ជារឿយៗ គេបានអានព័ត៌មានអំពីកូនខ្មែរដែលធ្វើឲ្យល្បីល្បាញដល់ពិភពលោក ដូចជា អ្នកខ្លះជាប់អាហារូបករណ៍បានទៅរៀននៅសាលាដែលល្បីបំផុតនៅក្នុងតំបន់ និងនៅលើពិភពលោក និងខ្លះបានបញ្ចេញស្នាដៃច្នៃប្រឌិតផ្សេងៗ រហូតដល់សារព័ត៌មានបរទេសចុះផ្សាយល្បីល្បាញគ្រប់ទិសទី។
ឥឡូវនេះ យើងមានដំណឹងជាទីមោទនៈមួយទៀត គឺកូនខ្មែរបានជាប់ការប្រឡងរបស់គណៈមេធាវីរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក និងមានសិទ្ធិធ្វើមេធាវីនៅលើទឹកដីអាមេរិកនេះ។
សេចក្ដីប្រកាសតាមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បង្ហាញថា មេធាវីខ្មែរវ័យក្មេង ឈ្មោះ វណ្ណ យុវទេព (Vann Yuvaktep) ជាអតីតនិស្សិតអាហារូបករណ៍ Fulbright បានក្លាយជាមេធាវីនៅក្នុងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិកហើយ បន្ទាប់ពីស្បថចូលកាន់តំណែងជាមេធាវីនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។
យុវទេព ទទួលសញ្ញាបត្រអនុបណ្ឌិតផ្នែកច្បាប់ជំនាញខាងច្បាប់ថាមពលបរិស្ថាន ពីសាលានីតិសាស្ត្រនៃសាកលវិទ្យាល័យ ញូវយ៉ក សហរដ្ឋអាមេរិក ដែលនៅទីនោះយុវជនខ្មែរដ៏ឆ្នើមនេះបានជាប់អាហារូបករណ៍ Fulbright ដែលគាំទ្រដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា។
យុវទេព បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅខែឧសភា ឆ្នាំ២០១៦ និងបានចំណាយពេលពីរខែដើម្បីសិក្សាត្រៀមប្រឡងគណៈមេធាវី។ កម្មវិធីអាហារូបករណ៍ Fulbright គឺជាកម្មវិធីផ្លាស់ប្ដូរការសិក្សាដ៏ល្បីល្បាញរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ចាប់តាំងពីឆ្នាំ១៩៥៧មក និស្សិតកម្ពុជា ២១១នាក់ បានទទួលអាហារូបករណ៍ Fulbright ដ៏ល្បីរបស់អាមេរិក ដើម្បីបន្តការសិក្សានៅប្រទេសមហាអំណាចលេខ១នៅលើពិភពលោកនេះ៕