លោកឧកញ៉ាក្មេងរូបរាងសង្ហារូបនេះ បានមានប្រសាសន៍ថា៖ «ទីមួយ គួរតែស្ទង់លើឯកសារជាមុនសិន រាប់ចាប់តាំងពីការចុះបញ្ជីអាជីវកម្ម។ ឧទាហរណ៍ថា មុនធ្វើផ្ទះឬអគារ យើងត្រូវសិក្សាលើប្លង់ឲ្យបានត្រឹមត្រូវសិន ព្រោះបើខុសលើក្រដាស យើងអាចកែបាន។ បើមិនស្ទង់ទេ ពេលធ្វើផ្ទះឬអគារហើយ ស្រាប់តែខុសជណ្តើរ ឬខុសអ្វីផ្សេង យើងនឹងវ៉ៃអគារចោល ដើម្បីធ្វើថ្មី។ ដូច្នេះ គេត្រូវស្ទង់មុនធ្វើ ដើម្បីចៀសវាងខុស ធ្វើឲ្យខាតបង់ច្រើន»។
បន្ទាប់មកទៀត លោកឧកញ៉ាអះអាងថា ម្ចាស់អាជីវកម្មគួរតែស្ទង់លើការចំណាយដើមទុន និងការរកវិធីកាត់បន្ថយការចំណាយឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។
បន្ថែមពីនេះ ការស្ទង់ចរិតមិត្តភក្តិដែលចូលហ៊ុនជាមួយក៏ជាកិច្ចការដ៏សំខាន់មួយទៀត ដោយគួរតែហៅពួកគេមកពិភាក្សាពីគម្រោងអាជីវកម្មឲ្យបានច្បាស់លាស់។ នេះបើតាមលោកឧកញ៉ា ជី អូ។
លោកមានប្រសាសន៍ថា៖ «មុនចាប់ដៃគូ គួរណាត់មិត្តភក្តិមកធ្វើគម្រោងអាជីវកម្ម តើវាមកអត់? ណាត់ផឹកស៊ីងាយ ប្រយ័ត្នដល់ពេលណាត់ខ្ចីលុយយ៉ាប់។ អ៊ីចឹងគួរតែមើលចរិតពួកគេឲ្យបានច្បាស់»។
ក្រៅពីចំណុចខាងលើ លោកឧកញ៉ា ជី អូ បានសង្កត់ធ្ងន់ថា ការសិក្សាលើទីតាំង គឺជាចំណុចសំខាន់មួយដែលយើងមិនគួរមើលរំលងបានឡើយ។ លោកឧកញ៉ា បានប្រាប់បទពិសោធន៍ផ្ទាល់ខ្លួនថា លោកទើបតែបើកសម្ពោធកន្លែងលក់កង់ឡានមួយកន្លែងនៅជាប់ គ្រែន ភ្នំពេញ មានផ្លូវបំបែកជា៥ ដែលជាទីតាំងដែលល្អបំផុតសម្រាប់ការធ្វើអាជីវកម្មមួយនេះ។
លោកឧកញ៉ារៀបរាប់ដូច្នេះថា៖«ខ្ញុំបានបើកសម្ពោធកន្លែងលក់កង់ឡានមួយ។ ខ្ញុំបានស្ទង់មើលទីតាំងនេះរយៈពេល៣ឆ្នាំមុនមកម៉្លេះ។ ខ្ញុំបានទៅរាប់ឡាននៅកន្លែងហ្នឹង ថាតើមួយយប់មានឡានប៉ុន្មាន? ស្ទង់ហើយទិញបង់រំលោះផ្ទះហ្នឹងហ្មង បើទិញភ្លាមៗ វាមានតម្លៃថ្លៃ។ ឥឡូវនេះ បង់ដាច់ហើយ។ ពេលខ្ញុំបើកហាងហ្នឹងហើយ មានអថិតិជនចូលពេញៗ»៕