កូដកម្មការងារផ្នែកអយស្ម័យយានបានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី៤ ខែតុលា នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស ដើម្បីទាមទារការដំឡើងប្រាក់ឈ្មួល និងកាត់បន្ថយម៉ោងការងាររបស់ពួកគេ ដើម្បីឱ្យស្របតាមស្ថានភាពនៃកម្រិតអតិផរណាដែលចេះតែកើនខ្ពស់ ដែលបានជំរុញបង្កើនការចំណាយកាន់តែច្រើនសម្រាប់ការទ្រទ្រង់ជីវិតប្រចាំថ្ងៃ។
បន្ទាប់មកក្រុមវេជ្ជបណ្ឌិត និងអ្នកជំនាញដទៃទៀតនៅប្រទេសនេះ ក៏បានធ្វើកូដកម្មនៅក្នុងខែតុលា នេះដែរ ដើម្បីទាមទារដំឡើងប្រាក់ឈ្នួលផងដែរ។
នៅប្រទេសអាឡឺម៉ង់ឯណោះវិញ កូដកម្មបានធ្វើឱ្យសេវាដឹកជញ្ជូនសាធារណៈស្ទើរតែទាំងអស់ត្រូវផ្អាកកាលពីចុងខែមីនា ខណៈដែលរលកនៃកូដកម្ម ដែលរីករាលដាលហួសពីព្រំដែនប្រទេសមួយចំនួន អាចបង្កការរំខានផ្នែកសេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរបន្ថែមពីលើស្ថានភាពនៃជំងឺកូវីត និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ វិវាទការងារ ក៏បានឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធការងារផងដែរ។
ងាកទៅមើលសហរដ្ឋអាម៉េរិកឯនោះវិញ កម្មករកំពុងរងការគំរាមកំហែងពីការបាត់បង់ការងារ ឬថ្ងៃធ្វើការរបស់ពួកគេដោយសារតែបច្ចេកវិទ្យាទំនើបដូចជាបញ្ញាសិប្បនិមិត្ត (AI) ជាដើម កំពុងតែចូលទៅជំនួសកន្លែងការងារបស់ពួកគេ។
ជាក់ស្ដែងនៅអាម៉េរិកថ្ងៃធ្វើការសរុបជាង៤លានថ្ងៃត្រូវបានកាត់បន្ថយនៅក្នុងខែសីហា ជាតួលេខខ្ពស់បំផុតនៅក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ។
នៅក្នុងឧស្សាហកម្មរថយន្តវិញ ការងាកទៅរករថយន្តអគ្គិសនីបានក្លាយទៅជាចំណុចសំខាន់មួយក្នុងការចរចាការងារជាមួយកម្មករសហជីពដោយកាលពីថ្ងៃទី៦ ខែតុលា សហជីពកម្មកររថយន្ត (UAW) បានលុបចោលកូដកម្មបន្ថែម បន្ទាប់ពីក្រុមហ៊ុនរថយន្ត General Motors បានយល់ព្រមឱ្យដាក់បញ្ចូលកម្មករផលិតថ្មរថយន្តអគ្គិសនីចូលទៅក្នុងកិច្ចសន្យាសហជីព។
ចំណេកនៅចក្រភពអង់គ្លេសវិញ ការធ្វើកូដកម្មរឿយៗបានធ្វើឲ្យសេដ្ឋកិច្ចដែលចុះខ្សោយរួចទៅហើយ គឺកាន់តែធ្ងន់ធ្ងរថែមទៀត។ ជាក់ស្ដែងកាលពីខែកក្កដា វិស័យសុខភាព និងការងារសង្គមដែលរងកូដកម្មពីក្រុមវេជ្ជបណ្ឌិតបានអូសទាញផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ០.១៨បើធៀបនឹងខែមុន ខណៈដែលវិស័យដឹកជញ្ជូនរួមទាំងផ្លូវដែកបានធ្លាក់ចុះ០.០៥%៕
អត្ថបទ៖ សុខ ជា