ដើម្បីអភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមដាក់ចេញនូវកម្មវិធីពិសេសមួយ គឺទស្សនាសៀមរាប ឆ្នាំ២០២៤។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញយន្តការលើកលែងពន្ធមួយចំនួនដល់អាជីវកម្មក្នុងវិស័យទេសចរណ៍ក្នុងខេត្តនេះផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវកម្មវិធីទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីស្តារ និងជំរុញឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តនេះមានសន្ទុះកើនឡើងវិញ ដូចកាលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ បើតាមសម្តេចធិបតី តាមរយៈកម្មវិធីនេះ ក្រុមប្រឹក្សាទេសចរណ៍មួយនឹងត្រូវបានបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានាជាមួយវិស័យឯកជន ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ជំរុញឱ្យក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធរៀបចំតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឲ្យមានរបៀបរៀបរយ មុនឈានដល់ការទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្សាន្ត ជាពិសេសត្រូវគិតគូរដោះស្រាយពីខ្សែច្រវាក់ទេសចរណ៍ ដូចជាការផ្សព្វផ្សាយ ការតភ្ជាប់ជើងហោះហើរ រវាងតំបន់ទេសចរណ៍សំខាន់ៗ ការកែសម្រួល និងការផ្តល់សេវាក្នុងពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញរបស់ភ្ញៀវទេសចរជាដើម។
តាមការគូសបញ្ជាក់របស់សម្ដេច ហ៊ុន ម៉ាណែត ក្រុមប្រឹក្សាទេសចរណ៍មានភារកិច្ចអនុវត្តយន្តការ និងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយរាល់បញ្ហារបស់វិស័យឯកជន ដែលជួបប្រទះនៅក្នុងអាជីវកម្មប្រចាំថ្ងៃ ដូចជាការគ្រប់គ្រង និងការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជំនាញទេសចរណ៍ បញ្ហាអនាម័យ និងការគ្រប់គ្រងសំរាម ការពង្រឹងសន្តិសុខ និងសុវត្ថិភាពនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងការបំពាក់កាមេរ៉ាសុវត្ថិភាព តាមគោលដៅទេសចរណ៍សំខាន់ៗ ការកំណត់ថ្លៃសម្រាប់ភ្ញៀវបរទេសជាដើម។
ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យមានការរៀបចំឥណទានឡើងវិញពីសំណាក់គ្រឹះស្ថានធនាគារ និងហរិញ្ញវត្ថុជូនដល់អ្នករកស៊ីក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ និងការផ្តល់ឥណទានដោយផ្ទាល់ពីធនាគារសហគ្រាសធុនតូច និងមធ្យមជាមួយនឹងដើមទុនបឋម៥០លានដុល្លារដល់ប្រតិបត្តិករទេសចរនៅខេត្តនេះ ជាមួយអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះ។
សូមបញ្ជាក់ថា ក្រៅពីយន្តការខាងលើ រាជរដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរតាមរយៈការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅចំពោះអ្នកដែលចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពនៅខេត្តសៀមរាបពីខែតុលា ឆ្នាំ២០២៣ រហូតដល់ចុងឆមាសទី១ ឆ្នាំ២០២៤ផងដែរ៕