ក្នុងថ្ងៃទិវាជាតិប្រធានាធិបតីចិន និយាយថា ប្រទេសចិនបានសម្រេចជោគជ័យ ជាមួយនឹងលទ្ធផលល្អមិនធ្លាប់មានជាងពេលណាៗទាំងអស់ ប៉ុន្តែនៅមួយរយៈខាងមុខនេះនឹងក្លាយជាពេលវេលាពោរពេញដោយឧបសគ្គ។ នៅក្នុងអត្ថបទដដែលលោកស៊ីបន្តថា គណបក្សរបស់យើងត្រូវតែរួបរួមគ្នាដើម្បីដឹកនាំប្រជាជនប្រឈមមុខនឹងបញ្ហាប្រឈមធំៗឱ្យមានប្រសិទ្ធភាព ការពារប្រឆាំងនឹងហានិភ័យធំៗ និងជំនះឧបសគ្គធំៗ។
លោកថា សមាជិកគណបក្សត្រូវតែបង្ហាញភាពអត់ធ្មត់ និងការតស៊ូដើម្បីបញ្ចប់ឧបសគ្គនេះ ហើយវាតម្រូវឱ្យគណបក្សរក្សាការផ្តោតអារម្មណ៍ និងមានការជឿជាក់លើផ្លូវដែលអ្វីដែលខ្លួនកំពុងធ្វើ។
ទោះបីជាលោកស៊ី ជីនពីង មិនបានរៀបរាប់លម្អិតអំពីបញ្ហាប្រឈម និងឧបសគ្គដែលបានលើកឡើងនៅក្នុងអត្ថបទរបស់លោកក៏ដោយ ប៉ុន្តែគេអាចសង្កេតបានថា ប្រទេសចិនកំពុងប្រឈមមុខនឹងសម្ពាធដ៏ស្មុគស្មាញទាំងខាងក្នុងស្រុក និងពីខាងក្រៅប្រទេស។ ក្នុងនោះរួមមានការប្រកួតប្រជែងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ការកើនឡើងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ វិធានការកូវីដ១៩ស្មើសូន្យហាក់គ្មានប្រសិទ្ធិភាពក្រោយមានការរីករាលដាលក្នុងស្រុក និងសេដ្ឋកិច្ចដែលជាប់គាំង និងមានកំណើនយឺតជាដើម។
គួររំឭកថា ការលើកឡើងរបស់ប្រធានាធិបតីចិនរូបនេះធ្វើឡើងតែពីរសប្តាហ៍ប៉ុណ្ណោះ មុនសមាជបក្សលើកទី២០ ជាពេលដែលត្រូវបានគេរំពឹងថាលោក ស៊ីជីន ពីង នឹងបន្តក្តាប់អំណាចសម្រាប់អាណត្តិទីបី ដែលមិនធ្លាប់មានពីមុនមកនោះទេ ក្នុងនាមជាមេដឹកនាំគណបក្សដ៏កំពូលរបស់ប្រទេសចិន។
ជាមួយគ្នានេះដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន នាយករដ្ឋមន្ត្រីចិនលោក Li Keqiang ក្នុងសុន្ទរកថាទៅកាន់ពិធីបុណ្យជាតិប្រចាំឆ្នាំ២០២២នេះ បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ កុំនៅបន្តស្ងៀមស្ងាត់ ប៉ុន្តែត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចចិនដែលកំពុងមានកំណើនយឺត ត្រឡប់មករកស្ថិរភាពឡើងវិញ។
សូមជម្រាបថា មិនដូចនឹងលោកស៊ី ជីនពីងនោះទេ នាយករដ្ឋមន្ត្រី លី ឃឺឈាំង នឹងចុះចេញពីតំណែងនាយករដ្ឋមន្ត្រីនៅខែមិនា បន្ទាប់ពីបំពេញតួនាទីអស់ពីរអាណត្តិ ខណៈគេមិនទាន់ដឹងថាតើលោកនឹងបន្តកាន់តំណែងថ្នាក់ដឹកនាំជាន់ខ្ពស់មួយណាទៀត ឬយ៉ាងណាទេ៕