ធនាគារពិភពលោក

តើមានកត្តាអ្វីជំរុញឱ្យធនាគារពិភពលោកបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅឆ្នាំ២០២៤ និង២០២៥?


ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានបង្កើនការព្យាករកំណើនសេដ្ឋកិច្ចរបស់ចិន នៅក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥។ ប៉ុន្តែធនាគារនេះ ក៏បានព្រមានដែរថា ការធ្លាក់ចុះទំនុកចិត្តរបស់ពលរដ្ឋ និងវិនិយោគិន គួបផ្សំវិបត្តិវិស័យអចលនទ្រព្យបន្តអូសបន្លាយនឹងអាចនៅតែជាបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចចិន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ធនាគារពិភពលោក
ដោយ

ធនាគារពិភពលោកបានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយព្យាករថា ចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីរនៅលើពិភពលោក នឹងសម្រេចបានកំណើនផលិតផលក្នុងស្រុកសរុបក្នុងរង្វង់៤,៩% នៅឆ្នាំ២០២៤ ពោលគឺខ្ពស់ជាងការព្យាកររបស់ខ្លួនកាលពីខែមិថុនា បន្តិច ដែលរំពឹងសម្រេចបាន៤,៨%។ ប៉ុន្តែកំណើននេះនៅតែទាបជាងផែនការរបស់ទីក្រុងប៉េកាំង ដែលដាក់គោលសម្រេចឱ្យបានប្រហែល៥% នៅឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងធ្លាក់ចុះមកនៅត្រឹម៤,៥% នៅឆ្នាំ២០២៥ តែតួលេខនេះនៅតែខ្ពស់ជាងការព្យាកររបស់ខ្លួនកាលពីពេលកន្លងមក ដែលរំពឹងនឹងសម្រេចបានក្នុងរង្វង់៤,១% ប៉ុណ្ណោះ។

ធនាគារពិភពលោកអះអាងថា កត្តាដែលជំរុញឱ្យកំណើនសេដ្ឋកិច្ចរបស់ចិន មានការធ្លាក់ចុះនៅឆ្នាំក្រោយ គឺដោយសារតែការធ្លាក់ចុះប្រាក់ចំណូលរបស់ពលរដ្ឋ និងការអូសបន្លាយនេះវិបត្តិអចលនទ្រព្យ ។ យ៉ាងណាមិញ ដើម្បីស្តារវិស័យអចលនទ្រព្យ ក៏ដូចជាកំណើនសេដ្ឋកិច្ច រដ្ឋាភិបាលចិន បានព្រមព្រៀងបោះផ្សាយលក់មូលបត្របំណុលពិសេសក្នុងទំហំទឹកប្រាក់រហូតដល់៤១១ពាន់លានដុល្លារនៅឆ្នាំក្រោយ។

ប្រទេសចិន កំពុងខិតខំប្រឹងប្រែងពុះពារការលំបាក ដែលភាគច្រើនបង្កឡើងដោយវិបត្តិអចលនទ្រព្យ និងការធ្លាក់ចុះតម្រូវការក្នុងស្រុក គួបផ្សំការរំពឹងទុកពីការដំឡើងពន្ធរបស់អាម៉េរិក លើទំនិញរបស់ចិន នៅពេលប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា

លោកស្រី ម៉ារ៉ា វ៉វីក (Mara Warwick) នាយកធនាគារពិភពលោកប្រចាំប្រទេសចិន បាននិយាយថា ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងការកែលម្អហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្នុងតំបន់ គឺជាផ្នែកដ៏សំខាន់ក្នុងការបើកឱ្យសេដ្ឋកិច្ចងើបឡើងវិញប្រកបដោយនិរន្តរភាព ហើយថា វាចាំបាច់ត្រូវរក្សាតុល្យភាពរវាងការគាំទ្រកំណើនរយៈពេលខ្លីជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែង៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ កំពុងប្រឈមហានិភ័យខ្ពស់ ខណៈបំណុលពលរដ្ឋកើនជិតដល់៩០%នៃ GDP ដ៏គួរឱ្យព្រួយបារម្ភ

ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី កំពុងប្រឈមហានិភ័យខ្ពស់ពិបាកនឹងប៉ាន់ស្មាន ខណៈបំណុលពលរដ្ឋកើនជិត…

តើមានកត្តាអ្វីខ្លះទាញទម្លាក់ការជួញដូរភាគហ៊ុននៅកម្ពុជា ឱ្យធ្លាក់ចុះជិត៥០% នៅឆ្នាំ២០២៤នេះ?

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា (CSX) បានវាយតម្លៃថា ទាំងទំហំជួញដូរ និងតម្លៃភាគហ៊ុនដែលបានជួញដូរនៅផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ២០២៤នេះ ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ