នៅក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោហ៊ុន សែន និងលោក អ៊ីស្មែល សាប្រ៊ី យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កាលពីនៅថ្ងៃទី ២៤ កុម្ភៈ ប្រមុខដឹកនាំប្រទេសទាំងពីរ បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ នៃចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យរវាងកម្ពុជា និងម៉ាឡេស៊ី នៅរយៈពេលជាង៦ទសវត្សរន៍កចុងក្រោយនេះ។
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅប្រទេសម៉ាឡេស៊ីផងដែរ។
នៅក្នុងជំនួបនោះដែរ ប្រមុខដឹកនាំម៉ាឡេស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហការជាមួយកម្ពុជាលើផ្នែកធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្ដិសុខតាមប្រព័ន្ធអ៊ិនធើណែតផងដែរ។
របាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី នៅឆ្នាំ២០២១ សម្រេចបានជាង៥០០លានដុល្លារ កើនឡើង១៣% ធៀបនឹងឆ្នាំ២០២០។ ម៉ាឡេស៊ី គឺជាប្រទេសនាំមុខគេមួយនៅអាស៊ាន ដែលបាននាំចូលអង្ករពីកម្ពុជា ដោយនៅឆ្នាំ២០២១ បាននាំចូលអង្ករពីកម្ពុជាសរុបជាង៤ម៉ឺន៦ពាន់តោន។ កម្ពុជា ក៏រំពឹងថាម៉ាឡេស៊ី នឹងបង្កើនការនាំចូលអង្ករ និងផលផលិតផលកសិកម្មពីកម្ពុជាបន្ថែមទៀតផងដែរ។
ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់អំពីការគាំទ្រពេញលេញដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ: អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តធ្វើការងារយ៉ាងជិតស្និតក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចិីរភាពនិងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕