ហេតុផលដែលអ្នកគួរតែចេះខ្ចីប្រាក់ពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ យកមកវិនិយោគ (រកស៊ី) ចាប់តាំងពីមានការងារធ្វើដំបូង៖
១) ធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានវិន័យហិរញ្ញវត្ថុ
ពេលមានបំណុលជាប់ខ្លួន អ្នកនឹងយល់ថា អ្នកមានកាតព្វកិច្ចនិងទំនួលខុសត្រូវខ្ពស់ក្នុងការសងប្រាក់ទៅម្ចាស់បំណុលវិញ។ ដូច្នេះ អ្នកនឹងមានវិន័យខ្លាំងក្នុងការចាត់ចែងលុយកាក់។
២) ធ្វើឲ្យអ្នកក្លាយជាមនុស្សកាន់តែមានវិន័យ និងភាពអំណត់ក្នុងការបំពេញការងារ
ពេលខ្ចីប្រាក់មកវិនិយោគ អ្នកតែងខ្វល់ខ្វាយពីសុវត្ថិភាពការងារ (Job Security) ក៏ដូចជាសួរខ្លួនឯងថា តើធ្វើយ៉ាងណាទើបមានការងារល្អជាងនេះ? មានប្រាក់ខែច្រើនជាងនេះ ដើម្បីអាចខ្ចីប្រាក់បានច្រើនជាងសព្វថ្ងៃដើម្បីយកទៅវិនិយោគ? ធ្វើយ៉ាងណា អាចទទួលបានចំណេះដឹង-ជំនាញបន្ថែមពីការងារសព្វថ្ងៃ ដើម្បីយកទៅពង្រឹងសមត្ថភាពក្នុងការវិនិយោគ? សំណួរទាំងនេះជំរុញឲ្យអ្នកបំពេញការងារដោយមិនខ្លាចនឿយហត់ ព្រោះជាជីវិតការងារដែលមានបុព្វហេតុ។
៣) ធ្វើឲ្យអ្នកក្លាយជាមនុស្សដែលចេះបង្កើតក្តីស្រមៃសម្រាប់ជីវិត
ជារឿយៗ ជីវិតធ្វើការងារជាបុគ្គលិកយកប្រាក់ខែមិនបានបង្ហាញផ្លូវ ថាតើអ្នកចង់ធ្វើអ្វីឲ្យពិតប្រាកដនោះទេ។ អ្នកពិបាកនឹងរកឃើញគោលដៅក្នុងជីវិតណាស់។ តែបើចេះវិនិយោគ អ្នកប្រហែលជាអាចដកបទពិសោធន៍ជីវិតបានច្រើន អ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ រហូតអាចឈានដល់ការបង្កើតក្តីស្រមៃសម្រាប់ជីវិតទៀតផង។ ព្រោះជីវិតអ្នកវិនិយោគត្រូវរៀនសូត្រជានិច្ច ជាពិសេស រៀនសូត្រពីបុគ្គលជោគជ័យនានា។
៤) ធ្វើឲ្យអ្នកចេះវិភាគពីផលចំណេញ-ខាត ហានិភ័យ និងរិះគិតពីដំណោះស្រាយ
ពេលអ្នកខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ អ្នកអាចសួរខ្លួនឯងថា តើខ្ចីមកអាចចំណេញទេចំពោះការប្រាក់ប៉ុណ្ណឹង? ចុះបើខ្ចីប្រាក់ធនាគារមិនបាន តើត្រូវមានដំណោះស្រាយយ៉ាងណាដើម្បីបានប្រាក់មកវិនិយោគ? តើជម្រើសនីមួយៗមានហានិភ័យអ្វីខ្លះ ប្រសិនបើការវិនិយោគមិនអាចទទួលបានផលចំណេញដូចការរំពឹងទុក? ជួនកាល អ្នកអាចសុំយោបល់ពីអ្នកដទៃ។ អ្នកនឹងទទួលបានបទពិសោធន៍និងចំណេះដឹងជាច្រើនពីសំណួរទាំងនេះ។
៥) ធ្វើឲ្យអ្នកចេះជ្រើសរើសការសេពគប់ប្រភេទមិត្តភ័ក្ដ្រ និងសង្គមល្អ
អ្នកបានខ្ចីប្រាក់ពីធនាគារយកមកវិនិយោគ ដូច្នេះ អ្នកនឹងមិនមានចំណាប់អារម្មណ៍សេពគប់មនុស្សដែលធ្វើការដើម្បីតែរស់ និងជីវិតហ៊ឺហារនោះទេ។ គេមានបុព្វហេតុផ្សេង អ្នកមានបុព្វហេតុផ្សេង។ ពេលអ្នកនិយាយពីការវិនិយោគ គេក៏មិនចូលចិត្តស្តាប់ដែរ។ ដូចគ្នា ពេលគេនិយាយពីការទិញទូរស័ព្ទបង់រំលស់ អ្នកក៏មិនចូលចិត្តដែរ។ អ្នកក៏មិននិយមរាប់រកសង្គមមនុស្សដែលចូលចិត្តផឹកស៊ីអត់ប្រយោជន៍ដែរ។ អ្នកនឹងនិយមរាប់អានតែមនុស្សដែលមានកំណើតតែប៉ុណ្ណោះ។
៦) ធ្វើឲ្យអ្នកចំណេញពេលវេលា និងមានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង
ខ្ចីប្រាក់មកវិនិយោគបណ្តើរ ធ្វើការបណ្តើរ ក្រៅពីផលចំណេញផ្នែកហិរញ្ញវត្ថុ អ្នកនឹងអាចសន្សំបានបទពិសោធន៍និងចំណេះដឹងជាច្រើន។ ប្រការនេះធ្វើឲ្យសមត្ថភាពរបស់អ្នកកាន់តែខ្លាំង។ អ្នកនឹងទទួលបានសេរីភាពហិរញ្ញវត្ថុក្នុងវ័យក្មេង។
មានមនុស្សជាច្រើនចំណាយពេលក្នុងជីវិតការងារប្រហែលចន្លោះពី៣-៥ឆ្នាំដំបូងសប្បាយហ៊ឺហារនឹងជីវិតនៅលីវ មានប្រាក់ខែចាយ មិនជាប់កម្ចី មិនមានកាតព្វកិច្ច និងវិន័យហិរញ្ញវត្ថុ។ ខ្ញុំមានមិត្តភ័ក្ដ្រប្រភេទនេះច្រើន មកដល់ថ្ងៃនេះ ពួកគេនៅខ្វល់ខ្វាយពីសេរីភាពហិរញ្ញវត្ថុនៅឡើយ។ ពួកគេត្រូវធ្វើការយ៉ាងតិចចន្លោះពី១០-២០ឆ្នាំទៀត។ នេះជាប្រការគួរឲ្យអាណិតព្រោះឮតែត្អូញត្អែរថាធុញថប់នឹងការងារសព្វថ្ងៃណាស់ តែបើឈប់អត់អីចិញ្ចឹមកូនប្រពន្ធ។ល៕