ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាបានចាត់ទុកការសម្រេចបានការលក់បណ្ណបំណុលជិត២០លានដុល្លារនៅចុងក្រោយនេះថា ជាលទ្ធផលដ៏ល្អប្រសើរមួយលើសការរំពឹងទុក ហើយរំពឹងថា រដ្ឋនឹងអាចឈានទៅសម្រេចបានតាមផែនការក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋចំនួន២០០លានដុល្លារនៅឆ្នាំនេះ។
បើតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ មានស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៣បានចូលរួមដេញថ្លៃ ប៉ុន្ដែ មានតែពីរគ្រឹះស្ថានប៉ុណ្ណោះ ដែលទទួលបានជោគជ័យក្នុងការដេញថ្លៃលើកនេះ។ ជាលទ្ធផលនៃការដេញថ្លៃ គ្រឹះស្ថានទាំងពីរបានចូលរួមវិនិយោគក្នុងមូលបត្របំណុលរបស់រដ្ឋចំនួន ៧ម៉ឺន២ពាន់ឯកតា ដោយ១ឯកតាមានតម្លៃ១លានរៀល ដែលមានទំហំវិនិយោគសរុបប្រមាណ ១៨លានដុល្លារអាមេរិក ដោយពួកគេទទួលបានអត្រាគូប៉ុង៤.១% ជាមួយឥណប្រតិទាន២ឆ្នាំ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកផ្សារមូលបត្រកម្ពុជាយល់ឃើញថា ការសម្រេចបានលទ្ធផលប្រមាណ១៨លានដុល្លារពីការដេញថ្លៃមូលបត្ររដ្ឋលើកទី៧ ជាតួលេខជោគជ័យមួយ បើធៀបនឹងការដេញថ្លៃ៦លើកកន្លងមក។ តាមរយៈលទ្ធផលដ៏ល្អប្រសើរនេះធ្វើឲ្យឯកឧត្តមមានជំនឿចិត្តថា រដ្ឋនឹងអាចសម្រេចបានតាមផែនការក្នុងការបោះផ្សាយលក់មូលបត្ររដ្ឋប្រមាណ២០០លានដុល្លារនៅឆ្នាំនេះ ក្នុងករណីម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាមានភាពល្អប្រសើរ។
ជុំវិញបញ្ហាបោះផ្សាយមូលបត្ររដ្ឋនេះដែរឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋមិនបានកំណត់ពីទំហំទឹកប្រាក់នោះទេ រាល់ការដាក់ឲ្យដេញថ្លៃមួយលើកៗ ដើម្បីជំរុញឲ្យមានការចូលរួមបានច្រើន តែការដេញថ្លៃមិនឲ្យលើសពីច្បាប់កំណត់២០០លានដុល្លារនៅឆ្នាំនេះនោះទេ។ សម្រាប់ឯកឧត្តម ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ គឺពឹងផ្អែកលើស្ថានភាពទីផ្សារ និងការផ្តល់អត្ថប្រយោជន៍ដល់គ្រឹះស្ថានចូលរួមដេញថ្លៃ។
យើងកត់សម្គាល់ឃើញថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋកាលពីឆ្នាំ២០២២ ពុំសូវទទួលបានការគាំទ្រច្រើនពីស្ថាប័ន និងគ្រឹះស្ថានហិរញ្ញវត្ថុនោះទេ ពោលគឺក្នុងចំណោមការបោះផ្សាយលក់មូលបត្រទំហំ ៣០០លានដុល្លារ សម្រេចបានតែជិត២០លានដុល្លារប៉ុណ្ណោះ។ ទោះបីមិនសូវទទួលបានលទ្ធផលល្អពីការបោះផ្សាយនៅឆ្នាំដំបូងក្តី តែរដ្ឋបានសម្រេចបន្តបោះផ្សាយលក់មូលបត្រចំនួន២០០លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣នេះ៕