តាមរយៈការសិក្សាដោយសាកលវិទ្យាល័យ Aberdeen របស់ចក្រភពអង់គ្លេស និងក្រុម និងអង្គការក្រុមតស៊ូមតិ Transform Trade ដែលបានស្ទង់មតិពីរោងចក្រចំនួន ១០០០ កន្លែងនៅប្រទេសបង់ក្លាដែស ដែលជាអ្នកផលិតសម្លៀកបំពាក់សម្រាប់ម៉ាកយីហោល្បីៗក្នុងពិភពលោកបានរកឃើញថា រោងចក្រជាច្រើនទទួលបានប្រាក់ ក្នុងតម្លៃដដែល បើទោះបីជាកំពុងស្ថិតក្នុងការលំបាកនៃជំងឺរាតត្បាតជាសកល ដែលធ្វើឱ្យការចំណាយថ្លៃដើមផលិត មានខ្ពស់ជាងរាលដងក៏ដោយ។
ក្រៅពីនេះមានករណីអយុត្តិធម៌ជាច្រើនទៀតដូចជា ការលុបចោលការបញ្ជាទិញ ការមិនទូទាត់ប្រាក់ ការកាត់បន្ថយ ទម្លាក់តម្លៃ ឬការពន្យារពេលការទូទាត់ថ្លៃទំនិញ ដែលរោងចក្រផលិតសំលៀកបំពាក់ជាងពាក់កណ្តាលនៅបង់ក្លាដេសបានជួបប្រទះ យ៉ាងហោចណាស់មួយករណីក្នុងចំណោមករណីទាំងនេះ។
ការស្រាវជ្រាវនេះបានរកឃើញដែរថា ការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌បែបនេះ បានប៉ះពាល់ដល់ការអនុវត្តការងាររបស់ក្រុមអ្នកផ្គត់ផ្គង់ ដែលបណ្តាលឱ្យមានការផ្លាស់ប្តូរកម្មករ ការបាត់បង់ការងារ ការកាត់បន្ថយម៉ោងធ្វើការ និងប្រាក់ឈ្នួលទាបជាងធម្មតាជាដើម។
នៅក្នុងចំណោមម៉ាកយីហោ ឬអ្នកលក់រាយសរុបចំនួន ១ ១៣៨កន្លែងដែលមានឈ្មោះក្នុងការសិក្សាស្រាវជ្រាវនេះ មានប្រមាណ៣៧%ត្រូវបានរាយការណ៍ថា បានរួមចំណែកក្នុងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌រួមទាំងម៉ាក Inditex របស់ក្រុមហ៊ុន Zara, ម៉ាក H&M, GAP, New Yorker, Primark, Next និងយីហោផ្សេងៗទៀត។
ការសិក្សានេះក៏បានរកឃើញដែរថា រោងចក្រមួយក្នុងចំណោមរោងចក្រចំនួន៥ បានជួបការលំបាកក្នុងការទូទាត់ប្រាក់ឈ្នួលអប្បបរមាស្របច្បាប់ ចាប់តាំងពីពួកគេបានបើកដំណើរការឡើងវិញបន្ទាប់ពីការបិទខ្ទប់ដោយសារជំងឺកូវីដតាំងពីខែមីនា និងខែមេសាឆ្នាំ២០២០។
ទោះយ៉ាងណា ក្រុមហ៊ុនច្នៃម៉ូតម៉ាក Inditex បានច្រានចោលការសិក្សានេះ ដោយបាននិយាយថា ខ្លួនមានការធានាទូទាត់សម្រាប់ការបញ្ជាទិញទាំងអស់ ហើយបានធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីជួយសម្រួលដល់ការផ្តល់ប្រាក់ដល់ក្រុមអ្នកផ្គត់ផ្គង់តាមលក្ខខណ្ឌដែលអំណោយផល។
ក្រុមហ៊ុនច្នៃម៉ូតម៉ាក លីដ(Lidl) របស់អាល្លឺម៉ង់បាននិយាយថា ខ្លួនទទួលខុសត្រូវ ចំពោះកម្មករនៅប្រទេសបង់ក្លាដេស និងប្រទេសផ្សេងទៀតដែលជាអ្នកផ្គត់ផ្គង់របស់ពួកគេយ៉ាងយកចិត្តទុកដាក់ ហើយប្តេជ្ញាចិត្តធានាថា ស្តង់ដារការងារត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ នៅពេញមួយខ្សែចង្វាក់ផ្គត់ផ្គង់នៃម៉ាកយីហោរបស់ខ្លួន។
សូមជម្រាបថា ការសិក្សានេះបានផ្តល់អនុសាសន៍ឱ្យបង្កើតក្រុមអ្នកឃ្លាំមើល ក្រុមហ៊ុនម៉ាកទាំងនេះ ដើម្បីជួយទប់ស្កាត់ការអនុវត្តពាណិជ្ជកម្មដែលអយុត្តិធម៌ និងត្រូវធានាឱ្យបានថាអ្នកបញ្ជាទិញឬអ្នកលក់រាយ មិនអាចដាក់សម្ពាធណាមួយលើរោងចក្រអ្នកផ្គត់ផ្គង់បានឡើយ ទោះស្ថិតក្នុងលក្ខខណ្ឌណាក៏ដោយ៕
អត្ថបទ ៖ សុខ ជា