើយនោះផងដែរ។ ម។ នេះបើតាមរបាយការណ៍ស្ដីពីវឌ្ឍនភាពសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា របស់ធនាគារពិភពលោក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ។
នៅក្នុងរបាយការណ៍សង្ខេបរបស់ធនាគារពិភពលោកស្ដីពីវឌ្ឍនភាពសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក និងអាស៊ីបូព៌ា បានឲ្យដឹងថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ គឺស្ថិតក្នុងរង្វង់ ៤,៥% ដដែល ដូចទៅនឹងការព្យាករនៅអំឡុងខែតុលា ឆ្នាំ២០២១ ដែរ។ ការព្យាករថ្មីចុងក្រោយនេះ ផ្អែកលើការស្ដារសេដ្ឋកិច្ចក្នុងស្រុកល្អប្រសើរ ជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការលុបចោលការរឹតត្បឹងការធ្វើដំណើរ ខណៈកម្ពុជាមានអត្រាចាក់វ៉ាក់សាំងកូវីដ១៩ខ្ពស់។ ការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ គឺនៅតែពឹងផ្អែកខ្លាំងលើសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម ប៉ុន្ដែ ការនាំចេញផលិតផលកម្មន្ដសាលត្រូវបានគេរំពឹងថា អាចនឹងជួបការលំបាក។
យ៉ាងណាមិញ នៅក្នុងសេណារីយ៉ូទាបជាង ធនាគារពិភពលោកព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនត្រឹមតែ៣,៨% ប៉ុណ្ណោះ នៅឆ្នាំ២០២២។ សេណារីយ៉ូទាបជាងនេះ គឺគេសន្មតថា មានការធ្លាក់ចុះនៃលក្ខខណ្ឌសេដ្ឋកិច្ចក្នុងស្រុក ដោយសារតែអត្រាអតិផរណាកើនឡើងខ្ពស់ ខណៈដែលលក្ខខណ្ឌខាងក្រៅកាន់តែអាក្រក់ ដោយសារតែការធ្លាក់ចុះនៃតម្រូវការខាងក្រៅ។ ធនាគារពិភពលោក គូសបញ្ជាក់ទៀតថា វិស័យកម្មន្ដសាលសម្រាប់ការនាំចេញរបស់កម្ពុជា នឹងជួបព្យុះភ្លៀងនាពេលប៉ុន្មានខែទៅមុខទៀតនេះ ដោយសារតែបរិយាកាសខាងក្រៅមិនសូវអំណោយផល បណ្ដាលមកពីការធ្លាក់ចុះតម្រូវការ នៅសហរដ្ឋអាមេរិក និងការធ្លាក់ចុះ រចនាសម្ព័ន្ធទូទៅនៅក្នុងប្រទេសចិន។
បន្ថែមពីនេះ ការកើនឡើងតម្លៃថាមពល និងស្បៀងអាហារ គឺដោយសារតែសង្គ្រាមនៅអ៊ុយក្រែន ក៏នឹងជះឥទ្ធិពលដល់គោលដៅកាត់បន្ថយភាពក្រីក្ររបស់កម្ពុជាផងដែរ ព្រោះថាបានដាក់បន្ទុកលើការចំណាយគ្រួសារកាន់តែខ្ពស់។
កត្តាប្រឈមមួយទៀតនោះ គឺកំណើនឥណទានខ្ពៃ់ និងការផ្ដោតអារម្មណ៍លើឥណទានក្នុងស្រុកក្នុងវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យមួយយ៉ាងសំខាន់សម្រាប់ស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា។
ធនាគារពិភពលោកបានគូសបញ្ជាក់ទៀតថា អតិផរណានៅកម្ពុជាបានបន្ដកើនឡើងដល់ ៤,១% នៅខែមករា ឆ្នាំ២០២២ ដោយមានការគាំទ្រពីសំណាក់ធនាគារកណ្ដាលលើប្រតិបត្តិការទីផ្សារបើកចំហ អត្រាប្ដូរប្រាក់នៅបន្ដមានស្ថិរភាព។ ទោះយ៉ាងណា ទុនបម្រុងអន្តរជាតិ របស់កម្ពុជា ហាក់មានការធ្លាក់ចុះបន្ដិចផងដែរ ពោលគឺ បានធ្លាក់ចុះពីជាង២១ពាន់លានដុល្លារកាលពីចុងឆ្នាំ២០២០ មកនៅត្រឹមតែជាង១៩ពាន់លានដុល្លារ ឬស្មើនឹងការនាំចូលរយៈពេល៩ខែប៉ុណ្ណោះ គិតត្រឹមចុងឆ្នាំ២០២១។
យ៉ាងណាក៏ដោយចុះ បើតាមការកត់សម្គាល់របស់ធនាគារពិភពលោក ច្បាប់វិនិយោគថ្មី, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាមានជាមួយនឹងប្រទេសជាដៃគូដូចជាជាមួយចិន កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាកតំបន់ RCEP ជាដើម សុទ្ធសឹងជាកត្តាជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជានៅប៉ុន្មានឆ្នាំខាងមុខនេះ។ ហើយចំពោះចំណុចវិជ្ជមានវិញ គឺកម្ពុជាមានភាពធន់នឹងវិបត្តិសកលប្រសើរជាងមុន។
សូមបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ថ្មីៗនេះ ក៏បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះដែរ ថានឹងមានកំណើន ៤,៨%។ ការព្យាករនេះ សម្អាងទៅលើការបើកដំណើរប្រទេសជាប្រក្រតីឡើងវិញ រួមនឹងបង្អែកលើវិស័យសេដ្ឋកិច្ចមួយចំនួន ដូចជា វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងជាពិសេសគឺវិស័យកសិកម្ម។ ខណៈវិស័យកសិកម្ម ក៏ត្រូវបានរាជរដ្ឋាភិបាលអះអាងថា កន្លងមកមិនសូវទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ប៉ុន្មាននោះទេ៕