ធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា នេះគឺជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួន២ ពីមុនដែលត្រូវបានអនុវត្តកាលពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាព តាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រីបិននីតា អៃណាបេ (Benita Ainabe) អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩។ លោកស្រីបានបន្ថែមទៀតថា តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាល បានអនុម័តច្បាប់សំខាន់ៗ ដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើមគំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ សម្រាប់សហគ្រាសធុនតូច និងមធ្យមដំបូងគេនៅកម្ពុជាផងដែរ។
ជំងឺរាតត្បាត ការផ្តល់ប្រាក់កម្ចីអចលនទ្រព្យ និងកំណើនឥណទានលឿន បានបង្កើនហានិភ័យ ដល់ស្ថិរភាពហិរញ្ញវត្ថុរបស់កម្ពុជា។ ទន្ទឹមនឹង ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស មិនទាន់បានអភិវឌ្ឍពេញលេញ ដែលជាកត្តាប្រឈមដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការអភិវឌ្ឍទីផ្សារ។ កម្មវិធីរងថ្មីនេះ គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម ឲ្យងើបឡើងពីជំងឺរាតត្បាត តាមរយៈការពង្រីកលទ្ធភាពទទួលបានឥណទាន។ វាក៏ជួយដល់កំណែទម្រង់ហិរញ្ញវត្ថុ ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ រួមទាំងការត្រួតពិនិត្យស្ថាប័នអន្តរវិស័យ ឱ្យកាន់តែប្រសើរឡើង ពង្រឹងការគ្រប់គ្រងហានិភ័យឥណទាន និង គាំទ្រប្រព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត។
សូមបញ្ជាក់ថា ធនាគារADB កាលពីខែកញ្ញាកន្លងទៅ ក៏បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះមកនៅត្រឹម១,៩% ប៉ុណ្ណោះខណៈដែលការព្យាករពីមុនមានដល់ ៤%។ ទោះយ៉ាងណា តាមការព្យាករពីធនាគារ ADB ដដែលនេះ សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជានឹងមានការងើបឡើងវិញនៅកម្រិត ៥,៥%៕