ពាណិជ្ជកម្មពិភពលោក

មេធំ WTO ព្រមានពីការបែកខ្ញែកសេដ្ឋកិច្ចរបស់ពិភពលោក និងស្នើឱ្យរក្សាលំហួរពាណិជ្ជកម្មសេរី


អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី ណូស៊ី អូកុនជោ អ៊ីស្វីឡា ( Ngozi Okonjo-Iweala) បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងតែបង្ហាញសញ្ញានៃការបែកបាក់ ហើយស្ថានភាពនេះអាចនឹងបង្កជាស្ថានភាពកាន់តែធ្ងន់ធ្ងរសម្រាប់ពិភពលោក។ ធនាគារពិភពលោកបានព្រមានថា ប្រសិនបើពិភពលោកមានប្រព័ន្ធពាណិជ្ជកម្មពីរ នោះអត្រាកំណើនផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងធ្លាក់ចុះយ៉ាងហោចណាស់៥% ដែលមានទំហំប៉ុនសេដ្ឋកិច្ចជប៉ុន។
ពាណិជ្ជកម្មពិភពលោក
ដោយ

លោកស្រី ណូស៊ី អូកុនជោ អ៊ីស្វីឡា អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានព្រមានពីផលប៉ះពាល់ដ៏ធំនៃភាពបែកខ្ញែករបស់ពិភពលោក និងបានរំលេចពីឥទ្ធិពលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងតែក្តៅគគុក ព្រមទាំងការគំរាមកំហែងឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុ​។

លោកស្រីបានប្រាប់ Nikkei ថា ការព្យាករសម្រាប់ឆ្នាំ ២០២៤ ចំពោះចរាចរណ៍ទំនិញនៅលើពិភពលោកនៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយរំពឹងថា អាចទទួលបានកំណើនប្រហែល៣,៣% ប៉ុន្តែហានិភ័យជាច្រើនដែលរៀបរាប់ខាងលើគឺសុទ្ធតែអាចទាញទម្លាក់ការព្យាករនេះ។

ថ្នាក់ដឹកនាំរូបនេះកត់សម្គាល់ឃើញថា ស្ថានភាពនៃចរាចរណ៍ពាណិជ្ជកម្មសេរីបានចាប់ផ្តើមបាត់បង់សណ្តាប់ធ្នាប់ និងការបែកខ្ញែកគ្នាតាំងពីឆ្នាំ២០១៧ នៅពេលដែល លោក ដូណាល់ ត្រាំ គ្រប់គ្រងសេតវិមានមកដល់បច្ចុប្បន្ននេះ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ លោកស្រី បានថ្លែងថា ទំហំពាណិជ្ជកម្ម និងសេវាកម្ម គឺនៅតែមានសភាពរឹងមាំដោយសម្រេចបានប្រហែល៣១ទ្រីលានដុល្លារ ខណៈការធ្វើពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាម៉េរិក និងពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបនៅតែរក្សាបានភាពរឹងមាំ ប៉ុន្តែសញ្ញានៃភាពបែកបាក់កំពុងតែលេចចេញ។

លោកស្រី អូកុនជោ អ៊ីស្វីឡា បានលើកឡើងថា មកដល់ពេលនេះស្ថានភាពនៃការផ្លាស់ប្តូទំនិញកម្រិតមធ្យមរាប់ចាប់ពីការផ្គត់ផ្គង់ទំនិញពាក់ព័ន្ធនឹងសុខភាព កំពុងតែមាននិន្នាការនៃការធ្លាក់ចុះពី៥១%កាលពីបីឆ្នាំមុន ចុះមកនៅជាង៤៨% នៅក្នុងឆមាសទី១ឆ្នាំនេះ ដែលនេះគឺជាជ្រុងនៃក្តីព្រួយបារម្ភមួយ។

ពាក់ព័ន្ធនឹងបញ្ហានេះអង្គការពាណិជ្ជកម្មពិភពលោកបានអះអាងថា ប្រសិនបើពិភពលោកបំបែកទៅជាប្លុកពាណិជ្ជកម្មពីរ នោះអត្រាផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងធ្លាក់ចុះយ៉ាងហោចណាស់៥% ដែលនេះជាទំហំនៃការខាតបង់ដ៏ធំមួយ ដែលមានទំហំប៉ុនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនទំាងមូល។

លោកស្រីបានបន្តថា អង្គការពាណិជ្ជកម្មពិភពលោក ចង់ឱ្យរដ្ឋជាសមាជិករក្សាលំហូរពាណិជ្ជកម្មសេរី ដែលមានស្ថិរភាព និងអាចគ្រប់គ្រងបានដដែល។ លោកស្រីជឿជាក់ថា គេនឹងមិនអាចដោះស្រាយបញ្ហារបស់ពិភពលោកបានឡើយនៅពេលពាណិជ្ជកម្មមិនគោរពតាមលំហូតែមួយ ឫគ្មានប្រព័ន្ធពាណិជ្ជកម្មសេរី និងយុត្តិធម៌។

បច្ចុប្បន្នសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងជប៉ុន បានចោទប្រកាន់ប្រទេសចិនថា មិនបានធ្វើតាមការប្តេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មសេរី ដែលខ្លួនបានលើកឡើងនៅពេលចូលរួមកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសលើបញ្ហាឧបត្ថម្ភទុនរបស់រដ្ឋាភិបាលចិន នៅក្នុងឧស្សាហកម្មនានារួមទាំងឧស្សាហកម្មរថយន្ត ខណៈដែលចិនកំពុងតែរិះគន់បណ្តា ប្រទេសទាំងនោះវិញលើការធ្វើពាណិជ្ជកម្ម និងបញ្ហាទណ្ឌកម្មសេដ្ឋកិច្ច៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande អាចប្រឈមនឹងការរំលាយ

តុលាការក្រុងហុងកុង កាលពីថ្ងៃចន្ទនេះ បានសម្រេចទុកពេលឱ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន អេវើក្រេន (Evergrande Group) រហូតដល់ថ្ងៃទី៤ ខែធ្នូ…

ឃ្លាំងស្បៀងរបស់ UN ត្រូវប្រជាជននៅហ្កាហ្សារាប់ពាន់នាក់សម្រុកចូលលួច

មនុស្សរាប់ពាន់នាក់នៅហ្កាហ្សា បានសម្រុកចូលក្នុងឃ្លាំងផ្ទុកជំនួយមនុស្សធម៌ដ៏ធំមួយរបស់អង្គការសហប្រជាជាតិ ដើម្បីយករបស់របរដែលពួកគេត្រូវការ។ សក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ