ក្នុងបទសម្ភាសន៍ជាមួយ ខេមបូណូមីស លោក ជា ឡង់ដា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ពេលនេះ BOOKMEBUS.COM លក់សំបុត្របានជាង ៦ម៉ឺនសំបុត្រ ក្នុងនោះ ៩៥ភាគរយ គឺជាភ្ញៀវបរទេស។ លោកចាត់ទុកថា នេះជាភាពជោគជ័យមួយ ខណៈក្រុមហ៊ុនរបស់លោកទើបតែដំណើរការរយៈពេលជាង២ឆ្នាំប៉ុណ្ណោះ។
គំនិតអាជីវកម្មដំបូង បណ្តាលមកពីលោកធុញទ្រាន់ការរង់ចាំរថយន្តក្រុងនៅខេត្តបាត់ដំបង
យុវជន ជា ឡង់ដា បានធ្វើដំណើរទៅស្រុកកំណើតឪពុកម្តាយនៅខេត្តបាត់ដំបងរៀងរាល់ពេលដែលមានពិធីបុណ្យធំៗ ដែលតម្រូវឲ្យលោកជិះរថយន្តក្រុងពីភ្នំពេញទៅកាន់ខេត្តបាត់ដំបង។ កាលនោះ លោកបានចាំរថយន្តក្រុងទាំងអារម្មណ៍ធុញទ្រាន់ និងជាវេលាដំបូង ដែលលោកបានពិចារណារកដំណោះស្រាយ ដើម្បីសម្រួលដល់អតិថិជនលើសេវាដឹកជញ្ជូនមួយនេះ។
លោកបញ្ជាក់យ៉ាងថា៖ «ពេលចង់ជិះឡានម្តងៗ ត្រូវជិះទៅបេន (ចំណត) ទិញសំបុត្រ ជួនកាលទៅ ពេលយើងជិះឡានឈ្នួល យើងត្រូវតេទៅគាត់ថា ដល់ណាហើយ។ អ៊ីចឹង យើងត្រូវចាំគាត់ ហើយជួនកាលគាត់ចង់បានម៉ូយ គាត់ថា សល់ម៉ូយមួយទៀត ចេញដំណើរហើយ ប៉ុន្តែ ពេលយើងទៅដល់មានតែយើងម្នាក់ហ្នឹង អ្នកផ្សេងទៀតអត់មានផង អ៊ីចឹងចាំពីរបីម៉ោងខាតពេលអត់ប្រយោជន៍។ ហើយក៏បែកគំនិត ថា ហេតុអ្វីឲ្យអតិថិជនត្រូវមកចាំតាក់ស៊ី?»។
នៅលើឡានពីបាត់ដំបងមកភ្នំពេញ ប្រហែល ៤ ទៅ៥ ម៉ោង លោកបានជជែកជាមួយតៃកុងឡានអំពីគំនិតរបស់ខ្លួន ដែលចង់ធ្វើវេបសាយមួយ ឲ្យអតិថិជនទិញសំបុត្រដោយមិនបាច់ជួបមុខគ្នា និងមានពេលវេលាចេញដំណើរច្បាស់លាស់ជាដើម។
ក្រោយជជែកគ្នាជាមួយតៃកុងឡាន និស្សិតជំនាញព័ត៌មានវិទ្យា (IT) រូបនេះ ត្រូវបានទទួលការស្វាគមន៍ពីតៃកុងឡាន ដែលជាវេលាធ្វើឲ្យ ឡង់ដា មានអារម្មណ៍ត្រេកអរ និងមានចំណង់កាន់តែខ្លាំង ក្នុងការបង្កើតអាជីវកម្មកក់សំបុត្រឡានលើអនឡាញនេះ។
បោះបង់ប្រាក់ខែជិត១ពាន់ដុល្លារ ស្រវាអាជីវកម្មកក់សំបុត្រឡានក្រុង
លោក ជា ឡង់ដា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យាក្នុងឆ្នាំ២០១១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL) ក្នុងឆ្នាំ២០១៣។ អំឡុងពេលកំពុងសិក្សា លោកបានចងក្រងក្រុម ធ្វើវេបសាយលក់ទៅឲ្យស្ថាប័នផ្សេងៗ។ បន្ទាប់មក លោកបានប្រឡូកការងារជាមួយក្រុមហ៊ុនម៉ាឡេស៊ី និងក្រុមហ៊ុនជប៉ុន ដែលជាឱកាសដកស្រង់បទពិសោធន៍ថ្មីៗ តាមរយៈការផ្លាស់ប្តូរការងារទៅក្រៅប្រទេស។
លោក ជា ឡង់ដា ទទួលបានប្រាក់ខែជិត១ពាន់ដុល្លារ ប៉ុន្តែ លោកមិនស្តាយនឹងបោះបង់ការងារនេះឡើយ។ ក្នុងឆ្នាំ២០១៥ លោកក៏បើកក្រុមហ៊ុន BOOKMEBUS.COM ដើម្បីបម្រើសេវាកម្មកក់សំបុត្រឡានក្រុង និងទូក ដែលមានអ្នកចូលហ៊ុនដំបូងចំនួន៤នាក់ ដោយប្រើប្រាស់ដើមទុនដំបូងចំនួន២ម៉ឺនដុល្លារ។
លោកនិយាយថា៖ «ពីមុន គេកក់សំបុត្រដោយកត់តាមសៀវភៅលើក្រដាស អ៊ីចឹងបើមានភ្ញៀវបរទេសចង់ទិញសំបុត្រមុនមួយអាទិត្យ ឬមួយខែ ធម្មតា បរទេសគេតែងមាន Plan ធ្វើដំណើរមុន អ៊ីចឹងគាត់មិនដឹងកត់ទុកនៅឯណា ហើយក៏ដេញភ្ញៀវទៅវិញ រង់ចាំជិតដល់ថ្ងៃចេញដំណើរបានឲ្យភ្ញៀវមកម្តងទៀត។ ដោយឡែក បើយើងប្រើបច្ចេកវិទ្យា មានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ ទោះទិញមុន១ឆ្នាំ ក៏អាចលក់សំបុត្រយកលុយពីភ្ញៀវបានដែរ»។
លោកបន្តថា ការទិញសំបុត្រតាមអនឡាញ អតិថិជនមិនចាំបាច់មកទិញសំបុត្រដល់ក្រុមហ៊ុនទេ គឺគ្រាន់តែមានទូរស័ព្ទទំនើប និងកុំព្យូទ័រដែលអាចដំណើរការអ៊ីនធឺណែតបាន។ ពួកគេអាចពិនិត្យមើលជើងចេញដំណើរ ពេលវេលា និងបង់លុយលើវេបសាយ តាមរយៈ Wing, Smart Luy, Visa Card ឬប្រព័ន្ធដទៃទៀត ដែលអាចវេរលុយតាមអ៊ីនធឺណែតបាន។
ដ្បិតនៅវ័យក្មេងមែន តែលោក ជា ឡង់ដា ក្លាយជាសហគ្រិនជោគជ័យម្នាក់ ដែលមានបុគ្គលិក១៧នាក់ ក្នុងនោះមានបរទេស២នាក់ផងដែរ។ សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោក បានសហការជាមួយក្រុមហ៊ុន ឡានក្រុង៤០ក្រុមហ៊ុន និងក្រុមហ៊ុនដឹកជញ្ជូនតាមទូក ហើយគ្រោងបង្កើតសេវាកក់សំបុត្រយន្តហោះបន្ថែមទៀតផងដែរ។ លោកថា ប្រាក់ចំណេញរបស់ក្រុមហ៊ុន គឺបានមកពីប្រាក់កម្រៃជើងសារ (លុយកុំមីស្យុង)។
ក្រៅពីពង្រីកអាជីវកម្មក្នុងស្រុក លោក ជា ឡង់ដា ក៏គ្រោងពង្រីកអាជីវកម្មមួយនេះ នៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវនៅពេលខាងមុខទៀតផង។
ទន្ទឹមនឹងភាពជោគជ័យ លោក ជា ឡង់ដា បានចែករំលែកបទពិសោធន៍និងចំណេះដឹងមួយចំនួនដល់អ្នកអានសារព័ត៌មាន ខេមបូណូមីស ផងដែរ។ លោកអះអាងថា ការផ្តោតលើអាជីវកម្មរបស់ខ្លួន ជាចំណុចសំខាន់ ដែលជំរុញអាជីវកម្មឲ្យរីកធំធាត់លឿន និងជោគជ័យខ្លាំង។
លោកអត្ថាធិប្បាយថា៖ «នៅពេលចាប់ផ្តើមអាជីវកម្មដំបូង កាលនោះ ខ្ញុំបាន lost focus (បាត់បង់ការផ្ដោត) លើអាជីវកម្ម ដោយចង់ទទួលគម្រោងពីក្រុមហ៊ុនមួយមានទឹកប្រាក់១ម៉ឺនដុល្លារ។ វាច្រើនដែរ ព្រោះយើងកំពុងខ្វះខាតលុយផង ប៉ុន្តែ ក្រោយពេលពិភាក្សាជាមួយក្រុម យើងក៏សម្រេចថា មិនយកវិញ ព្រោះ បើយើងរវល់តែបង្កើតគម្រោងឲ្យគេ នឹងគ្មានពេលអភិវឌ្ឍន៍ និងផ្តោតលើអាជីវកម្មយើងនោះទេ។ នេះជាបទពិសោធន៍មួយសម្រាប់ខ្ញុំ»។
លោកបន្ថែមថា សហគ្រិនជោគជ័យ គឺមិនត្រូវមានត្រចៀកស និងកុំក្បាលរឹង មានន័យថា មិនត្រូវជឿលើគេផ្តេសផ្តាស ប៉ុន្តែក៏មិនត្រូវរឹងទទឹងដែរ ពោល គឺត្រូវចេះស្តាប់អ្នកដទៃ និងបើកចិត្តឲ្យទូលាយ៕