បើតាម EDC បញ្ហាដាច់ភ្លើងនេះ នឹងបន្ដរហូតដល់៧២ថ្ងៃ ពោលគឺរហូតដល់ចុងខែឧសភាខាងមុខ ទើបអាចមានភ្លើងប្រើដូចប្រក្រតីវិញ។ក្នុងកាលៈទេសៈលំបាកនេះ ក៏បានធ្វើឲ្យការរស់នៅរបស់ពលរដ្ឋរួមទាំងម្ចាស់អាជីកម្មជាច្រើនកំពុងតែប្រឈមនឹងការលំបាកណាស់ដែរ។ ទោះយ៉ាងណា បញ្ហានេះ នឹងមិនអាចដោះស្រាយបានភ្លាមៗនោះទេ ខណៈដែលការផលិតថាមពលអគ្គិសនីក្នុងស្រុករបស់កម្ពុជានៅមានកម្រិត។ EDC បញ្ជាក់ថា កម្ពុជានៅខ្វះថាមពលអគ្គិសនីប្រើប្រាស់រហូតដល់១៣% នៃការប្រើប្រាស់សរុប។
ដ្បិតែយ៉ាងនេះ ក្ដី លោកអ្នក ក៏អាចត្រៀមខ្លួនដើម្បីកាត់បន្ថយការលំបាកនាអំឡុងពេលដាច់ភ្លើង ដាច់ទឹកនេះ។ ខាងក្រោមនេះ ជាការណែនាំមួយចំនួន របស់ខេមបូណូមីស ដែលលោកអ្នកអាចយកទៅពិចារណាដើម្បីអនុវត្តតាម នៅពេលលោកអ្នកជួបបញ្ហាដាច់ទឹក ដាច់ភ្លើងញឹកញាប់។
១,ត្រូវត្រៀមសម្ភារដើម្បីស្ដុកទឹកប្រើប្រាស់៖ ប្រសិនបើទឹកផ្ទះរបស់លោកអ្នកចេញយឺត លោកអ្នកគួរតែទិញធុងទឹក ឬរបស់ដែលអាចស្ដុកទឹកបាន ដើម្បីទុកប្រើប្រាស់ ជាជាងរង់ចាំទឹកចេញលឿនដូចចិត្ត ព្រោះក្នុងពេលវេលានេះ វានឹងធ្វើឲ្យអ្នកកាន់តែកើតស្រេ្ដសលើសដើម។ មានអ្នកខ្លះ គាត់ក៏មានទិញម៉ូទ័រដើម្បី ទុកបូមទឹកទុកប្រើផងដែរ ប្រសិនបើចាំបាច់មានតម្រូវការទឹកប្រើច្រើន។
២, ត្រៀមម៉ាស៊ីនអគ្គិសនីខ្នាតតូចឲ្យមានថាមពលជានិច្ច៖ វាជារបស់ចាំបាច់បំផុតសម្រាប់អ្នកក្នុងការប្រើប្រាស់បណ្ដោះអាសន្នពេលណាភ្លើងដាច់។ ទូរស័ព្ទ និងPowerBank ទូរស័ព្ទ មានទាំងប៉ុន្មាន លោកអ្នកគួរតែប្រមែរប្រមូលមកសាកថ្មឲ្យបានពេញៗ។ បើផ្ទះរបស់លោកអ្នកដាច់ភ្លើង អ្នកគួរតែយកវាទៅសាកថ្មនៅទីណា ដែលមានភ្លើងដូចជាហាងកាហ្វេ ឬកន្លែងធ្វើការជាដើម។
៣, ត្រៀមអំពូលភ្លើង និងកង្ហារសាកថ្មបាន៖ វាពិតជាមិនស្រួលទេ ពេលណាយប់ឡើងដាច់ភ្លើងរាប់ម៉ោង ហើយផ្ទះងងឹត និងក្ដៅស្អុះចង់ស្ទះដង្ហើមនោះ។ លោកអ្នកគួរតែទៅរកទិញ កូនកង្ហារដែលអាចសាកថ្មបាន និងអំពូលសាកថ្ម ទុកប្រើប្រាស់ពេលចាំបាច់ ព្រោះពេលខ្លះភ្លើងអាចដាច់យប់ ឬដាច់ព្រឹក។
៤, តាមដានព័ត៌មាននៃការផ្ដាច់ភ្លើង៖ ជាទូទៅ អគ្គិសនីកម្ពុជា EDC តែងតែធ្វើការប្រកាសជាមុន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនទាក់ទងនឹងការផ្ដាច់ភ្លើងនៅតាមតំបន់មួយចំនួន។ ដូច្នេះ លោកអ្នកអាចធ្វើការតាមដានព័ត៌មានទាំងនេះ ដើម្បីដឹងថា តើវាចំតំបន់ដែលអ្នករស់នៅ ឬក៏អត់។ អ្នកអាចត្រៀមខ្លួនជាមុន នៅពេលអ្នកបានទទួលដំណឹងនេះ។
៥, មុនចេញពីផ្ទះត្រូវពិនិត្យឲ្យបានសព្វគ្រប់៖ ពេលខ្លះ កំពុងប្រើប្រាស់អគ្គិសនីសុខៗ ស្រាប់តែដាច់ឈឹង មិនដឹងមុន។ ដូច្នេះ មុនចេញពីផ្ទះទៅធ្វើការ ទៅដើរលេង ឬរកកន្លែងមានអគ្គិសនីប្រើប្រាស់ផ្សេងទៀត លោកអ្នកគួរតែពិនិត្យពិច័យ បានឲ្យបានត្រឹមត្រូវ ដូចជា រ៉ូមីនេទឹក កុងតាក់ភ្លើង ម៉ាស៊ីបោកខោអាវ កង្វារ ម៉ាស៊ីនត្រជាក់ ឆ្នាំងអុត ឆ្នាំដាំបាយ ឬចង្ក្រានអគ្គិសនី...។ល។
ខាងលើនេះ គ្រាន់តែជាគំនិតណែនាំមួយចំនួនប៉ុណ្ណោះ បើលោកអ្នកគំនិតផ្សេងទៀត សូមចែករំលែកជាមួយើង តាមរយៈប្រអប់ Comment ខាងក្រោម៕