ការឈានដល់កិច្ចព្រមព្រៀងរវាងភាគីរដ្ឋាភិបាលអាមេរិក ដើម្បីដកក្រុមហ៊ុន Xiaomi ចេញពីបញ្ជីខ្មៅដូចនេះ ធ្វើឡើងនៅក្រោយពីតុលាការសហរដ្ឋអាមេរិក កាលពីខែមីនា បានគាំទ្រខាងក្រុមហ៊ុន Xiaomi នៅក្នុងពាក្យបណ្តឹងដែល Xiaomi ប្តឹងបកទៅរដ្ឋាភិបាលអាមេរិក ហើយត្រូវបានតុលាការសហព័ន្ធអាមេរិក សម្រេចព្យួរពិន័យសិន។
គេនៅចាំបានថា គ្រាដែលអាមេរិកស្ថិតក្រោមអាណត្តិរបស់លោក ដូណាល់ ត្រាំ លោកបានចុះហត្ថលេខាដាក់ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ជាច្រើន ពិសេសក្រុមហ៊ុន ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការវិនិយោគនៅអាមេរិក ដោយបានចោទប្រកាន់ថា ក្រុមហ៊ុនទាំងនោះ គឺស្ថិតក្រោមការគ្រប់គ្រង ឬជាប់ពាក់ព័ន្ធនឹងយោធាចិន ដោយអាមេរិកចាត់ទុកថា ប្រការទាំងនេះ វាគឺហានិភ័យមួយ ដែលគំរាមកំហែងដល់សន្ដិសុខជាតិរបស់ខ្លួន។
ប៉ុន្តែ ជារឿយៗភាគីក្រុមហ៊ុន តែងទទូចថា Xiaomi មិនមែនជាកម្មសិទ្ធិ ឬត្រូវបានរដ្ឋាភិបាលចិនគ្រប់គ្រងនោះទេ។
គួររំឭកថា ការដាក់បញ្ជូលក្រុមហ៊ុន ហ្សៅមី (Xiaomi) ចូលបញ្ជីខ្មៅដោយអតីតរដ្ឋបាលលោកដូណាល់ត្រាំ បានធ្វើឲ្យប៉ះពាល់ដល់ទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុននេះតម្លៃ ១០ពាន់លានដុល្លារ និងបានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះដល់ទៅជិត ១០% កាលពីខែមករាកន្លងទៅ ហើយកត្តានេះ បានបង្ខំឲ្យវិនិយោគិនបានដកភាគហ៊ុនរបស់ខ្លួនស្ទើរតែទាំងស្រុងចេញពីក្រុមហ៊ុននេះ។
យ៉ាងណាមិញ នៅថ្ងៃពុធទី១២ឧសភា ពោលគឺនៅមួយថ្ងៃក្រោយពី Xiaomi ត្រូវប្រកាសដកចេញពីបញ្ជីខ្មៅអាមេរិកនោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Xiaomi បានកើនឡើង ៦,៧ ភាគរយនៅផ្សារហ៊ុនហុងកុង។
សូមបញ្ជាក់ថា ក្រោយមើលឃើញពីភាពជោគជ័យរបស់ Xiaomi ក្នុងការប្តឹងបក និងត្រូវបានអាមេរិកដកចេញពីបញ្ជីខ្មៅដូចនេះ ក្រុមហ៊ុនចិនជាច្រើនទៀតដែលធ្លាប់ត្រូវបានអតីតរដ្ឋបាលលោកត្រាំ ដាក់ចូលបញ្ចីខ្មៅដែរនោះ បានសម្រេចយកគម្រូតាម Xiaomi ដើម្បីប្ដឹងជំទាស់ទៅរដ្ឋាភិបាលអាមេរិកផងដែរ៕