
ខាងក្រោមនេះ គឺជាអាទិភាពដែលមហាសេដ្ឋីចិនយល់ឃើញថា ពិភពលោកគួរតែផ្ដោតយកចិត្តទុកដាក់ក្នុងរយៈពេល ៣ទសវត្សរ៍ទៅមុខ៖
១) លោក ជែក ម៉ា ថ្លែងយ៉ាងដូច្នេះ៖ «៣០ឆ្នាំខាងមុខ គឺជាពេលវេលាដ៏សំខាន់ណាស់ចំពោះពិភពលោក។ រាល់បដិវត្តន៍បច្ចេកវិទ្យាចំណាយពេលប្រហែល ៥០ឆ្នាំ»។ លោកបន្តថា រយៈពេល២០ឆ្នាំដំបូង យើងបានឃើញរួចហើយនូវការលេចធ្លោឡើងនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា eBay, Facebook, Alibaba និង Google ដែលនេះជាបច្ច័យល្អ ប៉ុន្តែ លោកថា ពីឥឡូវទៅ ពិភពលោកត្រូវផ្ដោតសំខាន់ទៅលើថា តើអ្វីនឹងកើតឡើងបន្ទាប់ទៀត។
លោក ម៉ា ថា ៖ «៣០ឆ្នាំទៅមុខ យើងត្រូវគិតអំពីផលប៉ះពាល់ដែលបង្កឡើងដោយបច្ចេកវិទ្យានេះ»។
២) លោក ជែក ម៉ា មានប្រសាសន៍ថា បន្ទាប់មកទៀត គេត្រូវផ្ដោតការយកចិត្តទុកដាក់ចំពោះប្រជាជនដែលមានវ័យ ៣០ឆ្នាំ «ពីព្រោះពួកគេជាមនុស្សជំនាន់អ៊ិនថឹណិត។ ពួកគេអាចធ្វើឲ្យពិភពលោកផ្លាស់ប្ដូរ។ ពួកគេគឺជាអ្នកស្ថាបនាពិភពលោក»។
៣) លោក ម៉ា ថ្លែងថា៖ «គេគួរផ្ដោតការយកចិត្តទុកដាក់ចំពោះក្រុមហ៊ុនតូចៗ ដែលមានបុគ្គលិកតិចជាង ៣០នាក់»។ លោកថា គេអាចធ្វើឲ្យពិភពលោកកាន់តែប្រសើរជាងបច្ចុប្បន្នថែមទៀត ប្រសិនបើគេនាំគ្នាផ្ដោតការយកចិត្តទុកដាក់ចំពោះចំណុចទាំង ៣យ៉ាងខាងលើ៕