ធនាគារពិភពលោកប្រាប់ឱ្យចិន បន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ

ប្រធានធនាគារពិភពលោកប្រាប់ឱ្យប្រទេសចិន ត្រូវចូលរួមឲ្យបានពេញលេញក្នុងការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ


ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាល់ផាស បានទទូចឲ្យប្រទេសចិន ដែលជាម្ចាស់បំណុលដ៏ធំរបស់ប្រទេសក្រីក្រជាច្រើននៅទូទាំងពិភពលោក ត្រូវតែចូលរួមឲ្យបានពេញលេញក្នុងកិច្ចខិតខំប្រឹងប្រែងបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រដែលបានជំពាក់ចិន។ ប្រធានធនាគារពិភពលោករូបនេះ បានគូសបញ្ជាក់ទៀតថា មានប្រទេសជាច្រើនឥឡូវនេះ កំពុងប្រឈមនឹងកម្រិតបំណុលខ្ពស់មិនធ្លាប់មាន រូមទាំងបំណុលក្នុងស្រុក និងបំណុលខាងក្រៅដែលខ្ចីពីបរទេស ដោយសារតែអត្រាការប្រាក់ចាប់ផ្ដើមមានការកើនឡើងកាន់តែខ្ពស់ដែរ។ នេះបើតាមយោងតាមការចុះផ្សាយដោយសារព័ត៌មាន AFP។
ធនាគារពិភពលោកប្រាប់ឱ្យចិន បន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ

លោក ដេ​វី​ដ ម៉ា​ល់​ផាស ប្រធាន​ធនាគារពិភពលោក បាន​ប្រាប់​ឲ្យ​ប្រទេស​ចិន​ចូលរួម​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​ជួយ​បន្ធូរបន្ថយ​បន្ទុក​បំណុល​ប្រទេស​ក្រីក្រ​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​មួយ​កាលពី​ថ្ងៃ​ទី ១១ ខែមករា​ឆ្នាំ​២០២២​។

បើ​តាម​ប្រធាន​ធនាគារពិភពលោក អះអាង​ថា​មាន​ប្រហែល ៦០% ទៅ​ហើយ​នៃ​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ហានិភ័យ​បំណុល​កម្រិត​ខ្ពស់ ខណៈ​ដែល​ប្រទេស​មាន​ទីផ្សារ​កំពុង​រីក​ចម្រើន​វិញ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ហា​ជំពាក់​បំណុល​នេះ​ដូច​គ្នា​ដែរ​។

ប្រធាន​ធនាគារពិភពលោក​បាន​អះអាង​ទៀត​ថា នៅ​ពេញ​១​ឆ្នាំ​២០២២​នេះ ប្រទេស​នានា​ដែល​ជំពាក់​បំណុល​ដូចដែល​បាន​រៀបរាប់​ខាងលើ​នេះ គឺ​នឹង​ត្រូវ​បង់​សង​សេវា​បំណុល​ប្រមាណ ៣៥​ពាន់​លាន​ដុល្លារ ទៅ​កាន់​ប្រទេស​ម្ចាស់​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ម្ចាស់បំណុល​ជា​វិស័យ​ឯកជន​ជាដើម ហើយ​ក្នុង​នោះ គឺ​មាន​ប្រហែល​៤០% ជា​បំណុល​ដែល​ជំពាក់​ប្រទេស​ចិន​។

វា​ពិតជា​មាន​សារៈសំខាន់​ណាស់ ដែល​ប្រទេស​ចិន​ត្រូវ​តែ​ចូលរួម​ឲ្យ​បាន​ពេញលេញ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​បន្ធូរបន្ថយ​បំណុល​អន្តរជាតិ ហើយ​ម្ចាស់បំណុល​ដែល​ជា  វិស័យ​ឯកជន ឬ​ម្ចាស់បំណុល​បែប​ពាណិជ្ជកម្ម​ក៏​ត្រូវ​តែ​ចូលរួម​ជួយ​សម្រាល​បន្ទុក​បំណុល​នេះ​ដូច​គ្នា​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ធនាគារពិភពលោក លោក ដេ​វី​ដ ម៉ា​ល់​ផាស​។

ធនាគារពិភពលោក ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​ព​ន្លឿ​ន​ការ​បន្ដ​អនុវត្ត​នូវ ក្រប​ខណ្ឌ​រួម សម្រាប់​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ ដែល​ត្រូវ​បាន​យល់ព្រម​រួច​ហើយ ដោយ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០ ឬ​ហៅ​ថា G20 រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០២០​កន្លង​ទៅ​។

តាម​រយៈ​ក្រប​ខណ្ឌ​រួម សម្រាប់​ការ​រៀបចំ​រចនាសម្ព័ន្ធ​បំណុល​ឡើង​វិញ​នោះ នឹង​មានការ​ផ្ដល់​ជូន​នូវ​ការ​បន្ធូរបន្ថយ​បំណុល ឬ​អាច​មាន​ដល់​ការ​លុប​ចោល​បំណុល​ផង​ដែរ សម្រាប់​ប្រទេស​ដែល​បាន​ស្នើ​សុំ​។ ក្រប​ខណ្ឌ​រួម​នេះ ត្រូវ​បាន​ក្រុម​ប្រទេស G20 បង្កើត​ឡើង​នៅ​ពេល​មានការ​ចាប់ផ្ដើម​ផ្ទុះ​រាលដាល​កូ​វី​ដ​១៩ ដើម្បី​ជួយ​ឲ្យ​ប្រទេស​ក្រីក្រ​អាច​មាន​លទ្ធភាព​ផ្អាក​ការ​ទូទាត់​សេវា​បំណុល​នៅ​ចុងឆ្នាំ​២០២០ ហើយ​វា​ក៏​ត្រូវ​បាន​បន្ដ  រហូត​ដល់​ចុងឆ្នាំ​២០២១​ផង​ដែរ​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ប្រធានាធិបតី​ប្រទេស​ស្រី​លង្កា​ក៏​ទើបតែ​បាន​ស្នើ​ដល់​ប្រទេស​ចិន ឲ្យ​ជួយ​សម្រួល​ដល់​លក្ខខណ្ឌ​សងបំណុល​ផង​ដែរ ដ្បិត​ប្រទេស​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។ ទោះ​យ៉ាងណា​ក៏​ដោយ ភាគី​ចិន នៅ​មិន​ទាន់​មានការ​សម្រេច​បែប​ណា​ចំពោះ​ការ​ស្នើ​សុំ​របស់​ប្រទេស​ស្រី​លង្ការ​នេះ​ទេ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រែប្រួលសេដ្ឋកិច្ចសកល និងប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំ២០២២

ព័ត៌មាន
ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមករា បានកាត់បន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេស និងតំបន់ដែលជាមហាអំណាចសេដ្ឋកិច្ចរបស់ពិភពលោករួមមាន អាមេ…

យុទ្ធនាការ «ការគាំទ្រដ៏ល្អឯក» របស់ក្រុមហ៊ុនស្រាបៀរ ABC ប្រមូលថវិកាបានសរុប ១០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការស្ដារឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា តាមរយ:អង្គការ People In Need

ព័ត៌មាន
ក្នុងអំឡុងពេលជាង ៦សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន ស្រាបៀរ ABC បានអំពាវនាវដល់សាធារណជនពលរដ្ឋកម្ពុជា ឲ្យចូលរួម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ